លោក សម រង្ស៊ី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន
មេដឹកនាំគណបក្សប្រឆាំង ផ្តល់អនុសាសន៍ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចុះចេញពីអំណាច ដោយសារតែមណ្ឌលដែលលោកបានទៅបោះឆ្នោត ទទួលបានសំឡេងគាំទ្រ តិចជាងគណបក្សសង្គ្រោះជាតិ។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃចន្ទនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី មានប្រសាសន៍ថា ការលាលែងនេះជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ ព្រោះថាក្នុងនាមជាមេដឹកនាំមួយរូបឈ្មោះជាតំណាងរាស្ត្រក្នុងមណ្ឌលមួយ ហើយមណ្ឌលនោះចាញ់ឆ្នោតគឺ ជារឿងអាម៉ាស ៖ “ខ្លួនឯងផ្ទាល់ចេញមុខ បើថាស្រលាញ់គាត់ អាណិតគាត់ គោរពគាត់បោះឆ្នោតឲ្យគណបក្សប្រជាជន បើគាត់មិននិយាយអញ្ចឹង គណបក្សប្រជាជនមិនមែនធ្លាក់ដល់ប៉ុណ្ណឹងទេ អញ្ចឹងវាធ្វើឲ្យអាម៉ាស។ លោក ចន ហៅ ធ្លាប់ធ្វើនាយករដ្ឋមន្ត្រី ប្រទេសអូស្ត្រាលី គាត់ចាញ់តែមណ្ឌលគាត់ គាត់លាលែងតែម្តង គាត់ថាខ្មាសគេណាស់ អញ្ចឹងលោក ហ៊ុន សែន គាត់ត្រូវគិតពិចារណា ផងដែរភាពគំរូ ភាពថ្លៃថ្នូរ កិត្តិយសរបស់គាត់ ដែលគាត់ចាញ់”។
មិនទាន់អាចទាក់ទង អគ្គលេខាធិការគជប លោក ទេព នីថា ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។ តែលោកធ្លាប់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សប្រជាជនកម្ពុជា សម្រាប់ខេត្តកណ្តាល។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន មានប្រសាសន៍ថា លោកសម រង្ស៊ី ហាក់ដូចជាចំអក ខ្លួនឯងព្រោះថា គណបក្សដែលលោកដឹកនាំជាច្រើនអាណត្តិមកហើយនោះ តែងតែចាញ់ឆ្នោត ដូចនេះលោកសម រង្ស៊ី គួរតែចុះចេញពីអំណាចដោយខ្លួនឯង ៖ “ក៏ប៉ុន្តែឯកឧត្តម សម រង្ស៊ី តែងតែថា សមាជិកនៃគណបក្សសមរង្ស៊ី នេះត្រូវការលោក នេះជាចម្លើយមួយ ដូចតែឯកឧត្តមសមរង្ស៊ីដែរ ក៏ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជាវីរៈបុរសមួយ ដែលគណបក្សប្រជាជនស្រលាញ់លោក មិនមែនជាការសម្រេចចិត្តផ្តេសផ្តាស ដូចឯកឧត្តមសមរង្ស៊ី ចង់បានតំណែងនាយករដ្ឋមន្ត្រីឯណា”។
ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថានិចហ្វិច លោកហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សប្រឆាំង មិនគួរយកពាក្យនេះមកប្រើនៅពេលនេះទេ ព្រោះថាលទ្ធផលឆ្នោតមិនទាន់ប្រកាសជាផ្លូវការនៅឡើយ ៖ “ហើយការលើកឡើងរបស់លោក សម រង្ស៊ី នេះ មិនមានចែងនៅក្នុងច្បាប់ថា ប្រសិនបើបេក្ខជននោះ ឈរនៅការិយាល័យណា ឈរនៅមណ្ឌលណា ហើយការិយាល័យដែលខ្លួនបោះឆ្នោតនោះចាញ់ ត្រូវដើរចេញនោះ គឺថាកត្តាច្បាប់មិនមានចែងទេ ប៉ុន្តែនៅប្រទេសមួយចំនួន ដែលមានករណីកើតឡើង នោះគឺជាឆន្ទៈ និងការបង្ហាញអំពីការទទួលខុសត្រូវ នៃបេក្ខជននោះឯង”។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាបេក្ខជនពេញសិទ្ធិលំដាប់ទី១នៅមណ្ឌលកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះ។ ក្នុងមណ្ឌលនេះ មានអាសនៈចំនួន១១ ប៉ុន្តែ បើយោងតាមលទ្ធផលបណ្តោះអាសន្ន បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានតែ ៥អាសនៈប៉ុណ្ណោះ៕
No comments:
Post a Comment
yes