ថ្វីដ្បិត លទ្ធផលឆ្នោតបណ្តោះអាសន្នដែលប្រកាសដោយ គ.ជ.ប តម្រូវឲ្យគ្រប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតអាចប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀតក៏ដោយ ក៏តាមបទពិសោធន៍នៃការបោះឆ្នោតរៀងរាល់អាណត្តិនាពេលកន្លងមកគឺនឹងគ្មានអ្វីប្រែប្រួលធំដុំប្លែកពីលទ្ធផលឆ្នោតបណ្តោះអាសន្នផ្លូវការនេះឡើយ។ មានន័យថា បើប្តឹងគឺគ្រាន់តែបំពេញនីតិវិធីបង្គ្រប់កិច្ចប៉ុណ្ណោះ។
លទ្ធផលឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានបង្ហាញឲ្យឃើញថា មានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើសលប់ជាងគេក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៨ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រទូទាំងប្រទេសចំនួន៣.២៣៥.៩៦៩សំឡេង រីឯគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២.៩៤៦.១៧៦សំឡេង «គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគណបក្សសង្គ្រោះជាតិចំនួន២៨៩.៧៩៣សំឡេង» ពោលគឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា ទទួលបានការឈ្នះឆ្នោត ប៉ុន្តែឈ្នះមិនដាច់ឆ្ងាយពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា។
ទន្ទឹមគ្នានឹងការប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្នផ្លូវការដោយ គ.ជ.ប នេះ គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ជំទាស់នឹងលទ្ធផលឆ្នោត ហើយថែមទាំងបានចោទប្រកាន់ថា ការប្រកាសរបស់ គ.ជ.ប នេះ គឺជាសកម្មភាពបិទបាំងនូវរាល់កំហុសឆ្គងដែល គ.ជ.ប បានប្រព្រឹត្តលើការបោះឆ្នោតកន្លងទៅ ហើយវាអាចនឹងនាំមកនូវការបះបោរ តវ៉ា ពីសំណាក់ប្រជាបលរដ្ឋខ្មែរដែលទាមទារឲ្យមានយុត្តិធម៌លើការបោះឆ្នោតនេះ។ មិនតែប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិក៏បានបង្ហើបក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា «ក្នុងករណីមានអស្ថិរភាពនយោបាយគឺ គ.ជ.ប ត្រូវទទួលខុសត្រូវទាំងស្រុង»។
បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលឆ្នោតបឋមនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក គណបក្សសង្គ្រោះជាតិធ្លាប់ប្រកាសគំរាមដឹកនាំប្រជាពលរដ្ឋជាម្ចាស់ឆ្នោតធ្វើមហាបាតុកម្មប្រឆាំនឹងលទ្ធផលឆ្នោតប្រសិនបើ គ.ជ.ប មិនបង្កើតឲ្យមានគណៈកម្មការចម្រុះពិសេសមួយស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតដោយមានសមាសភាពចូលរួមពីអង្គការជាតិ-អន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ទេនោះ និងក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសថា គណបក្សរបស់ខ្លួននឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ យ៉ាងតិចចំនួន៦៣អាសនៈ «មានន័យចង់សំដៅថា គណបក្សប្រឆាំងមួយនេះជាអ្នកឈ្នះឆ្នោត»។
ឥឡូវនេះ មជ្ឈដ្ឋានអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានចោទជាសំណួរថា តើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតដឹកនាំដោយគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា ដែលមានអ្នកគាំទ្រយ៉ាងសម្បើមដែរនោះ នឹងអាចកើតមានតាមការគំរាមជាមុនរបស់គណបក្សប្រឆាំងនេះដែរឬទេ ខណៈដែលគណបក្សកាន់អំណាចទទួលបានការឈ្នះឆ្នោត និងគណៈកម្មការចម្រុះពិសេសមិនទាន់បានបង្កើតឲ្យចេញជារូបរាងតាមសំណើរបស់គណបក្សប្រឆាំងនៅឡើយ? ម្យ៉ាងទៀត តើ គ.ជ.ប នឹងត្រូវទទួលខុសត្រូវបែបណា និងកម្រិតណា ប្រសិនបើគណបក្សសង្គ្រោះជាតិពិតជាដឹកនាំប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលគាំទ្រគណបក្សប្រឆាំងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតមែននោះ ខណៈដែលគណបក្សប្រឆាំងដាក់បន្ទុកជាមុនរួចហើយឲ្យ គ.ជ.ប ទទួលខុសត្រូវលើករណីមានអស្ថិរភាពនយោបាយកើតឡើង?
ទោះយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចបានប្រុងប្រៀបជើងការរួចហើយទាំងសម្ភារៈបរិក្ខារ ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ទល់នឹងបង្ក្រាបបាតុកម្មប្រសិនបើកើតមានជាយថាហេតុ។ ដូច្នេះ បើគណបក្សប្រឆាំងនៅតែជំនះក្នុងការដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតនោះគឺការប៉ះទង្គិចរវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចនឹងកើតឡើងភ្លាមៗពីព្រោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជានឹងប្តេជ្ញាការពារខ្សែក្រវាត់អំណាចតំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចដល់ទីបំផុត។ ពេលនោះខ្មែរទាំងសងខាងនឹងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
សរុបសេចក្តីមកមជ្ឈដ្ឋានទូទៅ បានធ្វើការទស្សន៍ទាយទុកជាមុនថា ទំនងជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងមូលធ្វើការពិចារណាល្អិតល្អន់មិនជ្រើសរើសយកជម្រើសការធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតនាំឲ្យវឹកវរដល់សង្គមជាតិនិងធ្លាក់ក្នុងស្ថានភាពអស្ថិរភាពនយោបាយនោះឡើយ៕
No comments:
Post a Comment
yes