រថក្រោះនិងរថពាសដែកទាំងនេះ ត្រូវបានគេឃើញនៅឯកំពង់ផែស្វយ័ត
ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ
រថក្រោះនិងរថពាសដែកជាច្រើនបានមកដល់ខេត្ត ព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ។ នេះបើតាមមន្រ្តីកំពង់ផែ ស្វយ័តក្រុង ព្រះសីហនុម្នាក់ដែលបានថ្លែង បញ្ជាក់កាលពីម្សិលមិញ។
លោក លូ គឹមឈន់ ប្រធាន អគ្គនាយកកំពង់ផែស្វយ័ត ក្រុង ព្រះសីហនុបានបញ្ជាក់ថា រថក្រោះ និងរថពាសដែកនេះ បានដឹកចូលមកដល់ កំពង់ផែហើយ ប៉ុន្តែលោក បានបដិសេធមិនប្រាប់លម្អិតឬបង្ហាញអំពីចំនួនរថក្រោះនិងរថពាសដែកទាំងនោះទេ។
លោក គឹមឈន់ បន្តថា៖ «ខ្ញុំមិនដឹងអំពីប្រភពប្រទេសនាំចូលទេ។ អ្នកគួរសួរទៅក្រសួងការពារជាតិប្រសើរជាង។ វាជាទ្រព្យសម្បត្តិរបស់ក្រសួងការពារជាតិ ដូច្នេះខ្ញុំមិនអាចក្ដាប់បានទៅលើបញ្ហានេះទេ»។
ប្រភពមួយដែលបានឲ្យដឹងអំពីការដឹករថក្រោះនិងរថពាសដែកមកនេះ បានសុំមិនបញ្ចេញឈ្មោះ ដោយសារគាត់មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកកាសែត បានប្រាប់ថា រថក្រោះនិងរថពាសដែកទាំងនេះបានមកដល់តាំងពីព្រឹកថ្ងៃពុធ ហើយគាត់អះអាងទៀតថា មន្រ្តីយោធាបានមកទទួលយករថក្រោះនិងរថពាសដែកទាំងនេះពី កំពង់ផែក្រុង ព្រះសីហនុ តាំងពីពេលមកដល់នោះម៉្លេះ។
ប្រភពថ្លែងបន្តថា៖ «រថក្រោះនិងរថពាសដែកជាង ៨០ គ្រឿងហើយក៏មានគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងត្បាល់ ប្រហែល ១០០ កុងតឺន័រទៀតផងដែរ»។ គាត់បន្ថែមទៀតថា យុទ្ធភណ្ឌយោធាទាំងនេះដឹកចូលមកពីប្រទេសនៅអឺរ៉ុបខាងកើត។
កាលពីខែ តុលាឆ្នាំមុន ប្រទេសកម្ពុជាបានដឹកចូលរថក្រោះប្រហែល ១០០ គ្រឿងនិងរថពាស ដែក ៤០ គ្រឿង ពីប្រទេស អ៊ុយក្រែន ដែលការដឹកនោះ គឺជាការដឹកចូលទ្រង់ទ្រាយធំមួយមិនធ្លាប់មានពីមុនមកចាប់តាំងពីបញ្ចប់សង្គ្រាមក្នុងស្រុក។
វាមិនច្បាស់ទេថា តើការនាំចូលយុទ្ធភណ្ឌយោធានេះ គឺជាផ្នែកមួយនៃការទិញដូចមុនឬថាតើការនាំចូលទើបមកដល់នៅចំពេលមានបញ្ហានយោបាយក្នុងប្រទេសកម្ពុជា។
មន្រ្តីយោធាជាន់ខ្ពស់មួយចំនួន រួមទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិ មិនអាចទាក់ទងបានទេ។ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា លោកមិនបានដឹងអំពីការដឹកចូលនេះទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោកថ្លែងថា៖ «វាមិនមែនជាការងាររបស់ខ្ញុំ។ ខ្ញុំកំពុងទទួលទានអាហារពេលល្ងាច»។
ការដឹកមកដល់នេះគឺកើត មានគ្រាន់តែ ២ សប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលចិនបានផ្តល់កាំភ្លើងដៃចំនួន ១ ពាន់ និងគ្រាប់ចំនួន ៥ ម៉ឺនដល់កងនគរបាលកម្ពុជា។ ក្រុមមន្រ្តីទទូចថា ការផ្តល់ឲ្យនេះគឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលមានតាំងតែពីពេលមុនមកម៉្លេះ ប៉ុន្តែ ផ្តល់ឲ្យនោះបានធ្វើឲ្យមានការវិភាគមួយចំនួនពីក្រុមអ្នក វិភាគដែលបានលើកឡើងថាអំពីការដឹកដែលធ្វើឡើងនៅចំពេលកើតមានបញ្ហា ក្រោយការបោះឆ្នោតជាតិ។
មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាបានប្រកាសប្តេជ្ញាថា នឹងដឹកនាំធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតផ្លួវការចុងក្រោយ មិនឆ្លុះបញ្ចាំងអំពីការឈ្នះរបស់គណបក្សសង្គ្រោះជាតិ ដែលការនេះធ្វើឲ្យរដ្ឋាភិបាលដឹករថក្រោះនិងរថពាសដែក និងកងទ័ពមួយចំនួនចូលមកភ្នំពេញ៕
No comments:
Post a Comment
yes