ស្រ្តីខ្មែរកម្ពុជាក្រោមម្នាក់អះអាងថា បានរងការគំរាមកំហែងតាមលិខិតអនាមិកមិនឲ្យចូលរួមបាតុកម្មនិង ផ្តិតមេដៃឲ្យគណបក្សប្រឆាំងទៀត បើមិនដូច្នោះនឹងមានផ្កាដាក់លើដី។
លោក ស៊ឹន ជុំជួន នាយករងនៃសមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា ស្រ្តីរូបនោះមានការបារម្ភពីសុវត្ថិភាពជាខ្លាំង បន្ទាប់ពីទទួលលិខិតអនាមិកគំរាមកំហែងដល់អាយុជីវិតឲ្យគាត់និងគ្រួសារបញ្ឈប់ការចូលរួមធ្វើបាតុកម្មនិងផ្តិតមេដៃឲ្យគណបក្សសង្ក្រោះជាតិនោះ។ លោកបន្តថា៖ «នេះជាការគំរាមកំហែងផ្នែកនយោបាយ ធ្វើឲ្យគ្រួសារនេះរស់នៅមិនបានសុខ ហើយអាជ្ញាធរត្រូវតែរកអ្នកដាក់លិខិតគំរាមនេះឲ្យឃើញយកមកដាក់ទោស»។
អ្នកស្រី ស៊ន គន្ធា អាយុ ៤០ ឆ្នាំ រស់នៅសង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ឲ្យដឹងថា គាត់ឃើញក្រដាស ១ សន្លឹកនៅមុខផ្ទះ បន្ទាប់ពីចូលរួមបាតុកម្មបីថ្ងៃ នៅទីលានប្រជាធិបតេយ្យ ក្នុងនោះគេសរសេរ គំរាមគាត់ឲ្យឈប់ចូលរួមធ្វើបាតុកម្មនិងផ្តិតមេដៃឲ្យគណបក្ស ប្រឆាំង ហើយថា បើមិនដូច្នោះទេ នឹងមានផ្កានៅលើដី មិនខាន។
អ្នកស្រ្តីបន្តថា៖ «គេថា ខ្ញុំចូលរួមបក្ស CPP បួនអាណត្តិហើយចុះហេតុអីអាណត្តិ ទី៥ ទៅចូលរួមធ្វើបាតុកម្មជាមួយ CNRP បើមិនឈប់ទេនឹងមានផ្កាដាក់លើដី»។
អ្នកស្រី គន្ធា បន្ថែមថា ពីម្សិលមិញមានករណីជនមិនស្គាល់មុខយកជ័រដុតជើងគ្រែតែសំណាង ល្អ ពន្លត់ទាន់វារឹតតែធ្វើឲ្យគាត់និងក្រុមគ្រួសារកាន់តែភ័យខ្លាច។
លោក គឹម កូលីដូ មេប៉ុស្តិ៍សង្កាត់ បឹងសាឡាង បានឲ្យដឹងថា បន្ទាប់ពីប៉ូលិសស៊ើបអង្កេតករណីនេះ មិនមែនជារឿងនយោបាយអីទេ គឺប្រហែលជាស្រ្តីរូបនោះនិងក្រុមគ្រួសារមានទំនាស់ឬជម្លោះជាមួយនឹងជនណាម្នាក់ ដោយយកបញ្ហានយោបាយជាខែលតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «គ្មានបញ្ហាអីធ្ងន់ធ្ងរនោះទេ ប៉ូលិសឃ្លាំមើលរហូត គ្មានការគំរាមខាងនយោបាយអីនោះទេ តែជាបញ្ហាផ្ទាល់ខ្លួនគាត់ប៉ុណ្ណោះ»៕
No comments:
Post a Comment
yes