២២-វិច្ឆិកា-២០១២៖ ទរទឹកដែលគេធ្វើសម្រាប់បូមដីបង្ហូរដើម្បីរែងយករ៉ែមាស
ដែលគេជីកពីក្នុងរណ្ដៅនៅភូមិរំដេង ឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា កម្មករម្នាក់បានស្លាប់ដោយសារបាក់ដីសង្កត់នៅក្នុងអណ្ដូងរ៉ែមាសមួយកន្លែង នៅតំបន់ភ្នំលុង ស្រុករវៀង ខេត្ដព្រះវិហារ កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ។
បុរសម្នាក់ គឺជាកម្មករអណ្ដូងរ៉ែមាសដែលសុំមិនបញ្ចេញឈ្មោះ។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ថា ហេតុការណ៍បាក់ដីអណ្ដូងរ៉ែមាសនោះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២៨ ខែតុលា។
បុរសដដែលបានអះអាងថា កម្មករម្នាក់ឈ្មោះ ចាន់ វណ្ណី អាយុ ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិវាល ឃុំទួលសាលា ស្រុកបរសែត ខេត្តកំពង់ស្ពឺ បានស្លាប់ភ្លាមៗ ក្នុងអណ្ដូងរ៉ែមាសនោះ៖ «អណ្ដូងជម្រៅ ១៥ម៉ែត្រ បាក់ម្សិលមិញ ម៉ោង ៨ ពេលដែលកម្មករចូលធ្វើការ។ ចូលគ្នាច្រើនដែរ តែដីបាក់សង្កត់តែម្នាក់។ បាក់ដំបូងវាសង្កត់ពាក់កណ្ដាលភ្លៅដល់ពេលចាប់ផ្ដើមទាញយកមនុស្សហ្នឹងមក ដីបាក់សង្កត់ពីលើប្រហែលជា ២ម៉ែត្រគូបទៀត បណ្ដាលឱ្យគាត់ដាចខ្យល់ស្លាប់ដោយសាររណ្ដៅហ្នឹង វាជ្រៅហើយវាអត់ខ្យល់អុកស៊ីហ្សែន»។
ប្រភពពីកម្មករឱ្យដឹងថា អណ្ដូងរ៉ែមាសដែលបាក់សង្កត់កម្មករស្លាប់នោះ គឺជារបស់ឧកញ៉ាម្នាក់ឈ្មោះ ប៊ុន វាន់ថន ដោយមានមេការឈ្មោះ អ៊ុន សុផាត ជាអ្នកមើលការខុសត្រូវប្រចាំថ្ងៃ។
អាជ្ញាធរមូលដ្ឋានព្យាយាមលាក់បាំងព័ត៌មាននេះ ដោយសារតែការជីកយករ៉ែមាសជាច្រើនកន្លែងនៅស្រុករវៀង ធ្វើឡើងដោយលួចលាក់និងខុសច្បាប់។
កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ អណ្ដូងរ៉ែមាសមួយកន្លែង នៅឃុំរមទម្យ ស្រុករវៀង ជិតគ្នានេះ ធ្លាប់បាក់ដីសង្កត់អ្នកភូមិម្នាក់ស្លាប់ម្ដងមកហើយ៕
No comments:
Post a Comment
yes