លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលនគរបាលតាមរកចាប់ខ្លួន
ខណៈដែលជនល្មើសដូចជាលោកឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួន ចាប់តាំងពីតុលាការ បានចេញដីកាតាមចាប់អស់រយៈពេល២៣ថ្ងៃមកហើយនោះអង្គការសិទ្ធិមនុស្សជឿថា សមត្ថកិច្ចនឹងអាចចាប់ខ្លួនលោក បណ្ឌិតបានភ្លាមៗ ប្រសិនបើមានបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលមិនដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃដកកាំភ្លើងបាញ់រះទៅលើកម្មករឲ្យរងរបួសធ្ងន់៣ នាក់ នៅក្នុងការតវ៉ាមួយនៅក្រុងបាវិត កាលពីដើមឆ្នាំ ២០១២ ត្រូវបានតុលាការខេត្តស្វាយរៀងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១ ឆ្នាំ ៦ ខែ ពីបទបង្ករបួសស្នាមដោយអចេតនានិងបានចេញដីកាឲ្យតាមចាប់ខ្លួនយកមកទទួលទោស កាលពីថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្តែរហូតមកដល់ពេលនេះ នគរបាលពុំទាន់មានតម្រុយដែលអាចឈានដល់ការចាប់ខ្លួនលោកបណ្ឌិតនៅឡើយទេ។
លោក ហែម សាបាន ស្នងការរងនគរបាលខេត្តស្វាយរៀងបានថ្លែងថា លោកកំពុងអនុវត្តតាមសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចរបស់លោកពុំទាន់មានដំណឹងថា លោក បណ្ឌិត នៅទីណានោះទេ។
លោកនិយាយថា៖«យើងមិនបានបោះបង់ ឬក៏បំភ្លេចដីកាតាមចាប់ខ្លួននេះទេ ប៉ុន្តែវាគ្មានតម្រុយបន្តិចសោះ»។
មិនមែនមានតែករណីលោក បណ្ឌិត តែមួយនោះទេ ដែលមិនត្រូវបានចាប់ខ្លួន នៅមានករណីមន្ត្រីមានអំណាចមួយចំនួនទៀត ដែលត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ក៏មិនត្រូវបានចាប់ខ្លួនដែរ ហើយសព្វថ្ងៃពួកគេ កំពុងរស់នៅក្រៅសំណាញ់ច្បាប់មានដូចជា អ្នកស្រី ជា រដ្ឋា អតីតជានាយអាវុធហត្ថ និងនគរបាលជាតិ និងបក្ខពួក ៥ នាក់ទៀត ដែលត្រូវបានតុលាការផ្តន្ទាទោស កាលពីខែតុលាឆ្នាំ ២០១០ ឲ្យជាប់ពន្ធនាគារម្នាក់ៗពី១៥ ដល់១៨ ឆ្នាំ ទាក់ទិនរឿងជះទឹកអាស៊ីតទៅលើម្តាយមីងរបស់កញ្ញា អ៊ិន សុខលីដា លោក យាន ស៊ីណា អតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទពាក់ព័ន្ធទៅនឹងការវាយដំអ្នកកាសែត អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ត្រូវបានសាលាដំបូងរាជធានី ចេញដីកាចាប់ខ្លួន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៤ ឆ្នាំ ៦ ខែ ពីបទប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា បច្ចុប្បន្នមន្ត្រីយុត្តិធម៌និងមន្ត្រីតុលាការហាក់បីដូចជាធ្វើតាមតែការចង្អុលបង្ហាញរបស់អ្នកធំដូចជា ករណី សន្តិសុខរបស់ក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា មារឌី ដែលបានបាញ់លើក្រុមបាតុករតែពុំមានសមត្ថកិច្ចណាចាប់ខ្លួនសន្តិសុខនោះបានទេ។ ប៉ុន្តែ បន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមត្ថកិច្ច ក៏បានចាប់ខ្លួនសន្តិសុខនោះបានភ្លាម។
លោកនិយាយថា៖ «ស្ថាប័នតុលាការនៅក្នុងស្រុកយើងគឺមិនឯករាជ្យតុលាការមិនបានផ្តល់យុត្តិធម៌ដល់អ្នកក្រីក្រទេ ហើយនិទ្ទណ្ឌភាពកំពុងតែរីកធំឡើងៗនៅក្នុងស្រុកយើង»។
លោកបន្តថា តុលាការនៅក្នុងប្រទេសកម្ពុជាមានអំណាចមិនគ្រប់គ្រាន់បើទោះបីជាស្ថាប័ននេះគឺជាស្ថាប័នមួយឯករាជ្យក៏ដោយពីព្រោះតុលាការស្ថិតក្រោមគំនាបអ្នកមានអំណាចនិងអ្នកមានលុយ។
ចំណែកឯ លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការលីកាដូបានថ្លែងថា ដើម្បីឲ្យសាលក្រម សាលដីកា ឬក៏ដីកាចាប់ខ្លួនមានប្រសិទ្ធភាពគឺមន្ត្រីយុត្តិធម៌ ត្រូវតែធ្វើការ ដោយអនុវត្តទៅតាមច្បាប់គឺមិនត្រូវស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ឬអ្នកមានអំណាចនោះទេ។ លោកថ្លែងថា៖ «ប្រសិនបើសាលក្រមសាលដីកាឬក៏ដីកាបង្គាប់ឲ្យចាប់ខ្លួនមានហើយ តែមន្ត្រីនគរបាលយុត្តិធម៌មិនបានអនុវត្តនោះគឺមានន័យថា ការចេញសាលក្រមឬសាលដីកាទាំងនោះពុំមានន័យអ្វីឡើយ ដែលបង្ហាញយ៉ាងច្បាស់អំពីនិទ្ទណ្ឌភាពក្នុងប្រទេសយើង»។
រីឯលោក សុក សំអឿន ប្រធាន ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថា ជនដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសហើយចេញដីកាតាមចាប់ខ្លួន បើទោះបីជាមិនទាន់ចាប់ខ្លួនបានក៏ដោយក៏ពួកគេបានទទួលទណ្ឌកម្មមួយផ្នែកហើយគឺការរស់នៅដោយលួចលាក់។
លោកលើកឡើងថា៖ «តុលាការ បានអនុវត្តការងាររបស់ខ្លួនរួចហើយ តើមន្ត្រីយុត្តិធម៌ បានអនុវត្តការងាររបស់ពួកគេដែរឬអត់?»៕
No comments:
Post a Comment
yes