ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ អំពាវនាវដល់រដ្ឋាភិបាល ឲ្យអន្តរាគមន៍ទៅម្ចាស់ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ សុំពន្យាពេលយកការប្រាក់ពីប្រជាកសិករ កំពុងរស់នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅឆ្នាំ២០១៣នេះ។
មេភូមិម្នាស់កាល ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង លោក ជួន ស៊ីវជៀន ប្រាប់VODនៅព្រឹកថ្ងៃពុធនេះថា កសិករភាគច្រើន ខ្ចីលុយពីធនាគារអេស៊ីលីដា ស្ថាបនាអម្រិត និងប្រាសាក់ ចាប់ពី ៥០០ដុល្លារ ទៅ៣០០០ដុល្លារ ក្នុងមួយគ្រួសារ ដើម្បីទិញសម្ភារៈធ្វើស្រែ និងចម្ការ។ ប៉ុន្តែ លោកថា ទឹកជំនន់បានធ្វើឲ្យដំណាំរបស់កសិករ ត្រូវបានខូចខាតស្ទើរតែទាំងស្រុង ធ្វើឲ្យពួកគេមិនមានលទ្ធភាពបង់ការប្រាក់ទៅម្ចាស់បំណុលទាន់ពេលនោះទេ ៖ "ឥឡូវខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចដែរ បើវាទូទៅអញ្ចឹងហើយឆ្នាំនេះ ឆ្នាំមុនៗ គាត់អត់មានខូចខាតអី ការសងទៅលើអង្គការអញ្ចឹងវាស្រួល វាងាយស្រួល ដល់ឥឡូវនេះជួបការលំបាក វាដំណាំលិចទឹកអស់រលីងហើយ ដល់អញ្ចឹងមិនដឹងគិតយ៉ាងម៉េចទេ បងប្អូនគាត់ដកដំឡូង ដែលដំឡូងលិចទឹក ស្អុយខ្លះអីខ្លះហ្នឹង ហើយតម្លៃថោកទៀត ដំឡូងស្រស់មួយគីឡូមួយបាត"។
អ្នកស្រី ព្រិល ភួង ជាកសិករក្នុងខេត្តបាត់ដំបងដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់នោះ ឲ្យដឹងថា កសិករប្រមាណជា៥០ភាគរយ សម្រេចចិត្តទៅធ្វើការងារខុសច្បាប់នៅប្រទេសថៃ ដើម្បីរកប្រាក់យកមកបង់ការប្រាក់ធនាគារ។ អ្នកស្រីថា គាត់ចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគាត់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សលោកបានដាក់លិខិតទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឲ្យអន្តរាគមន៍ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ សុំពន្យាពេលយកការប្រាក់ពីកសិករតែស្ថាប័នទាំង២នេះមិនទទួលលិខិតនោះទេ ៖ "ដូច្នេះត្រូវតែរិះរកមធ្យោបាយ ដើម្បីបន្ថូរបន្ថយ គឺអាចលុបផ្អាកការបង់ការប្រាក់ ឬបន្ថូរបន្ថយពន្យាពេលយ៉ាងម៉េច អាហ្នឹងគឺយើងសុំឲ្យអ្នកដែលទទួលខុសត្រូវ ស្ថាប័នមានសមត្ថកិច្ចហ្នឹងជជែកដោះស្រាយជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដល់ប្រជាពលរដ្ឋ ហើយនេះគឺជាទម្លាប់ដែលបណ្តាប្រទេសមួយចំនួនគេបានធ្វើ នៅក្នុងតំបន់របស់យើង ដើម្បីជួយកសិករជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់"។
នៅថ្ងៃពុធនេះ VOD មិនអាចសុំការអធិប្បាយពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានទេ។
អគ្គនាយកនៃគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក ស៊ីម សេនាជាតិ មានប្រសាសន៍ថា ប្រាសាក់នឹងសិក្សាពីផលប៉ះពាល់របស់អតិថិជន ហើយបើរកឃើញថា ពិតជារងផលប៉ះពាល់ធ្ងន់ធ្ងរមែន នោះអាចពន្យាពេលយកការប្រាក់ និងផ្តល់ទុនបន្ថែមដល់អតិថិជននោះ ៖ "បញ្ហាទាក់ទងនឹងទឹកជំនន់ហ្នឹង ខាងខ្ញុំអត់ទាន់បានធ្វើការសិក្សាឲ្យបានស៊ីជម្រៅ ថាតើផលប៉ះពាល់ហ្នឹងវាមានកម្រិតប៉ុណ្ណានៅឡើយទេ ទីមួយ។ ទីពីរទាក់ទងនឹងអតិថិជនយើង ភាគច្រើនគាត់មានមុខរបរហ្នឹងច្រើន មិនពឹងផ្អែកទៅលើតែកសិកម្មហ្នឹងតែមួយមុខទេ ប៉ុន្តែទោះបីយ៉ាងណា នៅក្នុងករណីដែលគាត់មានបញ្ហា យើងនឹងធ្វើការដោះស្រាយ"។
លោក ស៊ីម សេនាជាតិ បន្ថែមថា គិតត្រឹមថ្ងៃ អង្គារម្សិលមិញ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្តល់ប្រាក់កម្ចីចំនួន ៣២២លានដុល្លារ ដល់អតិថិជនចំនួន ១៧៨ពាន់នាក់នៅទូទាំងប្រទេស ក្នុងនោះ៣០%ជាកសិករ។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ អង្គការសេដាក(CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ក្រៅពីសុំឲ្យម្ចាស់ស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យាពេល យកការប្រាក់ពីប្រជាកសិករ រដ្ឋាភិបាលត្រូវផ្តល់ជាជំនួយសង្គ្រោះជាបន្ទាន់ដល់អ្នករងគ្រោះធ្ងន់ធ្ងរ ដែលបាត់បង់ផ្ទះសំបែង។ លោកថា បន្ទាប់មកទៀត រដ្ឋាភិបាលគួរមានអន្តរាគមន៍ ដោយផ្តល់ជាគ្រាប់ពូជ និងអ្នកជំនាញធ្វើកសិកម្មឡើងវិញ។
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ទឹកជំនន់បានសម្លាប់មនុស្ស ១២២នាក់ ហើយប្រជាជនរងផលប៉ះពាល់ជិត១លាន៥សែននាក់ និងប៉ះពាល់ស្រូវជិត២៥ម៉ឺនហិកតា ផ្ទះ១២ម៉ឺនខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ បើគិតជាថវិកាអស់ប្រមាណ ៥០០លានដុល្លារ ពោលប្រហាក់ប្រហែល គ្រោះទឹកជំនន់ បណ្ដាលមកពីព្យុះកេតសាណា កាលពីឆ្នាំ២០១១៕
No comments:
Post a Comment
yes