សង្គមស៊ីវិល ធ្វើការពាក់ព័ន្ធនឹងស្ត្រី យុវជន និងប្រជាពលរដ្ឋ ស្នើឲ្យគណបក្សនយោបាយដែលឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់បញ្ចូលសមាសភាពស្ត្រី ទៅក្នុងកិច្ចចរចាកំពូល នៅថ្ងៃខាងមុខ ដើម្បីជំរុញស្ថានភាពនៃកិច្ចចរចានោះ ឈានទៅរកដំណោះស្រាយ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន ៩ រួមទាំងក្រុមស្ត្រីឈានមុខចំនួន១១រូបទៀត ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣នេះ ឲ្យដឹងថា ពួកគេមានការព្រួយបារម្ភ ចំពោះកិច្ចចរចាកំពូលរវាងគណបក្សនយោបាយទាំងពីរ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ដែលនៅតែមិនមានលទ្ធផល ខណៈដែលមិនមានថ្នាក់ដឹកនាំជាស្ត្រីចូលរួមនោះ។ សេចក្តីថ្លែងការណ៍នេះ ចាត់ទុកថា ការមិនដាក់បញ្ចូលស្ត្រី នៅក្នុងសមាសភាពក្រុមចរចា គឺជាការប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍លើកកម្ពស់សមភាពយេនឌ័រ ដែលគណបក្សនយោបាយទាំងពីរ តែងតែប្រកាសគាំទ្រកន្លងមក។
នាយិកានៃអង្គការសីលការ លោកស្រី ធីតា ឃឹះ យល់ថា កិច្ចចរចារកសន្តិភាព ដែលមានសមាសភាព ស្ត្រីចូលរួម គឺអាចជួយបង្កនូវបរិយាកាសទន់ភ្លន់ ការយោគយល់គ្នា និងការលើកទឹកចិត្តគ្នាទៅវិញទៅមក ដែលងាយឈានទៅរកដំណោះស្រាយ ៖ "ស្ត្រីច្រើនតែមានមនោសញ្ចេតនា ហើយស្តាប់យល់អំពីការរាក់ជ្រៅ និងទឹកចិត្តគូរបដិបក្ខ ជាងបុរស ដូច្នេះក្នុងការចរចាដែលមានភាពរាំងស្ទះ បើសិនណាជាយើងមានស្ត្រីចូលរួម វានឹងជួយឲ្យមានការយល់ចិត្តថ្លើមគ្នាទៅវិញទៅមក"។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឯកភាពចំពោះការស្នើសុំនេះ ដោយចាត់ទុកថា ស្ត្រីមានសមត្ថភាពពេញលេញ ដូចបុរសដែរ ក្នុងការងារពាក់ព័ន្ធនឹងនយោបាយ ។ យ៉ាងណាក៏ដោយ លោកថា ការសម្រេចដាក់សមាសភាពស្ត្រី ក្នុងកិច្ចចរចាកំពូលនៅថ្ងៃខាងមុខ គឺអាស្រ័យលើការសម្រេចរួមរបស់ថ្នាក់ដឹកនាំគណបក្សនេះ ៖ "អាហ្នឹងខ្ញុំយល់ឃើញថា ស្ត្រីក៏ម្យ៉ាងដែរ ហើយយើងកំពុងតែលើកកម្ពស់យេនឌឺ អាហ្នឹងយើងថាគួរនេះដែរ ព្រោះស្ត្រីក៏អាចមានសិទ្ធិដូចបុរសនូវអ្វីទាំងអស់ នៅក្នុងការរដ្ឋបាល ការងារផ្សេងៗទៀត"។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សនេះ តែងគោរពគោលការណ៍នេះកន្លងមក។ លោកថា ក្រុមចរចា តំណាងឲ្យគណបក្សនេះ សម្រាប់កិច្ចចរចាកំពូល គឺត្រូវបានជ្រើសតាំង ដោយការសម្រេចរួមរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលមានសមាសភាពស្ត្រីចូលរួមសម្រេចរួចជាស្រេចផងដែរ ៖ "នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សក៏មានស្ត្រីនៅក្នុងនោះដែរ ដូច្នេះគេបានផ្តល់យោបល់ឲ្យក្រុមអ្នកចរចាហ្នឹងរួចអស់ហើយ នៅក្នុងករណីដែលយើងត្រូវធ្វើយ៉ាងម៉េច សម្រេចយ៉ាងម៉េច យើងមិនមែន ក្រុមចរចាគ្រាន់តែនាំពាក្យ នាំនូវអនុសាសន៍ នាំនូវគោលបំណងរបស់គណៈអចិន្ត្រៃយ៍ហ្នឹងទេ"។
ក្នុងជំនួបចរចាកំពូល កាលពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញា គណបក្សប្រជាជនកម្ពុជាមានតំណាង៦រូប គឺអនុប្រធានបក្សលោក ហ៊ុន សែន អគ្គលេខាធិការបក្ស លោក សាយ ឈុំ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក ស ខេង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតមាន លោក ប្រាក់ សុខុន លោក សក់ សេដ្ឋា លោក សោម សឿន និងលោក ឈាង វុន។ ចំណែក គណបក្សសង្គ្រោះជាតិមាន លោក សម រង្ស៊ីជាប្រធាន លោក កឹម សុខា ជាអនុប្រធាន និងសមាជិកជាន់ខ្ពស់ ដូចជា លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និង លោក គួយ ប៊ុនរឿន។ គោលដៅអភិវឌ្ឍន៍សហវត្សរបស់អង្គការសហប្រជាជាតិ ដែលនឹងបញ្ចប់នៅឆ្នាំ២០១៥នេះ កម្ពុជាបានប្តេជ្ញា នឹងដាក់បញ្ចូលស្ត្រីក្នុងវិស័យនយោបាយ ឲ្យបានយ៉ាងតិច ៣០% តែគោលដៅនេះ អង្គការសង្គមស៊ីវិល លើកឡើងថា មិនអាចសម្រេចបានទេ ប្រសិនបើមិនមានជួយទំនុកបម្រុង ឬលើកទឹកចិត្តពីស្ថាប័នពាក់ព័ន្ធ ជាពិសេសពីភាគីបុរស៕
No comments:
Post a Comment
yes