កាលពីសប្ដាហ៍មុន នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់គូប្រជែងដ៏សំខាន់របស់លោកនៅក្នុងបោះឆ្នោតជាតិខាងមុខនេះថា បានឲ្យលុយទៅក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ដើម្បីរួមភេទនោះ វាគឺជាការចោទប្រកាន់មួយដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏ជាការសារភាពចំពោះការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរផងដែរ។
អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា នៅពេលមានការចោទប្រកាន់បែបនេះលើលោក កឹម សុខា ការអះអាងរបស់លោក ហ៊ុន សែន ដែលថា លោកបានជួយមេដឹកនាំគណបក្សប្រឆាំងរូបនេះឲ្យរួចផុតពីសំណាញ់ច្បាប់នោះ គឺជាការសារភាពចោទប្រកាន់ខ្លួនឯងចំពោះការជួយការពារបទល្មើស និងការជំរុញឲ្យមាននិទណ្ឌភាពកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។
លោក មៃឃើល កាណាវា៉ស (Michael Karnavas) មេធាវីការពារក្ដីនៅសាលាក្ដីកូនកាត់សម្រាប់កាត់ទោសខ្មែរក្រហម មានប្រសាសន៍ថា “ វាគឺជាបទល្មើសក្នុងការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់តុលាការ”។
លោក កាណាវ៉ាស លើកឡើងថា “នៅក្នុងរឿងនេះ មានបញ្ហាជាច្រើនដែលអាចនាំឲ្យមានការចោទប្រកាន់ជាច្រើនផងដែរ”។
លោក ហ៊ុន សែន បានចោទប្រកាន់លោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍កាលពីសប្ដាហ៍មុន ដោយអះអាងថា នៅថ្ងៃមួយ កាលពីឆ្នាំ២០១១ នគរបាលបានផ្ដល់ព័ត៌មានបន្ទាន់មួយមកឲ្យលោកថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានចំណាយលុយ៥០០ដុល្លារ ដើម្បីទិញព្រហ្មចារីក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ហើយបាននាំនាងទៅសណ្ឋាគារមួយដើម្បីរួមភេទ។
លោកនាយករដ្ឋមន្ត្រីបន្ទាប់មកបានអះអាងថា លោកបានស្នើឲ្យមន្ត្រីនគរបាលរូបនោះឈប់ស៊ើបអង្កេតពីករណីនេះ ដោយសារខ្លាចក្រែងមានការចោទប្រកាន់ថា លោកជ្រៀតជ្រែកចូលកិច្ចការផ្ទាល់ខ្លួនរបស់លោក កឹម សុខា ហើយថា លោកក៏បានផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យលោក កឹម សុខា ផងដែរ ដើម្បីឲ្យលោកអាចគេចខ្លួនបាន។
លោក ហ៊ុន សែន លើកឡើងនៅក្នុងសុន្ទរកថារបស់លោកដែលផ្សាយតាមទូរទស្សន៍ និងវិទ្យុជាតិ កាលពីសប្ដាហ៍មុនថា “ យើងគួរតែបានចាប់ខ្លួនគាត់នៅលើគ្រែ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ខ្ញុំមិនគ្រាន់តែមិនបានចេញបញ្ជាឲ្យចាប់ខ្លួនគាត់ទេ ខ្ញុំថែមទាំងបានបញ្ជូនភ្នាក់ងារផ្សេងទៅកាន់សណ្ឋាគារមីកាសា ដោយគ្មានផ្ដល់ដំណឹងឲ្យអាជ្ញាធរបានដឹងផងដែរ។ វាហាក់ដូចជាការផ្ដល់សញ្ញាឲ្យគាត់ដឹងថា អាជ្ញាធរបានដឹងពីរឿងនេះហើយ ហេតុដូច្នេះគាត់អាចគេចខ្លួនបាន”។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា “ ប៉ុន្តែខ្ញុំមិនច្បាស់អំពីវាសនានៃព្រហ្មចារីរបស់ចៅស្រីអាយុ១៥ឆ្នាំរូបនេះទេ ក្រោយមក។ ហេតុដូច្នេះហើយលោកឯងត្រូវតែចងចាំថា ខ្ញុំបានជួយលោកឯងដោយខ្ញុំបានបំពានច្បាប់ដោយខ្លួនឯង”។
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្ដល់ជំនួយផ្នែកច្បាប់នាំមុខគេ បានលើកឡើងថា ប្រសិនបើការអះអាងរបស់លោកនាយករដ្ឋមន្ត្រី គឺជាការពិតមែននោះ គឺមានន័យថា លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យខ្លួនឯងមានទោសតាមច្បាប់។ លោក សុក សំអឿន លើកឡើងថា ដោយបញ្ឈប់ការចាប់ខ្លួនលោក កឹម សុខា លោកនាយករដ្ឋមន្ត្រីបានបំពានច្បាប់ដោយខ្លួនឯង។
លោក សុក សំអឿន បានថ្លែងថា“ ប្រសិនបើនគរបាលមានភ័ស្តុតាងគ្រប់គ្រាន់ ហេតុអ្វីបានជាពួកគេបញ្ឈប់ការចាប់ខ្លួន? ប្រសិនបើពួកគេបញ្ឈប់ដោយសារតែលោក ហ៊ុន សែនអ៊ីចឹងពួកគេអាចចាប់ខ្លួនលោក [លោក ហ៊ុន សែន] ជំនួសវិញ”។ លោកបានបន្តថា “ បើយោងតាមច្បាប់ គឺត្រូវមានទោស”។
លោកបានបន្ថែមថា“ ប្រសិនបើគេស្ដាប់តាមបទបញ្ជារបស់លោក វាមានន័យថា ការអនុវត្តច្បាប់គឺខ្សោយណាស់នៅក្នុងប្រទេសកម្ពុជា ហើយវាគឺជារឿងនយោបាយ”។
ប៉ុន្តែ លោក សុក សំអឿន មានការសង្ស័យចំពោះការចោទប្រកាន់មកលើលោក កឹម សុខា ដោយលោកបានបញ្ជាក់ថា ការចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើងអំឡុងពេលធ្វើនយោបាយមុនពេលបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីមិនបានផ្ដល់ភ័ស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកកាលពីសប្ដាហ៍មុន ដើម្បីចោទមេដឹកនាំគណបក្សប្រឆាំងរូបនេះទេ ហើយលោក កឹម សុខា បានបដិសេធការចោទប្រកាន់ទាំងនេះ។
សកម្មជនការពារសិទ្ធិកុមារក៏មិនសូវជឿលើការដែល លោក ហ៊ុន សែន អះអាងថា បានការពារអ្នករំលោភសិទ្ធិកុមារនោះដែរ ប៉ុន្តែលោក ឈិន ចាន់វាសនា នាយកអង្គការបញ្ចប់ពេស្យាចារលើកុមារ រូបអាសអាភាស និងការជួញដូរកុមារ បានមានប្រសាសន៍ថា មនុស្សភាគច្រើនចាត់ទុកថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគឺជាឆាកល្ខោននយោបាយ។
លោក ចាន់ វាសនា បានលើកឡើងថា“ ខ្ញុំជឿជាក់ថា លោកកំពុងតែធ្វើនយោបាយ… ហើយខ្ញុំមិនជឿថា វាជាការពិតនោះទេ”។ លោកបានបន្ថែមថា “ ខ្ញុំជឿជាក់ថា វាជារឿងនយោបាយច្រើនជាងការពិត។ ខ្ញុំគិតថាប្រជាពលរដ្ឋយល់ពីរឿងនេះ។ វាកើតឡើងអំឡុងពេលបោះឆ្នោត”។
លោក ចាន់ វាសនា បានមានប្រសាសន៍ថា“ ប្រសិនបើការចោទប្រកាន់លើរូបលោក កឹម សុខា គឺជាការពិត មន្ត្រីអនុវត្តច្បាប់នឹងមិនអនុញ្ញាតឲ្យលោករួចខ្លួននោះទេ”។
លោកស្រី សារ៉ា បៀរ៉ាប់ (Sarah Bearup) នាយិកាប្រចាំប្រទេសរបស់អង្គការហាហ្គាដែលគាំទ្រជនរងគ្រោះទាំងស្ត្រី និងបុរសពីការជួញដូរ អំពើហិង្សាក្នុងគ្រួសារ និងការកេងប្រវ័ញ្ចផ្លូវភេទ បានលើកឡើងថា ការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទកុមារគួរតែទុកឲ្យតុលាការឯករាជ្យជាអ្នកដោះស្រាយ និងទុកនៅក្រៅឆាកនយោបាយ។
លោកស្រី បៀរ៉ាប់ បានមានប្រសាសន៍ថា “ ប្រសិនបើអនីតិជនត្រូវគេរំលោភបំពាន អ៊ីចឹងវាជារឿងសោកស្ដាយណាស់ដែលបញ្ហានេះត្រូវយកមកនិយាយនៅពេលធ្វើយុទ្ធនាការឃោសនា [បោះឆ្នោត]”។
លោកស្រីបានមានប្រសាសន៍ថា “ ការការពារគួរតែត្រូវដោះស្រាយដោយតុលាការឯករាជ្យដោយផ្អែកលើអង្គហេតុ និងការគោរពសិទ្ធិឯកជនរបស់អ្នកជាប់ពាក់ព័ន្ធ”។
លោក កាណាវ៉ាស បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យខ្លួនឯងជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួន ប្រសិនបើការអះអាងរបស់លោកគឺជាការពិតមែននោះ។
លោកបានបន្តថា “ តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ លោកនាយករដ្ឋមន្ត្រីគ្មានសិទ្ធិរារាំងការស៊ើបអង្កេតពីបទល្មើសព្រហ្មទណ្ឌដែលកំពុងតែបន្តឡើយ។
ការសារភាពរបស់លោក ហ៊ុន សែន ថា បានដឹង និងបានរារាំងការចាប់ខ្លួន ការស៊ើបអង្កេត និងការផ្ដន្ទាទោសដោយចេតនា គឺបង្កឲ្យមានក្ដីព្រួយបារម្ភ ហើយប្រសិនបើអ្វីដែលលោក ហ៊ុន សែន បានអះអាងគឺជាការពិតមែននោះ វាមិនមែនជារឿងត្រឹមត្រូវទេ”។
លោកបានលើកឡើងបន្ថែមថា ការអះអាងរបស់លោក ហ៊ុន សែន ដែលថា បានអនុញ្ញាតឲ្យនរណាម្នាក់គេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើសអាចធ្វើឲ្យលោកក្លាយជាអ្នកសមគំនិត។
លោកបានមានប្រសាសន៍ថា“ ការរារាំងមិនឲ្យមានការចាប់ខ្លួន ការស៊ើបអង្កេត និងការផ្ដន្ទាទោសចំពោះបទល្មើសធ្ងន់ធ្ងរ និងបានជួយលាក់បាំងការប្រព្រឹត្តបទល្មើស វាធ្វើឲ្យលោកនាយករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តបទល្មើសដែរ”។
លោកបានបន្តថា“ប្រសិនបើការអះអាងរបស់លោក ហ៊ុន សែន គឺជាការពិតមែននោះវាបង្ហាញយ៉ាងច្បាស់ថា ច្បាប់គ្មានឡើយនៅក្នុងប្រទេសកម្ពុជា”។
លោកបានបន្ថែមថា “ លោកនាយករដ្ឋមន្ត្រីកំពុងតែផ្ញើសារមួយទៅឲ្យប្រជាពលរដ្ឋខ្មែរថា លោកកំពុងតែនៅពីលើច្បាប់ ហើយវាក៏ជាគំរូមួយធ្វើឲ្យប្រជាពលរដ្ឋខ្មែរផ្សេងទៀតរំលោភបំពានច្បាប់ដូចលោកដែរ”។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងនគរបាលជាតិ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីពិតជាមានភ័ស្តុតាងសម្រាប់ភ្ជាប់លោក កឹម សុខា ទៅនឹងបទល្មើសនេះមែន ប៉ុន្តែលោកបានបដិសេធមិននិយាយពីភ័ស្ដុតាងនោះឡើយ។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានលើកឡើងមុនពេលបង្វែរសំណួរបន្ថែមទាំងអស់ទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “ អ្វីដែលខ្ញុំអាចនិយាយ គឺសម្តេចមានភ័ស្តុតាងពិតប្រាកដ…ពីព្រោះសម្តេច [នាយករដ្ឋមន្ត្រី] មិនដែលកុហកប្រជាពលរដ្ឋឡើយ”។
នៅពេលស្នើឲ្យលើកឡើងពីការមានទោសរបស់លោក ហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យលោក កឹម សុខា រួចពីការចាប់ខ្លួននោះ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕
No comments:
Post a Comment
yes