សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 10, 2013

អ្នកវិភាគ៖រដ្ឋាភិបាល​លោកហ៊ុនសែនដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ

លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានកើតឡើង​ក្នុងនីតិកាលទី ៥ នេះ។អ្នកវិភាគនយោបាយនៅកម្ពុជា មានលោកបណ្ឌិត កែម ឡី ជាដើម បានអះអាងថា រដ្ឋាភិបាល​ថ្មី​នេះ មិនសូវទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិនោះទេ ហើយថា ពេលនេះគណបក្សប្រជាជនកម្ពុជា បានដើរដល់ផ្លូវទាល់ច្រកហើយ។

ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលគឺចាប់​តាំង​ពីឆ្នាំ ១៩៩៣ ដែលគេបានឲ្យឈ្មោះប្រទេសកម្ពុជាថា ជាប្រទេសកាន់របបប្រជាធិប តេយ្យ សេរីពហុបក្ស។ ព្រឹត្តការណ៍​នយោបាយទាំងនោះ បានកើតឡើងនៅក្នុងសង្គមកម្ពុជា ដែលស្ទើរតែ ប្រទេសប្រជាធិបតេយ្យនៅក្នុងលោក មិនដែល​ជួបប្រទេះ។ តួយ៉ាងមានជាអាទិ៍ព្រឹត្តិការណ៍ឆ្នាំ ១៩៩៣ នៅពេលដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ចាញ់​ឆ្នោត ពេលនោះកម្ពុជាបាន បង្កើតឲ្យមាននាយករដ្ឋមន្រ្តីចំនួន២រូបគឺនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី ២ ដែល​មិន​ធ្លាប់កើតមាននៅលើពិភពលោក។


ព្រឹត្តិការណ៍ថ្មីមួយទៀតនៅក្នុងឆ្នាំ២០១៣នេះ បានកើតឡើងនៅក្នុងសង្គមកម្ពុជាដែរ គឺរដ្ឋសភា និងរដ្ឋាភិបាលថ្មីបង្កើត​ឡើងដោយសមាជិកសភាបក្សតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ស្ទើ​តែមិនដែលមានឡើយនៅក្នុងប្រទេសមួយ ដែលប្រកាន់យកនូវរបបប្រជាធិបតេយ្យ។ សម្រាប់អ្នកវិភាគ​ស្ថានការណ៍​នយោបាយនៅកម្ពុជា បានចាត់ទុកការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះថា ជាដំណើរការផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
លោក បណ្ឌិត កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា សកម្មភាពការបង្កើតរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺបង្ហាញពីគណបក្សនេះ «បានដើរដល់ផ្លូវទល់ច្រក»។ ទល់ច្រកដោយហេតុថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ពេលនេះ មិនអាចធ្វើកិច្ចការបានរលូននោះទេ ពោលគឺជា​រដ្ឋាភិបាលដែលមិនទទួលបានការគាំទ្រច្រើន ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសមហាអំណាច ដែល​ប្រកាន់យករបបប្រជាធិបតេយ្យ។ អ្នកវិភាគរូបនេះ បានបន្តថា រដ្ឋាភិបាលមួយដែលស្ថិតនៅក្នុងប្រទេសប្រជាធិបតេយ្យ និងបានចុះហត្ថលេខានៅលើ កិច្ចព្រមព្រៀងសញ្ញាអន្តរជាតិជាច្រើននោះ មិនអាចដំណើរការទៅបានទេ បើគ្មានការ​គាំទ្រ​ពីយន្តការអន្តរជាតិនោះ។
ស្រដៀងគ្នាដែរ បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ដែរថា ការដែលរដ្ឋាភិបាលបង្កើតដោយឯកបក្សបែបនេះ ធ្វើឡើងមិនឆ្លើយតបនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ​ឡើយ ហើយនឹងបង្កឲ្យជួបបញ្ហាចំនួន៤។ បញ្ហាទី ១ បញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយសារប្រទេស​កម្ពុជា​ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដែលយកពលរដ្ឋជាធំ តែបើពលរដ្ឋទាមទារឲ្យមានពហុបក្ស តែមិនធ្វើតាមពលរដ្ឋ វាធ្វើឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ បញ្ហាទី២ គឺមិនមានតុល្យភាពអំណាចសោះឡើយ ព្រោះតែគណបក្ស​មួយកាន់រដ្ឋាភិបាលផង និងកាន់សភាផង។ បញ្ហាទី៣ សេដ្ឋកិច្ចត្រូវបានហ៊ុំព័ទ្ធ ដោយសហគមន៍អន្តរជាតិ ជាពិសេស​ពី​ប្រទេសមហាអំណាចនានា ដែលជាប្រទេសលោកសេរីប្រកាន់របបប្រជាធិបតេយ្យ។ និងបញ្ហាទី៤ វិបត្តិការទូត គឺតាម​រយៈការហ៊ុំព័ទ្ធការទូតពីប្រទេសប្រជាធិបតេយ្យ ដែលធ្វើឲ្យកម្ពុជាខូចមុខម៉ាត់ក្នុងឆាកអន្តរជាតិ។
ទាក់ទងនឹងបញ្ហានេះ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា ការវិភាគរបស់ក្រុមអ្នកវិភាគទាំងនោះ គឺជាការវិភាគមួយ ដែលគ្មានតុល្យភាព និង​ឯករាជ្យឡើយ ពោលគឺអ្នកវិភាគទាំងនោះ មានទំនោរទៅលើបក្សប្រឆាំងទាំង«ងងឹតងងុល»។ លោកថា រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ កើតឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ ហើយគ្មានដើរផ្លូវទល់ច្រកណាមួយនោះទេ គឺមានការគាំទ្រ​យ៉ាងពេញ​ទំហឹងពីសហគមន៍អន្តរជាតិ មានដូចជានាយករដ្ឋមន្រ្តីឥណ្ឌា ចិន វៀងណាម ថៃ ជប៉ុន ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ នាពេលកន្លងមកគេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែល​កាន់កាប់រដ្ឋាភិបាលបច្ចុប្បន្ន មិនសូវជាចាប់អារម្មណ៍និងឲ្យតម្លៃ មិនខ្វល់ខ្វាយចំពោះក្រុមណា ដែលរិះគន់គណបក្សនេះ​ប៉ុន្មានទេ ហើយតែងតែបដិសេធនឹងអះអាងថា ខ្លួនត្រឹមត្រូវសឹងរាល់លើក។ ការមិនឈឺក្បាល ការមិនខ្វល់ខ្វាយនឹងការ​រិះគន់នេះហើយ ក៏ជាមូលហេតុចម្បងមួយ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅក្នុងអាណត្តិទី ៥ នេះ បាត់បង់អាសនៈច្រើន​នៅក្នុងសភា ដែលលោក ហ៊ុន សែន មិននឹកស្មានដល់។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់​មន្រ្តីរបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូង ដោយទទូចដល់មន្រ្តីទាំងនោះ តាមដានព័ត៌មានឲ្យបានដិតដល់ ជា​ពិសេសព័ត៌មានរិះគន់រដ្ឋាភិបាល ។ លោក ហ៊ុន សែន ក៏បានប្រកាសពីការធ្វើកំណែទម្រង់«ស៊ីជម្រៅ»​រដ្ឋាភិបាលថ្មី​នេះ​ផងដែរ។ តែជាការប្រកាសដែលត្រូវគេមើលឃើញថា គ្រាន់តែដើម្បីសម្តែងឲ្យល្អមើលរបស់លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ ក្នុងបំណងលុបលាងស្នាមអាក្រក់ ពីរដ្ឋាភិបាលឯកបក្សរបស់ខ្លួន៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ០៨ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes