បន្ទាប់ពីបានជួបសំណេះសំណាលនឹងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរាជធានីភ្នំពេញ ជាម្ចាស់ឆ្នោតប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣រួចមក ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពបានលាអ្នកគាំទ្រមួយរយៈពេលធ្វើដំណើរទៅបរទេសភ្លាមៗ ហើយបានទៅដល់ប្រទេសបារាំងនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ និងគ្រោងបន្តដំណើរឆ្ពោះទៅសហរដ្ឋអាមេរិកបន្តទៀតនៅដើមខែសីហា នេះ។
ការធ្វើដំណើរចាកចេញពីមាតុភូមិរបស់ឯកឧត្តម សម រង្ស៊ី ទៅបរទេសគឺត្រូវបានឯកឧត្តម ប្រកាសប្រាប់បណ្តាអ្នកគាំទ្រថា ឯកឧត្តម ត្រូវទៅចូលរួមពិធីមង្គលការរបស់កូនស្រីឯកឧត្តមនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០១៣។ តាមប្រភពព័ត៌មានជិតស្និទ្ធនឹងក្រុមគ្រួសារឯកឧត្តម សម រង្ស៊ី បានឲ្យដឹងថា កូនស្រីពៅរបស់ឯកឧត្តម សម រង្ស៊ី ឈ្មោះ សម រ៉ាស្សែល «Sam Rachel» នឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយលោក William Rubenstein នៅសហរដ្ឋអាមេរិក តាមប្រពៃណីសាសនាគ្រឹស្ត។
ដំណឹងល្អដែលកើតមាននៅក្នុងក្រុមគ្រួសាររបស់ឯកឧត្តម សម រង្ស៊ី នេះគឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានរូបឯកឧត្តមជាប្រធានទទួលបានសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក ដែលអាចធ្វើឲ្យចំនួនអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិមានការកើនឡើងខ្លាំង ទោះបីគណបក្សនយោបាយប្រឆាំងដ៏ធំមួយនេះប្រកាសមិនទាន់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅឡើយក៏ដោយ។
ដូច្នេះ សរុបសេចក្តីមកឯកឧត្តម សម រង្ស៊ី ថ្នាក់ដឹកនាំគណបក្សនយោបាយប្រឆាំងដ៏ល្បីរូបនេះទទួលបានដំណឹងល្អជោគជ័យទ្វេដងនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៣នេះ ពីព្រោះទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផង និងបានរៀបអាពាហ៍ពិពាហ៍កូនស្រីពៅយ៉ាងសប្បាយរីករាយគួរឲ្យអបអរសាទរផង៕
No comments:
Post a Comment
yes