ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចដកសមាជិកភាពក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ពីមន្ត្រីគណបក្ស សម រង្ស៊ី មួយរូប ដោយសំអាងថា មន្ត្រីនោះបានធ្វើខុសទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។ តើការសម្រេចនេះត្រឹមត្រូវតាមច្បាប់ឬយ៉ាងណា?
សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មកពីគណបក្ស សម រង្ស៊ី លោក ពុយ ចន្ថាឡា នៅថ្ងៃអង្គារ ទី២៩ ខែតុលា បានហៅការសម្រេចដកសមាជិកភាពលោកចេញពីក្រុមប្រឹក្សាខេត្ត ថាជាប្រការខុសឆ្គង ពីព្រោះលោកមិនទាន់បានចូលជាសមាជិកគណបក្សសង្គ្រោះជាតិ ពេញសិទ្ធិនៅឡើយ។ លោកបន្តថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតក្រៅផ្លូវការមួយ ចាត់តាំងលោកជាប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្ទឹងត្រែង បណ្ដោះអាសន្ន ដើម្បីជួយសម្រួលការងារគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្ត ប៉ុន្តែប្រធានក្រុមប្រឹក្សាខេត្តនៃគណបក្សប្រជាជន បានយកលិខិតនោះជាសំអាងប្ដឹងទៅក្រសួងមហាផ្ទៃ។
លោក ពុយ ចន្ថាឡា៖ «សេចក្តីសម្រេចតែងតាំងរបស់លោកប្រធានហ្នឹង ជាសេចក្តីសម្រេចតែងតាំងបណ្ដោះអាសន្ន បានន័យថា វាមិនផ្លូវការ។ ម្យ៉ាងទៀត ខ្ញុំក៏មិនបានគណបក្ស សម រង្ស៊ី បណ្ដេញចេញទេ ហើយខ្ញុំក៏អត់បានទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្ទឹងត្រែង ឬខេត្តណាមួយឡើយ»។
លោក ពុយ ចន្ថាឡា មានតួនាទីជាប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ប្រចាំខេត្តស្ទឹងត្រែង។ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង កាលពីឆ្នាំ២០០៩ លោកបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្តនេះ ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១៣ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្តីសម្រេចដករូបលោកចេញពីបេក្ខភាពសមាជិកក្រុមប្រឹក្សាខេត្តនេះវិញ។
ឆ្លើយតបការអះអាងនេះ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ហ៊ីង ផាន់រឿន និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន ខេត្ត មានប្រសាសន៍បញ្ជាក់ថា លោកមានឯកសារគ្រប់គ្រាន់បង្ហាញថា លោក ពុយ ចន្ថាឡា បានចូលជាសមាជិកគណបក្សសង្គ្រោះជាតិ រួចហើយ។ ដូច្នេះ ច្បាប់ស្ដីពីគណបក្សនយោបាយមិនចាត់ទុកបេក្ខភាពលោកជាសមាជិកគណបក្ស សម រង្ស៊ី តទៅទៀតទេ។ ហេតុនេះ តួនាទីសមាជិកក្រុមប្រឹក្សារបស់លោកដែលបានមកពីបេក្ខភាពគណបក្ស សម រង្ស៊ី ត្រូវបានបញ្ចប់៖ «ថ្ងៃហ្នឹងគាត់ថាមិនស្របច្បាប់ ប៉ុន្តែខ្ញុំអានសេចក្តីសម្រេចហើយ ទៅគាត់ក៏ថាដែរតើ ថាខ្ញុំនឹងប្រុងលាឈប់ដែរ គាត់ថាអ៊ីចឹង តើក្រុមប្រឹក្សាទាំងអស់គេក៏ឮអ៊ីចឹងតើ»។
ច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា១៥ ចែងថា ពលរដ្ឋខ្មែរម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយ ក្នុងពេលតែមួយបានទេ ក្នុងពេលដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនយោបាយនានាច្រើន នោះសមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវទុកជាបានការ។
អតីតអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បច្ចុប្បន្នលោកជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍បញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ជាការត្រឹមត្រូវ ប្រសិនបើស្ថាប័ននេះមានឯកសារផ្លូវការបញ្ជាក់ថា លោក ពុយ ចន្ថាឡា ត្រូវបានតែងតាំងជាមន្ត្រីគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ក្រសួងមហាផ្ទៃ មិនអាចដកសមាជិកភាពក្រុមប្រឹក្សាពី លោក ពុយ ចន្ថាឡា បានទេ ប្រសិនលោកបានជួយធ្វើការងារគណបក្សសង្គ្រោះជាតិ ក្នុងក្របខ័ណ្ឌជាសមាជិកមិនផ្លូវការរបស់គណបក្សសង្គ្រោះជាតិ៖ «ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ គឺនៅក្នុងឈ្មោះគណបក្ស សម រង្ស៊ី សិន។ យើងអាចធ្វើសកម្មភាពឲ្យគណបក្សសង្គ្រោះជាតិ អ៊ីចឹងទៅ ប៉ុន្តែយើងមិនអាចថាយើងដូរបក្សទេ ការងារជួយដល់គណបក្សសង្គ្រោះជាតិ ចុះ ប៉ុន្តែកុំមានជាឈ្មោះអ្វីតែងតាំងផ្លូវការរហូតដល់មានការបោះឆ្នោតឡើងវិញ»។
ទោះជាយ៉ាងនេះក៏ដោយ មាត្រា៨ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ចែងថា ក្នុងករណីបេក្ខជនក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាព ក្នុងអំឡុងពេលនៃអាណត្តិក្រុមប្រឹក្សា ត្រូវជ្រើសរើសបេក្ខជនដែលមានឈ្មោះលំដាប់បន្ទាប់ក្នុងបញ្ជីបេក្ខជនរបស់សមាជិកក្រុមប្រឹក្សាដែលបាត់បង់សមាជិកភាពនោះ មកជំនួសសម្រាប់រយៈពេលនៃអាណត្តិដែលនៅសល់៕
No comments:
Post a Comment
yes