
ការបើកកញ្ចប់ផ្ទុកឯកសារបោះឆ្នោត ពីឃុំស្វាយជ្រះខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធនេះនឹងត្រូវបើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង តាមការបង្គាប់បញ្ជារពីក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលបិទផ្លូវតវ៉ាទាក់ទងនឹង ការបោះឆ្នោត។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចេញសេចក្តីសម្រេចកាលពីថ្ងៃចន្ទ បានអនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួននៅមណ្ឌលបាត់ដំបង ក្រុងបាត់ដំបង នៅការិយាល័យ ១១៨៥ ០១៩៣ ០១៨៨ ០២១៦ ០២១៧ ០២០២ ០២០៤ ១១២២ ដើម្បីផ្ទៀងផ្ទាត់ក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
នេះគឺជាការបើកកញ្ចប់សុវត្ថិភាព «ក» ជាលើកទីពីរ បន្ទាប់ពីបានបើកនៅការិយាល័យបោះឆ្នោតចំនួន១៣ ក្នុងឃុំមួយ នៅខេត្តក្រចេះដែលជាឆ្លើយតបនឹងការដោះស្រាយ បណ្តឹងរបស់ គណបក្សសង្គ្រោះជាតិដែលប្តឹងពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
មួយថ្ងៃបន្ទាប់ពីបានពិនិត្យសន្លឹកឆ្នោត និងឯកសារដើមពីការិយាល័យបោះឆ្នោតចំនួន១៣ ក្នុងខេត្តក្រចេះនោះ លោក សម រង្ស៊ី បានពន្យល់ ក្នុងអំឡុងសន្និសីទព័ត៌មានថា ការពិនិត្យសន្លឹកឆ្នោត និងឯកសារដើមពីមណ្ឌលបោះឆ្នោតដទៃទៀត ក្នុងខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ នឹងជានីតិវិធីសំខាន់មួយ ដើម្បីបង្ហាញភ័ស្តុតាងចោទប្រកាន់នូវភាពមិនប្រក្រតីនៃការបោះឆ្នោត។
យ៉ាងណាក៏ដោយ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានព្រមានជាថ្មីម្តងទៀតថា បាតុកម្មទូទាំងប្រទេសនឹងកើតឡើង ប្រសិនបើប្រជាជនកម្ពុជាមិនទទួលបានយុត្តិធម៌ទេនោះ។
យោងតាមប្រក្រតិទិននៃការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេលតែ ២០ ថ្ងៃប៉ុណ្ណោះសម្រាប់ការដោះស្រាយ ភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
No comments:
Post a Comment
yes