បណ្ឌិត វណ្ណ មូលីវណ្ណ ទទួលបានសញ្ញាបត្រនៅបារាំង
និន្នាការឲ្យតម្លៃមនុស្សមានលក្ខណៈឈូឆរខុសៗគ្នា នៅក្នុងសង្គមខ្មែរទៅតាមសម័យកាល។ កាលពីដើមមុនសម័យខ្មែរក្រហមគឺគ្រូបង្រៀនត្រូវគេលើកតម្កើង និងមានឥទ្ធិពល តែបន្ទាប់ពីរបបខ្មែរក្រហម ត្រូវបានបណ្តេញចេញពីអំណាចនៅដើមទសវត្សរ៍ឆ្នាំ៨០ គឺសង្គមសម័យកាលនោះ គេឲ្យតម្លៃទៅលើទាហានបន្ទាប់មកទៀតគេក៏ចាប់ផ្តើមឲ្យតម្លៃលើគ្រូពេទ្យគឺគ្រាន់តែ ប្រឡងជាប់សាលាពេទ្យភ្លាម គឺមានគេលើកកូនឲ្យភ្លែតបើទោះបីជាការប្រឡងជាប់នោះប្រកបទៅដោយការសូកប៉ាន់ក្តី ហើយឲ្យតែគ្រូពេទ្យវេជ្ជបណ្ឌិតចង់និយាយថា ម៉េចក៏ត្រូវដែរ។
មកដល់ដើមទសវត្សរ៍ឆ្នាំ៩០ គឺអ្នករៀនច្បាប់និងអ្នកចេះភាសាអង់គ្លេសចាប់ផ្តើមមានតម្លៃខ្លួនម្តង គឺថាឲ្យតែចេះច្បាប់និងភាសាអង់គ្លេសដើរពើងទ្រូងហើយមានតម្លៃដូចមាស១តោននៅក្នុងខ្លួនអ៊ីចឹង។ តែនៅដើមឆ្នាំ២០០០គឺគេកំពុងពេញនិយមនឹងពាក្យថា៖«ឯកឧត្តម» ដោយសារសង្គមចេះតែឲ្យតម្លៃខ្លួន ឯកឧត្តម គឺសុទ្ធអ្នកធំ និងមានតួនាទីថា្នក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល សមាជិកសភា និងព្រឹទ្ធសភាហើយ។ អ្នកមួយចំនួនដែលមានកូនក្រមុំ គ្រាន់តែឮឈ្មោះឯកឧត្តមក៏ឲ្យកូនភ្លាម។ តែមកដល់បច្ចុប្បន្នពាក្យថាឯកឧត្តម ត្រូវបានសាបរលាបទៅវិញដោយឋានៈឯកឧត្តម ច្រើនហួសហេតុពេកមិនសមហេតុសមផលខ្លះរកតែការិយាល័យអង្គុយមិនចង់បានផងក៏ឯកឧត្តមដែរ។ឧទាហរណ៍៖ គ្រាន់តែជាទីប្រឹក្សារបស់រដ្ឋលេខាធិការសោះ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ក៏បានឈ្មោះថាជាឯកឧត្តមដែរ។ តែធាតុពិតឯកឧត្តម ដែលមានតំណែងមានតួនាទីពិតប្រាកដនៅតែត្រូវបានគេគោរព និងឲ្យតម្លៃជារៀងរហូតនៅក្នុងសង្គម។
ឥឡូវនេះឈានចូលដល់ពាក្យថា៖«បណ្ឌិត»វិញម្តងគឺក្រឡេកទៅណាក៏ឃើញក៏ឮពាក្យនេះដែរតំាងពីនៅតាមកន្លែងធ្វើការរហូតដល់កន្លែងចែកអំណោយនិងពីអត្ថបទសារព័ត៌មានរហូតដល់ការផ្សាយពាណិជ្ជកម្មជូនពរ ពីបណ្ឌិតមួយទៅបណ្ឌិតមួយព្រោងព្រាត ដែលកំពុងពេញនិយម។គឺថា ឲ្យតែបានបណ្ឌិតភ្លាម អាងដូរនាមប័ណ្ណចែកគេឯង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនហើយ។ ខ្លះទៀតគ្រាន់តែនៅរៀនក៏ប្រឹងដាក់បន្ថែមលើការងាររបស់ខ្លួន ដែរជាបេក្ខជនបណ្ឌិត ខ្លាចគេមិនដឹង។តើនេះមកពីបណ្ឌិតពិបាករៀនយកសញ្ញាបត្រណាស់ទៅ ឬក៏មកពីសង្គមកំពុងឲ្យតម្លៃបានជាម្នាក់ៗខិតខំហ៊ឺហានឹងពាក្យបណ្ឌិតនេះខ្លាំងម៉្លេះ?
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថាបណ្ឌិតមានន័យថា៖«ជនអ្នកមានប្រាជ្ញា ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ចអ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌។ ពាក្យនេះជាការសន្មតប្រើតាមសម័យនិយមហៅអ្នកមានវិជ្ជាខ្ពស់ដែល មានសញ្ញាបត្រកម្រិតដុកទ័ររ៉ាត៍(Doctorate) »។ ក្នុងន័យនេះហើយបានជាម្នាក់ៗខំប្រឹងបង្ហាញខ្លួនធ្វើយ៉ាងណាឲ្យខ្លួនបានបណ្ឌិតជាជាងខំរៀនមែនទែនយកកម្រិតនេះ។ ជាក់ស្តែងនៅស្រុកខ្មែរបច្ចុប្បន្ននេះមានការបែងចែកពាក្យបណ្ឌិតមួយចំនួនខុសៗគ្នា រួមមាន បណ្ឌិតអាកាឌឺមី (PhD) បណ្ឌិតកិត្តិយស និងបណ្ឌិតរៀនលេងៗតែចង់បានសញ្ញាបត្រមែនទែន៖
១) បណ្ឌិតអាកាឌឺមី(PhD) គឺជាអ្នកដែលប្រឹងប្រែងរៀនបន្ទាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ ទៅ៥ឆ្នាំអាស្រ័យទៅតាមសាកលវិទ្យាល័យខ្លះអាចរៀនលើសពីនេះទៅទៀតហើយស្រាវជ្រាវទៅតាមស្តង់ដារនូវរបកគំហើញអ្វីដែលថ្មីពិតប្រាកដដែលអាចយកទៅបោះពុម្ពជាសៀវភៅសម្រាប់ការប្រើប្រាស់យកជាការបាន។ ក្នុងនោះក៏មានអ្នកយកសញ្ញាបត្រនេះមិនបានដែរ មិនមែនឲ្យតែរៀនសុទ្ធតែបានសញ្ញាបត្រនោះទេ។
២) បណ្ឌិតកិត្តិយស គឺជាគោរមងារ ដែលផ្តល់ដោយព្រះមហាក្សត្រ តាមរយៈស្នាដៃការងារកសាងជាតិរបស់ឥស្សរជន។ ឧទាហរណ៍៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកជំទាវ សមនឹងទទួលបាននូវគោរមងារនេះ តាមរយៈស្នាដៃរបស់គាត់ដែលបានចូលរួមអភិវឌ្ឍជាតិហើយសកម្មភាពគាត់ក៏ដូចជាស្ត្រីទី១ដទៃទៀតនៅលើសកលលោកផងដែរ។ ប៉ុន្តែ បណ្ឌិតប្រភេទនេះមិនអាចហៅគាត់បានថា ជាបណ្ឌិតអាកាឌឺមី(PhD)បានទេ។ តែមានបណ្ឌិតកិត្តិយសមួយទៀតនោះ គឺមានឥស្សរជនមួយចំនួនបានទទួលសញ្ញាបត្រកិតិ្តយសពីសាកលវិទ្យាល័យនានា ទោះជានៅក្នុងស្រុក ឬក៏ក្រៅស្រុកក្តី។ តែមិនអាចយកឈ្មោះគាត់ដាក់ថា បណ្ឌិតនេះ បណ្ឌិតនោះដើម្បីបោកប្រាស់ឬក៏បំភាន់ភ្នែកគេបានទេ ឬក៏ដើម្បីដំឡើងកាំប្រាក់បៀវត្សរ៍បានដែរព្រោះវាមិនមែនជាបណ្ឌិតអាកាឌឺមី(PhD)ទេ។ សព្វថ្ងៃនេះមានការច្របូកច្របល់រឿងប្រើពាក្យថាបណ្ឌិតកិត្តិយសនេះនិងបណ្ឌិតអាកាឌឺមី(PhD) នៅតាមសារព័ត៌មាន ឬក៏លិខិតជូនពរជាដើមហើយបណ្ឌិតៗទាំងនេះ គេឃើញតែចុះចែកអំណោយទេ។
៣) បណ្ឌិតរៀនលេងៗតែចង់បានសញ្ញាបត្របណ្ឌិតមែនទែន៖ ដែលភាសាសាមញ្ញហៅថារៀនគ្រាន់តែយកសញ្ញាបត្រ ឬក៏បណ្ឌិតគ្មានគុណភាព។ ជាមួយគ្នានេះដែរមានឥស្សរជនមួយចំនួននិងអ្នកដែលមានតួនាទីគួរសមចាប់ផ្តើមចង់បានសញ្ញាបត្រនឹងគេដែរក៏ចាប់ផ្តើមបង់លុយរៀនលេងៗ មួយខែឬមួយខួបទៅរៀនម្តងព្រោះគ្មានពេលទៅរៀនទេតែមានពេលទៅចុះមូលដ្ឋាននិងចែកសារុង ប៊ីចេង និងលុយជូនពលរដ្ឋនៅតាមជនបទ។ ពេលសរសេរនិក្ខេបបទជួលគេឲ្យសរសេរក៏មានបន្ទាប់ពីបានសញ្ញាបត្រព្យួរ ទុកគ្រាន់បន្លាចក្មេងៗ។ ម្យ៉ាងទៀតស្រុកខ្មែរស្រួលទេ គឺឲ្យតែបង់លុយឲ្យសាលាទៅគឺបានជាប់សញ្ញាបត្រនេះហើយ តែគ្មានគុណភាពគេមិនគិតទេ។
មាននិក្ខេបបទក្នុងស្រុកមួយចំនួនគឺចម្លងទាំងដុលយកមកដាក់ឲ្យតែបានវែងច្រើនទំព័រ ហើយក៏គ្មានឃើញផ្សព្វផ្សាយជារបកគំហើញអ្វីដែលថ្មីដែរពោលគឺឲ្យតែបានសញ្ញាបត្រទៅរួចខ្លួនហើយ។ ដូច្នេះអ្នកសារព័ត៌មានក្នុងស្រុកកុំច្រឡំបណ្ឌិតចែកអំណោយនិងបណ្ឌិតស្រាវជ្រាវមែនទែន។
បើតាមស្ថិតិរបស់ក្រសួងអប់រំ យុវជន ឆ្នាំ ២០១១-២០១២ មានគ្រូបង្រៀននៅតាមសាកលវិទ្យាល័យ៧០០ នាក់ទទួលបានសញ្ញាបត្របណ្ឌិត។ តែនៅមានបណ្ឌិតដែលមិនធ្វើជាគ្រូបង្រៀនទៀតឡើងជាង១០០០នាក់ទៅហើយ។ បើបណ្ឌិតទាំងនេះមានឆន្ទៈស្រាវជ្រាវអ្វីថ្មីៗមួយប្រធានបទក្នុងម្នាក់កម្ពុជានឹងទទួលបាននូវរបកគំហើញជាច្រើនសម្រាប់រាជរដ្ឋាភិបាល ឬក៏វិស័យឯកជនធ្វើការសម្រេចចិត្តដើម្បីអភិវឌ្ឍជាតិដែរ។ ផ្ទុយទៅវិញឲ្យតែបានសញ្ញាបត្របណ្ឌិតនោះគឺចប់ហើយគ្មានការសិក្សាស្រាវជ្រាវអ្វីដែលថ្មីបន្តទៀតទេ។ ទុកពេលចូលខារ៉ាអូខេវិញសប្បាយជាង៕
No comments:
Post a Comment
yes