សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

ឧទ្ធរណ៍​នឹង​បើក​សវនាការឈូកបណ្ឌិតថ្ងៃ​ស្អែក

131030_10
លោក​​ ឈូក បណ្ឌិត​ ​ពេល​​ចូល​ឧទ្ធរណ៍​កាល​ពី​​ចុង​ខែ​មីនា​។ រូបថតហេង ជី​វ័ន
សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ទៅ​លើ​អតីត​អភិបាល ក្រុង បាវិត លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដែល​ជា​សវនាការ​លើក ទី៣ នៅ​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល និង​ជន​រងគ្រោះ​យល់​ថា ដំណើរការ​តាម​ផ្លូវ​តុលាការ​នេះ គឺ​គ្រាន់​តែ​ជា​ឈុត​ឆាក​ដែល​ធ្វើ​ឡើង​ដើម្បី​ឲ្យ​គ្រាន់​តែ​ល្អ​មើល ខណៈ​ដែល​អតីត​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​រូប​នេះ​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាល់​តែ​សោះ ចាប់​តាំង​ពី​ថ្ងៃ​ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស ៣ នាក់ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១២ មក។
បន្ទាប់​ពី​មាន​បញ្ជា​ពី​សាលា​ឧទ្ធរណ៍ សាលា​ដំបូង​ខេត្ត ស្វាយរៀង ដែល​មុន​នោះ​បាន​ទម្លាក់​ចោល​មិន​ចាត់​ការ​រឿង​ក្តី​របស់​លោក ឈូក បណ្ឌិត នៅ​ទី​បំផុត បាន​សម្រេច​បើក​សវនាការ នៅ​ថ្ងៃ ទី២៥ ខែ មិថុនា ឆ្នាំ ២០១៣ និង​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ៦ខែ និង​បង្គាប់​ឲ្យ​អតីត​អភិបាល​ក្រុង បាវិត រូប​នេះ បង់​ប្រាក់​សំណង ទៅ​កម្មការិនី​រងគ្រោះ ប៊ុត ចិន្ដា ចំនួន ២០ លាន​រៀល នុត សុខន ១០ លាន​រៀល និង កែវ នា ចំនួន ៨ លាន​រៀល ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ករណី​ដក​កាំភ្លើង​បាញ់​ទៅ​លើ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​ក្នុង​ក្រុង បាវិត កាល​ពី​ដើម​ឆ្នាំ ២០១២។ បើ​ទោះ​បី​ជា​សាលា​ដំបូង​ខេត្ត ស្វាយរៀង បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នោះ​មក ហើយ​កាល​ពី​ដើម​ខែ តុលា នេះ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ បាន​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ក៏​ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ អតីត​អភិបាល​ក្រុង បាវិត ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​រូប​នេះ មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

លោក ង៉ែត សារ៉ាត់ ចៅក្រម​សាលា​ឧទ្ធរណ៍ ថ្លែង​ថា លោក​បាន​ចេញ​ដីកា​ទៅ​ភាគី​ពាក់​ព័ន្ធ​រួច​អស់​ហើយ​ឲ្យ​មក​ចូល​រួម​សវនាការ​នៅ​ថ្ងៃ ទី៣១ ខែ តុលា។ លោក​បាន​បញ្ជាក់​ថា៖ «យើង​នឹង​បើក​សវនាការ​ទៅ​តាម​កាល​កំណត់​គឺ​គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ»។
លោក ស៊ុន ប៊ុណ្ណារិទ្ធ មេធាវី​ការពារ​ក្តី លោក ឈូក បណ្ឌិត បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​អំពី​ការ​បើក​សវនាកា​របស់​សាលា​ឧទ្ធរណ៍ ទៅ​លើ​បណ្តឹង​សារ​ទុក្ខ​ប្រឆាំង​ទាស់ នឹង​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត ស្វាយរៀង របស់​កូន​ក្តី​លោក​នៅ​ឡើយ​ទេ​។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ពុំ​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ពី​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ ក្រៅ​អំពី​ទទួល​ព័ត៌មាន​ពី​អ្នក​សារព័ត៌មាន​សួរ​មក​ខ្ញុំ ហើយ​កូន​ក្តី​ខ្ញុំ ក៏​ពុំ​ទាន់​ឃើញ​ទាក់​ទង​មក​ខ្ញុំ​ដែរ ខ្ញុំ​មិន​អាច​និយាយ​ថា កូន​ក្តី​ខ្ញុំ​នៅ​ឯ​ណា​នោះ​ទេ ហើយ​គេ​ក៏​ពុំ​បាន​ប្រាប់​ថា គេ​នៅ​ឯ​ណា​ដែរ»។
កម្មការិនី រងគ្រោះ កែវ នា បាន​ថ្លែង​ឲ្យ​ដឹង​ថា នាង​នឹង​មក​ចូល​រួម​នៅ​ថ្ងៃ​បើក​សវនាការ បើ​ទោះ​បី​ជា​មុខ​របួស​របស់​ពួក​នាង កំពុង​តែ​ធ្វើ​ទុក្ខ​ក៏​ដោយ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ ពួក​នាង​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ហើយ​អ្វី​ដែល​តុលាការ​បាន​ធ្វើ​នោះ គឺ​គ្រាន់​តែ​ជា​ដំណើរការ​ទៅ​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ពួក​នាង​ឡើយ។
នាង​បាន​និយាយ​ទៀត​ថា៖ «បើ​សិន​ជា​គេ​ចង់​ឲ្យ​មាន​យុត្តិធម៌​ពិត​ប្រាកដ​មែន នោះ​ត្រូវ​ចាប់​ឈូក បណ្ឌិត ដាក់​គុក​មក​ទើប​ខ្ញុំ​ជឿ​ថា គេ​ចង់​រក​យុត្តិធម៌​ឲ្យ​យើង តែ​ពេល​នេះ​ស្រមោល ឈូក បណ្ឌិត ក៏​មិន​ដឹង​នៅ​ឯ​ណា​ផង។ គិត​ទៅ​រឿង​ក្តី​ជាមួយ​អ្នក​មាន​លុយ ពិត​ជា​ពិបាក​ណាស់»។
លោក ជិន លីដា មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រងគ្រោះ មក​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង​ថា លោក ឈូក បណ្ឌិត ពុំ​ហ៊ាន​ប្រឈម​មុខ​នឹង​តុលាការ​នោះ​ទេ ដោយ​សារ​តែ​គាត់​មាន​ដីកា​តាម​ចាប់​ខ្លួន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​តុលាការ​នៅ​តែ​បន្ត​ដំណើរការ តាម​នីតិវិធី​បាន​ដែរ ដោយ​បើក​សវនាការ​កំបាំង​មុខ​។ លោក​បាន​និយាយ​ថា៖ «ចំពោះ​កូន​ក្តី​ខ្ញុំ​ជា​ជន​រងគ្រោះ គឺ​តែង​តែ​ចូល​រួម​បើក​សវនាការ​រាល់​លើក ពុំ​ដែល​អវត្តមាន​នោះ​ទេ»។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​តាម​ដាន​ដំណើរការ​រឿង​ក្តី​នេះ ចាប់​តាំង​ពី​ថ្ងៃ​មាន​ការ​បាញ់​ប្រហារ​នោះ​មក បាន​ថ្លែង​ថា ចំពោះ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​លោក ឈូក បណ្ឌិត គឺ​គាត់​ចង់​រួច​ខ្លួន ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​មិន​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​ពីព្រោះ​សាលា​ឧទ្ទរណ៍ ជា​អ្នក​ចោទ​ឡើង​វិញ​លើ​សំណុំ​រឿង​នេះ ហើយ​បង្វិល​ឲ្យ​លាលា​ដំបូង​ខេត្ត ស្វាយរៀង បើក​សវនាការ​ជា​ថ្មី។
ប៉ុន្តែ លោក អំ សំអាត បញ្ជាក់​ថា៖ «រឿង​លោក ឈូក បណ្ឌិត នេះ គឺជា​ល្បែង​ដែល​ធ្វើ​ឲ្យ​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ ពីព្រោះ​គាត់​ត្រូវ​បាន​កាត់​ទោស ហើយ​ក៏​មាន​បញ្ជា​ពី​លោក ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ឲ្យ​តាម​ចាប់​ខ្លួន ប៉ុន្តែ ឈូក បណ្ឌិត នៅ​តែ​មាន​សេរីភាព ដែល​នេះ បើ​ពុំ​មែន ឈូក បណ្ឌិត ទេ គឺ​ជាប់​គុក​យូរ​ហើយ»៕

No comments:

Post a Comment

yes