អ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីនៅបឹងកក់ និងកូនប្រុស (រូបថត ញឹម សុខន)
សកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារ អះអាងថា ខ្លួននឹងបន្តធ្វើសកម្មភាពតស៊ូមតិ ប្រឆាំងនឹងការបណ្តេញចេញ បន្តទៅទៀត ពេលបានចេញពីពន្ធនាគារ។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រីទេព វន្នី ប្រាប់VOD នៅថ្ងៃពុធ ទី១៦ ខែតុលានេះ ក្រោយពីជួបសួរសុខទុក្ខ អ្នកស្រីយ៉ោម បុប្ផា នៅពន្ធនាគារ PJ ស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះថា សកម្មជនដីធ្លីរូបនេះ បានក្រើនរំលឹកដល់ស្ត្រីជាសកម្មជនដីធ្លីទាំងអស់ ឲ្យបង្កើតការតស៊ូមតិបន្ថែមទៀត ដើម្បីរកយុត្តិធម៌ជូនអ្នករងគ្រោះ ក្នុងជម្លោះដីធ្លី ៖ “បើគាត់មានសេរីភាពពេលណា គឺគាត់នៅតែចូលរួមជាមួយប្រជាពលរដ្ឋបឹងកក់ និងឃុំផ្សេងៗទៀត ទាមទារយុត្តិធម៌ដ៏ក្តៅកកុកដដែល គាត់មិនកាត់បន្ថយ ឬមួយក៏ បាក់ស្បាតខ្លាចអី គឺអត់ទេ គាត់ថានៅតែទាមទារយុត្តិធម៌ ដដែល ហើយកាន់តែខ្លាំងក្លាជាងមុខទៀត”។
អ្នកស្រីយ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ពេលអ្នកស្រីនិងក្រុមគ្រួសារធ្វើដំណើរមកពិនិត្យឈ្មោះបោះឆ្នោត។ ក្រោយមកតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ចោទថា បានជាប់ពាក់ព័ន្ធ នឹងការប្រើហិង្សាដោយចេតនា ទៅលើបុរសជាអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។
ប៉ុន្តែការចាប់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីអ្នកស្រីយ៉ោម បុប្ផា ចេញប្រឈមមុខញឹកញាប់ជាមួយកម្លាំងសមត្ថកិច្ច ដែលរារាំងសកម្មភាពតវ៉ាប្រឆាំងការបណ្តេញចេញពីលំនៅឋាន។
មេធាវីការពារក្តីឲ្យអ្នកស្រីយ៉ោម បុប្ផា លោក ហម សុនរិទ្ធ មានប្រសាសន៍ថា លោក បានប្តឹងករណីនេះ ទៅតុលាការកំពូលហើយ ប៉ុន្តែមកដល់ពេលនេះ តុលាការកំពូលមិនទាន់ប្រាប់ពីថ្ងៃបើកសវនាការ លើកូនក្តីលោកនៅឡើយទេ។
ក្រឡាបញ្ជីនៃតុលាការកំពូល លោក ឈាវ វត្ថា ដែលកាន់សំណុំរឿងនេះ មិនអាចទាក់ទងបាន។
អ្នកគ្រប់បច្ចេកទេសផ្នែកស៊ើបអង្កេត ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៅអង្គកាលីកាដូ លោក អំ សំអាត យល់ថា ការចោទប្រកាន់លើអ្នកស្រីយ៉ោម បុប្ផា ដោយតុលាការជាន់ទាប អត់មានភស្តុតាងរឹងម៉ាំ ដើម្បីដាក់បន្ទុកទេ ៖“ករណីអ្នកស្រី យ៉ោម បុប្ផា ប្រសិនជា គាត់មិនមែនជាសកម្មជនតវ៉ាដីធ្លី ដ៏សំខាន់នៅតំបន់បឹងកកទេ នោះវាសនារបស់គាត់ក៏មិនអាចជាប់ពន្ធនាគារដូចបច្ចុប្បន្ននេះដែរ”។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទពីបទប្រើហិង្សាដោយចេតនា។ ក្រោយមកត្រូវបានសាលាឧទ្ទណ៍ប្តូរបទចោទ ទៅជាផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យជនជាប់ចោទ ទទួលទោស២ឆ្នាំ និងព្យួរទោសមួយឆ្នាំ ។ មកដល់ថ្ងៃពុធនេះ សកម្មជនដីធ្លីរូបនោះជាប់ពន្ធនាគារចំនួន៤០៧ថ្ងៃហើយ៕
No comments:
Post a Comment
yes