ក្រុមអ្នកគាំទ្រស្វាគមន៍លោកសម រង្ស៊ីតាមវីដេអូខន់ហ្វឺរេន នៅក្រុងតាខ្មៅ
កាលពីថ្ងៃសុក្រ
គណបក្សសង្គ្រោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃចន្ទ ដោយស្នើសុំរាជានុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សនេះ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រនៅថ្ងៃសុក្រភ្លាមៗបន្ទាប់ពីលោកបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់កាលពីម្សិលមិញថា គណបក្សបានផ្ញើលិខិតទៅព្រះបរមរាជវាំង ដើម្បីស្នើសុំរាជានុញ្ញាតឲ្យលោក សម រង្ស៊ី ចូលថ្វាយបង្គំព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ មុនិនាថ សីហនុ ដើម្បីសម្តែងការគោរព ចំពោះព្រះអង្គ និងសម្តេចម៉ែ ព្រមទាំងគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចឪ នៅព្រឹកថ្ងៃសុក្រ ប៉ុន្តែគណបក្សពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
លោកបន្ថែមថា ប្រសិនបើ ព្រះមហាក្សត្រ ព្រះរាជទានឲ្យលោក សម រង្ស៊ី ចូលក្រាបថ្វាយបង្គំគាល់ដូចកម្មវិធីដែលបានគ្រោងទុកនៅពេលលោក សម រង្ស៊ីចាកចេញពីអាកាសយានដ្ឋាន លោកនឹងទៅក្រាបថ្វាយបង្គំព្រះមហាក្សត្រភ្លាមៗ ហើយបន្ទាប់មក លោក សម រង្ស៊ីនិងអ្នកគាំទ្របន្តទៅសួនសេរីភាពនិងទៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក អ៊ុំ ដារ៉ាវុធ និងលោកស្រី នូរី មន្រ្តីខុទ្ទកាល័យព្រះបរមរាជវាំង បានថ្លែងថា ពួកគេមិនបានដឹងអំពីលិខិតនេះទេ។
កាលពីម្សិលមិញ លោក សម រង្ស៊ី បានអំពាវនាវតាម Facebook ទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឲ្យទៅទទួលលោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃសុក្រវេលាម៉ោង ៩ ព្រឹក។ លោកបានសរសេរតាម Facebook ថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅកម្ពុជាវិញ នៅពេលដែលប្រជាពលរដ្ឋយើងកំពុងប្រមូលផ្តុំគ្នាទាមទារឲ្យមានការផ្លាស់ប្តូរដោយវិធីសន្តិភាព»។
ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ ក៏បានជូនដំណឹងដល់អ្នកគាំទ្រ ឲ្យទៅជួបជុំគ្នានៅសួនសេរីភាពនៅព្រឹកថ្ងៃសុក្រមុនពេលចាកចេញទៅស្វាគមន៍លោក សម រង្ស៊ី នៅព្រលានយន្តហោះ។ បើតាមមន្ត្រីគណបក្ស នឹងមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ៤ ម៉ឺននាក់ នឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី៕
No comments:
Post a Comment
yes