៩-កញ្ញា-២០១២៖ ជនជាតិវៀតណាម ធ្វើដំណើរតាមទូកនៅ
តំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ចំនួនជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនមិនដល់ ៤,៥លាននាក់ដូចមន្ត្រីគណបក្សប្រឆាំងដែលធ្លាប់បាននិយាយនោះទេ។
បញ្ហាជនអន្តោប្រវេសន៍វៀណាម គឺជាប្រធានបទក្ដៅមួយដែលអ្នកនយោបាយខ្មែរតែងលើកឡើងរាល់ពេលបោះឆ្នោតម្ដងៗ។ ចំណែកបក្សប្រឆាំងតែងតែប្រកាសគោលនយោបាយថា ខ្លួននឹងអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងនៅពេលឈ្នះឆ្នោត។
ចំនួនស្ថិតិជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅតែជាប្រធានបទដ៏ក្តៅមួយដែលអ្នកនយោបាយបក្សប្រឆាំងយកមកប្រើដើម្បីរិះគន់គណបក្សប្រជាជនកម្ពុជា និងបង្ហាញពីទឹកចិត្តជាតិនិយម។ ដើម្បីវាយបកបក្សប្រឆាំងវិញ លោកនាយករដ្ឋមន្ត្រីនាថ្ងៃទី១៩ ខែមិថុនា ក្នុងពិធីសម្ពោធសមិទ្ធផលមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បញ្ជាក់ថា ចំនួនជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកនយោបាយគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនបានរិះគន់ថា ប្រទេសកម្ពុជា សំបូរទៅដោយជនជាតិវៀតណាម រហូតដល់និយាយថា កម្ពុជាមានជនជាតិវៀតណាម ៤,៥លាននាក់កំពុងតែរស់នៅនិងប្រកបរបររកស៊ី។ លោកចាត់ទុកថា អ្នកដែលនិយាយថា វៀតណាមមានចំនួនជាង ៤លាននាក់នៅក្នុងប្រទេសកម្ពុជា ជាអ្នកដែលប្រកាន់ពូជសាសន៍ ហើយលោកក៏បានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ចម្លងខ្សែអាត់សំឡេងយកទៅចែកជូនគ្រប់ស្ថានទូតបរទេសទាំងអស់ទៀតផង។
លោក ហ៊ុន សែន៖ «លោកឯងស្វែងរកណាស់ចំណុចខ្សោយរបស់គណបក្សកាន់អំណាច ដែលមានរឿងមិនពិតប្រឌិតទៅជារឿងពិត ដូចជាអាណិកជនវៀតណាម មានមិនដល់ ១០ម៉ឺននាក់ផង គេថា វៀតណាមមានរហូតដល់ជាង ៤លានកន្លះ។ បើអ៊ីចឹងមានប្រហែលជានៅអង្គស្នួលហ្នឹងមានមិនតិចទេ បើដូច្នោះលោកយាយជាវៀតណាម។ គេថា គ្រប់ភូមិទាំងអស់មាន ឃុំទាំងអស់មាន អ៊ីចឹងកូនៗសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ សុទ្ធតែយួនទាំងអស់។ ខូចម្ល៉េះ! ៤លានកន្លះច្រើនណាស់ ស្មើនឹងប្រជាជនក្រោយរំដោះឆ្នាំ១៩៧៩»។
ឆ្លើយតបនឹងការលើកឡើងបែបនេះ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនទាន់ដឹងថា មានមន្ត្រីណាម្នាក់ក្នុងគណបក្សសង្គ្រោះជាតិ ដែលនិយាយថា វៀតណាមនៅស្រុកខ្មែរមានចំនួនជាង ៤លាន់នាក់នោះទេ ប៉ុន្តែលោក ហ៊ុន សែន តែងលាបពណ៌គណបក្សសង្គ្រោះជាតិជាហូរហែ ដូចជាការដែលថា គណបក្សសង្គ្រោះជាតិ ចង់ដឹកនាំប្រទេសតាមរបៀប ប៉ុល ពត ជាដើម។
លោកបន្តថា លំហូរនៃជនអន្តោប្រវេសន៍វៀតណាម បានបង្កបញ្ហាជាច្រើន ដូចជាអំពើអសន្តិសុខសង្គម បញ្ហារំលោភបំពានព្រំដែន និងការដណ្ដើមមុខរបររកស៊ីរបស់ខ្មែរជាដើម។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកិច្ចសន្យាពិសេសជាមួយភាគីវៀតណាម តាំងពីឆ្នាំ១៩៧៩ ក្នុងកិច្ចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅប្រទេសកម្ពុជា។
លោក សុន ឆ័យ៖ «ដើម្បីធានានូវអធិបតេយ្យភាពរបស់ខ្មែរ គណបក្សសង្គ្រោះជាតិ ដាក់នូវគោលនយោបាយរបស់ខ្លួនថា ត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានត្រឹមត្រូវទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ មិនថា ជនជាតិវៀតណាម ជនជាតិចិន ជនជាតិណានោះទេ។ ដូច្នេះចង់បញ្ជាក់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញថា ឲ្យលោកអាននូវគោលនយោបាយគណបក្សសង្គ្រោះជាតិ ទើបជាផ្លូវការ ដែលអាចឲ្យនាយករដ្ឋមន្ត្រីជ្រាបឲ្យបានច្បាស់លាស់អំពីអ្វីដែលគណបក្សសង្គ្រោះជាតិហ្នឹង និងអនុវត្តនៅពេលកាន់កាប់រាជរដ្ឋាភិបាល ហើយយើងនឹងធ្វើការដោយគោរពគ្នាទៅវិញទៅមក ដើម្បីធានានូវសុខសន្តិភាព និងការរួមរស់នៅប្រកបដោយសន្តិភាពជាមួយប្រទេសវៀតណាម ផងដែរ»។
លោកបន្តថា គណបក្សប្រឆាំងមិនមានគោលនយោបាយប្រឆាំងនឹងវៀតណាម ឬប្រកាន់ពូជសាសន៍ឡើយ។
ទោះយ៉ាងណាក្តី សង្គមស៊ីវិលឲ្យដឹងថា កាលពីឆ្នាំ២០០៨ របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ជនជាតិវៀតណាម មានចំនួន ៩ម៉ឺននាក់។ របាយការណ៍ឆ្នាំ២០០៩ ចំនួនជនជាតិវៀតណាម រស់លើទឹកដីខ្មែរមានចំនួនជាង ១០ម៉ឺននាក់ និងរបាយការណ៍ឆ្នាំ២០១០ បញ្ជាក់ថា ជនជាតិវៀតណាម មានចំនួនជាង ៨ម៉ឺននាក់។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងមិនទាន់ជឿស្ថិតិនោះនៅឡើយ។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា គេមិនអាចជឿបានថា ជនជាតិវៀតណាម រស់នៅទឹកដីកម្ពុជា មានចំនួន ១០ម៉ឺននាក់ ឬក៏មានចំនួន ៤,៥លាននាក់នោះទេ ហើយក៏មិនអាចមាននរណាម្នាក់ប៉ាន់ស្មានព្រាវៗថា មានជនជាតិវៀតណាម ចំនួនប៉ុន្មានដែលកំពុងរស់នៅ និងរកស៊ីក្នុងដីខ្មែរឡើយ។
លោកបន្តថា តួលេខដែលអាចឲ្យគេជឿបាន ពោលគឺរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែរៀបចំឲ្យមានការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយជាមុនសិន ទើបដោះស្រាយបញ្ហានេះបាន។ លោកបញ្ជាក់ថា ជនជាតិវៀតណាម ច្រើនរស់នៅតំបន់សេដ្ឋកិច្ច ហើយពួកគេមានចំណេះដឹងបច្ចេកទេសច្រើនជាងជនជាតិខ្មែរ និងនាំឲ្យជនជាតិខ្មែរធ្វើចំណាកស្រុកបន្តទៅក្រៅប្រទេសទៀតផង។
អ្នកជំនាញបញ្ហាសង្គមបញ្ជាក់ថា លំហូរជនជាតិវៀតណាម ចូលក្នុងប្រទេសកម្ពុជា នាំមកនូវបញ្ហាមួយចំនួន ដូចជាកង្វះការងារក្នុងប្រទេស បញ្ហាអសន្តិសុខសង្គមប៉ះពាល់ដល់វប្បធម៌ និងជាពិសេសប៉ះពាល់ដល់បញ្ហានយោបាយទៀតផង។ អ្នកជំនាញរំលឹកថា ឧបមាថាជនជាតិវៀតណាម បានកាន់តំណែងធំក្នុងស្រុកខ្មែរ ឬអាចបោះឆ្នោតបាន នោះពួកគេនឹងមានលទ្ធភាពសម្រេចជោគវាសនាប្រទេសខ្មែរជំនួសជនជាតិខ្មែរលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាបញ្ហាការទូត និងបញ្ហាព្រំដែន។
ជនជាតិវៀតណាម ចាប់ផ្ដើមមករស់នៅលើទឹកដីខ្មែរតាំងពីសម័យបុរាណ។ ស្ត្រីវៀតណាមខ្លះថែមទាំងបានចងសម្ពន្ធមេត្រីជាមួយមេដឹកនាំធំៗនៃប្រទេសកម្ពុជា ដែលបានធ្វើអោយមានការបាត់បង់ទឹកដីខ្មែរផង។
ព្រឹត្តិការណ៍លេចធ្លោជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរទាក់ទងនឹងរឿងឲ្យដីទៅសាច់ញាតិជាជនជាតិវៀតណាមនេះ កើតឡើងនៅដើមសតវត្សទី១៧ ក្នុងរាជរបស់ព្រះបាទ ព្រះជ័យជេស្ដាទី២។ ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះបិតាក្មេក «ខ្ចីដី» ខេត្តកំពង់ក្របី ព្រៃនគរ ដើម្បីបង្ហាត់សេនាទាហានវៀតណាម។ ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះ មានរយៈពេល ៥ឆ្នាំ គ្រប់ ៥ឆ្នាំថានឹងសងថ្វាយវិញ។ ចាប់តាំងពីពេលនោះមក ជនជាតិវៀតណាម បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ រហូតដល់សម័យសាធារណរដ្ឋខ្មែរ លោក លន់ នល់ បានបោសសំអាតជនជាតិវៀតណាម ម្ដងដែរ។
លុះដល់របប ប៉ុល ពត ដែលចាត់ទុកវៀតណាម ជាសត្រូវរបស់ខ្មែរ បានដាក់ចេញយុទ្ធសាស្ត្រកម្ទេចជនជាតិវៀតណាម ស្ទើរអស់គ្មានសល់។ លុះដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលវៀតណាម គាំទ្រកងទ័ពគណបក្សចូលរំដោះទឹកដីខ្មែរពីកណ្ដាប់ដៃ ប៉ុល ពត វៀតណាមក៏បានដាក់ប្រជាជនមករស់នៅក្នុងទឹកដីខ្មែរជាថ្មីម្ដងទៀត។ មិនតែប៉ុណ្ណោះ វៀតណាមក៏បានដាក់ពង្រាយជំនាញការឲ្យធ្វើការទូទាំងប្រទេសទៀតផង៕
No comments:
Post a Comment
yes