ក្រុមបាតុករគណបក្សសង្គ្រោះជាតិ លើកញាត្តិចុះពីឡាន
ក្រោយពីមូលស្នាមមេដៃគាំទ្របានត្រឹមតែជាង២លាន ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ និង បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គណបក្សសង្គ្រោះជាតិ បានប្រកាសឱ្យដឹងថា គណបក្សប្រឆាំងមួយនេះនឹងបើកយុទ្ធនាការប្រមូលអោយបានស្នាមមេដៃ ១លាន ៥សែន បន្តទៀត ដែលនឹងចាប់ធ្វើពីថ្ងៃចន្ទស្អែកនេះ។
គណបក្សសង្គ្រោះជាតិ នឹងផ្តើមយុទ្ធនាការបន្តប្រមូលស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស នៅថ្ងៃចន្ទស្អែកនេះ។ យុទ្ធនាការនេះ គឺសង្ឃឹមថានឹងអាចប្រមូលស្នាមមេដៃចំនួន១លាន ៥សែនបន្ថែមទៀត ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះបើតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា សកម្មជនគណបក្សសង្គ្រោះជាតិ នឹងបន្តយុទ្ធនាការប្រមូលស្នាមមេដៃនេះ ដោយសម្រុកធ្វើនៅតាមបណ្តាខេត្តធំៗ ដែលគណបក្សប្រឆាំងនេះ ទទួលសម្លេងឆ្នោតគាំទ្រច្រើន។ រីឯសកម្មជននៅតាមបណ្តាខេត្តដែលមានអាសនៈត្រឹមមួយកៅអីនោះ ក៏នឹងធ្វើការតាមលទ្ធភាពផងដែរ។
យ៉ាងណាក៏ដោយលោក យ៉ែមបុញ្ញឫទ្ធិ បានបញ្ជាក់ពីគោលបំណងនៃការប្រមូលស្នាមមេដៃឱ្យបាន ចំនួន១លាន ៥សែន នេះថា គឺជាការចង់បង្ហាញឱ្យអន្តរជាតិដឹងថា គណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រច្រើនជាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ។ គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រត្រឹមតែ៣លាន២សែនប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា យុទ្ធនាការប្រមូលស្នាមមេដៃបន្ថែមនេះ អាចនឹងគ្មានឧបសគ្គអ្វីមករារាំងទៀតទេ ព្រោះតែគ្រោះទឹកជំនន់បានស្រកថមថយឥទ្ធិពល ហើយប្រសិនបើអាជ្ញាធរនៅមូលដ្ឋានអាចសម្រួលឱ្យសកម្មជនគណបក្សសង្គ្រោះជាតិរបស់លោក អាចប្រមូលបានតាមធម្មតានោះ។ ហើយលោកថា ការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិនោះ គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលអាជ្ញាធរត្រូវគោរព។
គួររំលឹកថា គណបក្សសង្គ្រោះជាតិ បានផ្តើមប្រមូលស្នាមមេដៃគាំទ្រនៅទីផ្សារ និងតាមផ្ទះប្រជាពលរដ្ឋ តាំងពីដើមខែតុលាមកម្ល៉េះ។ ប៉ុន្តែ អាជ្ញាធរបានស្នើឱ្យគណបក្សប្រឆាំងមួយនេះ ប្រមូលស្នាមមេដៃគាំទ្រ នៅទីស្នាក់ការគណបក្សជំនួសវិញ ដើម្បីបញ្ចៀសពីរូបភាពនៃការបែកបាក់ជាតិ៕
No comments:
Post a Comment
yes