ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) បានចេញផ្សាយរបាយការណ៍មួយស្ដីពីការស៊ើបអង្កេតរកឃើញការបន្លំសន្លឹកឆ្នោត ដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
របាយការណ៍នេះ ស៊ើបអង្កេតឃើញថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើនកន្លែង ខណៈដែលច្បាប់បោះឆ្នោតចែងថា ពលរដ្ឋខ្មែរម្នាក់ៗត្រូវមានឈ្មោះតែមួយក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ច្បាប់បោះឆ្នោតមិនបានចែងដាក់ទោសព្រហ្មទណ្ឌដល់ជនដែលប្រព្រឹត្តផ្ទុយពីច្បាប់នោះទេ។ អ្នកច្បាប់បញ្ជាក់ថា ដើម្បីអនុវត្តច្បាប់បោះឆ្នោតឲ្យមានប្រសិទ្ធភាពនោះ លុះណាតែមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់ជនប្រព្រឹត្តិ ហើយត្រូវមានតុលាការបោះឆ្នោតមួយឯករាជ្យ។
ទោសបញ្ញត្តិនៃច្បាប់បោះឆ្នោត មិនបានចែងពីការដាក់ទោសព្រហ្មទណ្ឌដល់ជនណាដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ទេ។ ច្បាប់បោះឆ្នោតមានចែងត្រឹមតែទណ្ឌកម្មបណ្ដេញចេញពីការងារ ដកសិទ្ធិបោះឆ្នោត និងការពិន័យប្រាក់នៅពេលមន្ត្រីស្មៀនឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមន្ត្រីរៀបចំការបោះឆ្នោតប្រព្រឹត្តបទល្មើស។
របាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ រកឃើញការបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ។ អង្គការនេះរកឃើញថា មានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បម្រើការក្នុងជួររដ្ឋាភិបាល ជាប់ពាក់ព័ន្ធជ្រៅក្នុងការក្លែងបន្លំសន្លឹកឆ្នោតនៅតាមបណ្ដាខេត្តមួយចំនួន។
ការបន្លំសន្លឹកឆ្នោតនោះ ធ្វើឡើងតាមរូបភាពឲ្យ លោក ង៉ោ សុវណ្ណ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំង លោក ហេង សិក្សា ជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិកដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា នាំគ្នាទៅបោះឆ្នោតជាច្រើនកន្លែង។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន ពន្យល់ថា អ្នកបន្លំ និងអ្នកអនុញ្ញាតឲ្យមានការបោះឆ្នោត២ ឬ ៣ដងនោះ ត្រូវទទួលទោសដូចគ្នាតាមច្បាប់បោះឆ្នោត គឺការទទួលពិន័យ និងការដកសិទ្ធិបោះឆ្នោត។
លោក សុក សំអឿន កត់សម្គាល់ថា ការរកឃើញរបស់អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ថាគណបក្សប្រជាជនកម្ពុជា និងក្រសួងមហាផ្ទៃ សហការគ្នាយ៉ាងស្និតបន្លំសន្លឹកឆ្នោត ជាទោសធ្ងន់ធ្ងរប្រសិនបើការបន្លំនោះមានក្លែងលិខិតសាធារណៈ។ ករណីនេះអាចជាប់បទល្មើសព្រហ្មទណ្ឌ ឬមានទោសធ្ងន់រហូតជាប់ពន្ធនាគារ។ យ៉ាងណា ច្បាប់បោះឆ្នោតនៅកម្ពុជា មិនមានចែងទោសជាប់ពន្ធនាគារទេ។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ១២៥ថ្មី ចែងថា សមាជិកគណៈកម្មាធិការជាតិ សមាជិកគណៈកម្មការខេត្ត ក្រុង ឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោត ដែលបន្លំឯកសារ បន្លំសន្លឹកឆ្នោត ឬប្រើកលល្បិចដើម្បីបន្លំលទ្ធផលនៃការបោះឆ្នោត ត្រូវផ្ដន្ទាទោសពិន័យប្រាក់ ១០លានរៀល ទៅ ២៥លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ។
អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រកឃើញ និងមានភស្តុតាងបង្ហាញថា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតរហូតដល់ ៣កន្លែង។ ទី១ នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣ នៅខេត្តស្វាយរៀង ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ដែរ។
ចំណែក លោក ហេង សិក្សា ដែលអមដំណើរ លោក ង៉ោ សុវណ្ណ វិញ ក៏មានឈ្មោះបោះឆ្នោតមិនតិចដែរ។ លោកមានឈ្មោះនៅភ្នំពេញ មួយ និងនៅខេត្តកណ្ដាល មួយ។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
យ៉ាងណា គ.ជ.ប ហាក់មិនចាប់អារម្មណ៍ចំពោះភាពមិនប្រក្រតីដែលអង្គការ យូមែន រ៉ៃត៍ វច្ឆ៍ រកឃើញទេ។
លោក សុក សំអឿន យល់ថា ច្បាប់បោះឆ្នោតកន្លងមកមិនមានទណ្ឌកម្មដាក់ពន្ធនាគារ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលទោសទណ្ឌ និងអំណាចរបស់ គ.ជ.ប សាជាថ្មី ដើម្បីជជែកវែកញែកថា ទង្វើណាខ្លះដាក់បញ្ចូលក្នុងបទល្មើសព្រហ្មទណ្ឌ ហើយទង្វើណាខ្លះទៀតមានទោសពិន័យត្រឹមជាប្រាក់។ លោក សុក សំអឿន បានលើកជាឧទាហរណ៍ថា ប្រសិនបើមន្ត្រីបោះឆ្នោតពេលស្ងាត់ៗស្រាប់តែនាំគ្នាគូសសន្លឹកឆ្នោតលើគណបក្សខ្លួនគាំទ្រ ហើយលបដាក់ចូលក្នុងហិបឆ្នោត និងកែបញ្ជីបោះឆ្នោត ដើម្បីឲ្យគណបក្សខ្លួនពេញចិត្តកើនសន្លឹកឆ្នោត ដូច្នេះករណីនេះគួរណាតែមានទណ្ឌកម្មដាក់ពន្ធនាគារ។
លោកបញ្ជាក់យន្តការចាស់របស់ គ.ជ.ប ដែលដាក់ពិន័យបង់ប្រាក់ដោយគ្មានទោសជាប់ពន្ធនាគារ មិនបានធ្វើឲ្យអ្នកប្រព្រឹត្តិកំហុសខ្លបខ្លាច ឬរាងចាលទេ។ លោក សុក សំអឿន បានលើកឧទាហរណ៍គំរូមួយនៅប្រទេសហ្វីលីពីន គ.ជ.ប នៅហ្វីលីពីន មានសិទ្ធិដាក់ពន្ធនាគារចំពោះអ្នកប្រព្រឹត្តិកំហុសក្នុងការបោះឆ្នោត។
នៅប្រទេសហ្វីលីពីន គ.ជ.ប ប្រើអំណាចដូចតុលាការ អាចដាក់ទោសព្រហ្មទណ្ឌបាន។ ដោយរដ្ឋធម្មនុញ្ញនៅហ្វីលីពីន កំណត់ច្បាស់ថា សមាជិក គ.ជ.ប ភាគច្រើន ត្រូវជាអ្នកច្បាប់មានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំ ហើយប្រធានត្រូវមានយ៉ាងតិច ១០ឆ្នាំ។ ខុសប្លែកនៅកម្ពុជា សមាជិក គ.ជ.ប ភាគច្រើន មិនមែនជាអ្នកច្បាប់។ ដូច្នេះ អនុវត្តដូច គ.ជ.ប នៅហ្វីលីពីន ធ្វើទៅមិនរួច។ ក្នុងករណី គ.ជ.ប ចង់ប្រើអំណាចឲ្យដូចតុលាការ និងអាចដាក់ទោសពន្ធនាគារបាននោះ លុះត្រាតែ គ.ជ.ប នៅកម្ពុជា ត្រូវមានសមាសភាពប្រហាក់ប្រហែលនឹងសមាសភាព គ.ជ.ប នៅហ្វីលីពីន បើមិនដូច្នោះទេ ត្រូវបង្កើតតុលាការបោះឆ្នោតមួយដាច់ដោយឡែកពីតុលាការសព្វថ្ងៃ។
ក្រៅពីរបាយការណ៍ យូមែន រ៉ៃត៍ វច្ឆ៍ មានអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ គណបក្សប្រឆាំង និងពលរដ្ឋ បានរិះគន់ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ថាមានភាពមិនប្រក្រតីច្រើន ជាអាទិ៍ មានអ្នកបោះឆ្នោតជំនួស អ្នកខ្លះបាត់ឈ្មោះបោះឆ្នោត ខ្លះមានឈ្មោះដែរតែមិនអាចបោះឆ្នោតបាន ជាពិសេសមានការរិះគន់ខ្លាំងនោះ គឺលំហូរនៃជនជាតិវៀតណាម ច្រើនមកបោះឆ្នោត និងមានការអះអាងស្រដៀងគ្នាថា ជនជាតិវៀតណាម ទាំងនោះអាចបោះឆ្នោតបានដោយសារតែការរៀបចំសេណារីយ៉ូរបស់គណបក្សប្រជាជនកម្ពុជា ជាមួយ គ.ជ.ប។
ត្រង់ចំណុចនេះ លោក សុក សំអឿន ពន្យល់ថា ការបណ្ដោយឲ្យជនជាតិវៀតណាម មកបោះឆ្នោតនៅកម្ពុជា មើលមួយភ្លែតហាក់ដូចជាទង្វើក្បត់ជាតិ ព្រោះឲ្យបរទេសមកកំណត់ជោគវាសនាប្រទេសមួយ។ ប៉ុន្តែ តាមច្បាប់ ការក្បត់ជាតិ គឺចែងច្បាស់ថា ទាល់តែមានការឃុបឃិតជាមួយសត្រូវបំផ្លាញប្រទេស បំផ្លាញសន្តិសុខជាតិ ទើបហៅថាក្បត់ជាតិ។
យ៉ាងណា លោក ប្រែត អាដាម (Brad Adams) ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ទទួលបន្ទុកផ្នែកអាស៊ី មានប្រសាសន៍ក្នុងរបាយការណ៍ថា ដោយសារតែ គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា គួរទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយភាពឯករាជ្យអំពីបញ្ហានេះ រួមទាំងភាពមិនប្រក្រតីដទៃទៀត ទាក់ទងនឹងការបោះឆ្នោត។ បើមិនដូច្នោះទេ ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោតមិនអាចផ្ដល់ទំនុកចិត្តចំពោះភាពស្របច្បាប់នៃការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបានទេ៕
No comments:
Post a Comment
yes