ក្រុមបាតុករសម្រាកនៅទីលានប្រជាធិបតេយ្យ (រូបថត ពេជ្រ សុធារី)
ក្រុមបាតុករប្រមាណ ៧ពាន់នាក់ បានសម្រាកនៅទីលានប្រជាធិបតេយ្យ នៅយប់ថ្ងៃទីមួយ នៃថ្ងៃមហាបាតុកម្មលើក៣ របស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ។
នៅយប់ថ្ងៃទី២៣ខែតុលានេះ គេសង្កេតឃើញក្រុមបាតុករ បានសម្រាកជាក្រុមៗ នៅក្រោមតង់ ដែលសង់ជុំវិញទីធ្លាទីលានប្រជាធិបតេយ្យ និងខ្លះទៀតសម្រាកនៅកណ្តាលទីធ្លា ដោយពុំមានតង់បាំងមេឃនោះទេ។ អ្នកខ្លះសម្រាកលើអង្រឹង ខ្លះក្រាលកន្ទេល និងខ្លះទៀតយកក្រដាសកាសែតមកក្រាលដើម្បីសម្រាក។
កំពុងអង្គុយជជែកគ្នាជាក្រុម បាតុករម្នាក់មកពីខេត្តកំពង់ចាម លោក សៀន វន បានឲ្យដឹងថា លោកនឹងសម្រាកនៅទីលានប្រជាធិបតេយ្យនេះ រយៈពេលបីថ្ងៃ ដើម្បីចូលរួមមហាបាតុកម្ម ដោយសង្ឃឹមថា អង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រាងទីក្រុងប៉ារីស នឹងជួយដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា ។
ស្ត្រីវ័យ ៥២ឆ្នាំ ដែលមកពីខេត្តព្រៃវែង អ្នកស្រី ខាត់ សំអាត បានឲ្យដឹងដែរថា អ្នកស្រីបានលក់ស្រូវ មាន់ទា ដើម្បីបានប្រាក់ធ្វើសាហ៊ុយមករាជធានីភ្នំពេញ ចូលរួមមហាបាតុកម្មលើកទីបី ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិនេះ ក្នុងគោលបំណងទាមទាររកយុត្តិធម៌សម្រាប់ការបោះឆ្នោត។
បើតាមមន្ត្រីគណបក្សសង្គ្រោះជាតិ ក្រុមបាតុករមួយចំនួនទៀត បាននាំគ្នាទៅសម្រាកផ្ទះបងប្អូន និងខ្លះទៀត ទៅសម្រាកនៅទីវត្តអារ៉ាមមួយចំនួន ដែលនៅក្បែរទីលានប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ខែតុលានេះ ដល់ថ្ងៃទី២៥ខែតុលា ដើម្បីសុំឲ្យអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយចំនួនទៀត ជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត៕
No comments:
Post a Comment
yes