សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

វីល្លៀម ថត ៦១០
៦-កញ្ញា-២០១៣៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត 
(William E. Todd) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ

លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​ឲ្យ​បាន​​​ត្រឹម​ត្រូវ និង​ត្រូវ​កែ​ទម្រង់​ការងារ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​​​ឡើង។
តាម​រយៈ​អ្នក​បកប្រែ​ភាសា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ក៏​បាន​​​ស្នើ​ដល់​អ្នក​នយោបាយ​ ពិសេស​ប្រជាជន​កម្ពុជា ​​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រួម​គ្នា​រក​ដំណោះស្រាយ​បញ្ហា​ខ្វែង​គំនិត​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​​សន្តិភាព និង​មាន​ភាព​អត់ធ្មត់​ខ្ពស់៖ «ជា​ដំបូង​ខ្ញុំ​សូម​សរសើរ​ដល់​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​អំពើ​ហិង្សា និង​ប្រកប​ទៅ​ដោយ​សន្តិវិធី។ ទី​២ ខ្ញុំ​ក៏​សូម​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត។ ក្នុង​នោះ​ក៏​សុំ​ឲ្យ​មាន​ការ​កែទម្រង់​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​ឡើង។ ទោះ​អ្វី​កើត​ឡើង​ក៏ដោយ ចុង​ក្រោយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រេច​នូវ​ជោគវាសនា​របស់​ខ្លួន»

​សារ​អំពាវនាវ​របស់​លោក វីល្លៀម ថត ដូច្នេះ កើត​មាន​ក្នុង​ពេល​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​រៀប​ចំ​ពិធី​​សច្ចាប្រណិធាន​ចូល​បំពេញ​ការងារ​របស់​ទីភ្នាក់ងារ​ស្ម័គ្រចិត្ត ភីស ខរ (Peace Corp) ក្រុម​ទី​៧ នៅ​គេហដ្ឋាន​លោក ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា។
ក្នុង​ឱកាស​នោះ លោក​ វីល្លៀម ថត ​ក៏​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា ដែល​បាន​រៀប​​​ចំ​ការ​បោះ​​ឆ្នោត​ជាតិ​ប្រកប​ដោយ​ភាព​ស្ងៀមស្ងាត់ និង​គ្មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​បន្ត​រក្សា​សុវត្ថិភាព​សង្គម​ឲ្យ​មាន​សន្តិភាព និង​គ្មាន​អំពើ​ហិង្សា​បន្ត​ទៀត ជាពិសេស​​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា ​ក្នុង​ពេល​​​បោះឆ្នោត​ឲ្យ​មាន​ភាព​យុត្តិធម៌៖។
លោក​ វីល្លៀម ថត៖ «សុំ​សរសើរ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ស្ងប់ស្ងាត់។ អ្វី​ដែល​ជា​ការ​សំខាន់ គឺ​ការ​មិន​មាន​អំពើ​ហិង្សា និង​អត់ធ្មត់ ហើយ​ខ្ញុំ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា​ដោយ​មិន​មាន​អ្វី​កើត​ឡើង។ នេះ​ជា​រឿង​ដែល​សំខាន់»
សារ​សុំ​សន្តិភាព​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ពេល​នេះ កើត​មាន ១​ថ្ងៃ​នៃ​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ទាមទារ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ​សារ​​​សុំ​សន្តិភាព និង​គ្មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។
លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) មាន​ប្រសាសន៍​គាំទ្រ​គោល​ជំហរ​ការ​រក​ដំណោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី៖ «ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក​មាន​បំណង​ជាក់លាក់​ចង់​ឲ្យ​កម្ពុជា ធ្វើ​ការ​ជាមួយ​គ្នា ទោះ​បី​ជា​ប្រកាន់​និន្នាការ​ខុស​គ្នា​ក៏ដោយ ហើយ​អ្វី​ដែល​លោក​បង្ហាញ​នេះ គឺ​បញ្ហា​បោះឆ្នោត​នៅ​តែ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​ដែល​គ្រប់​ភាគី និង​ប្រជាពលរដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​បាន​ល្អ​ប្រសើរ»
មិន​ខុស​គ្នា​ទេ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​គាំទ្រ​សារ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​​អាមេរិក ក្នុង​ការ​រក​ដំណោះស្រាយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មាន​យុត្តិធម៌​នេះ​ដែរ។
​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​សាទរ​សហរដ្ឋអាមេរិក ដែល​បាន​លើក​ឡើង​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​សុខ​សន្តិភាព​និង​គ្មាន​អំពើ​ហិង្សា។
លោក​ថា រដ្ឋាភិបាល​នឹង​នៅ​បន្ត​ការពារ​រក្សា​ឲ្យ​មាន​ស្ថិរភាព​សង្គម ឲ្យ​បាន​សុខសាន្ត​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​​អត់​មាន​ស្អី​ដែល​ប្រទូសរ៉ាយ​ទេ។ អា​ហ្នឹង​គឺ​ថា អ្នក​ដែល​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ ដែល​កើត​ចេញ​ពី​គណបក្ស​ចាញ់​ឆ្នោត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ។ អ៊ីចឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ អត់​មាន​បង្ក​បញ្ហា​អី​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នៅ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា រហូត​ដល់​សភា​ថ្មី និង​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី លោក​ចូល​ស្បថ​ចូល​ក្នុង​ព្រះ​បរម​រាជវាំង ហើយ​ឥឡូវ​នេះ​យើង​យក​ច្បាប់​មក​ធ្វើ​ជា​មូលដ្ឋាន»
យ៉ាង​នេះ​ក្តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​រួច​ហើយ​ថា គេ​អាច​ដោះស្រាយ​បញ្ហា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​ គឺ​មាន​តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៕

No comments:

Post a Comment

yes