លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិ ស្នើទៅគណបក្សប្រជាជនកម្ពុជា ឲ្យបញ្ចប់តំណែងថ្នាក់ដឹកនាំ គ.ជ.ប បច្ចុប្បន្ននេះសិន មុននឹងបន្តការចរចាដើម្បីធ្វើកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធបោះឆ្នោតនាពេលខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មាន ចំពេលដែលធ្វើមហាបាតុកម្មលើកទី៣នេះ ប្រធានគណបក្សសង្គ្រោះជាតិ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា កំណែទម្រង់ប្រព័ន្ធបោះឆ្នោតទៅថ្ងៃអនាគតនេះ គឺទាមទារឲ្យមន្ត្រីរបស់ គ.ជ.ប លាលែងពីតំណែង ហើយគណបក្សប្រជាជនកម្ពុជា គប្បីទទួលយកអនុសាសន៍ មិនមែនត្រឹមតែថា មិនអនុវត្តនោះទេ ៖ "គឺយើងទាមទារឲ្យ គជប បច្ចុប្បន្ននេះ គឺដែលប្រព្រឹត្តខុសច្រើននៀក សុំឲ្យលាលែងចុះចេញពីតំណែងទៅ ហើយចាំយើងរៀបចំជជែកគ្នានូវការរៀបចំនូវដំណើរការកែទម្រង់នេះ ហើយខ្ញុំសូមបញ្ជាក់ជូនថា អ្វីដែលគណបក្សប្រជាជនបាននិយាយថា គាត់ធ្វើការកែទម្រង់នេះ សុំឲ្យមានការចូលរួមពីនេះពីនោះអីនោះ យើងស្គាល់គណបក្សប្រជាជនច្បាស់ហើយ គាត់ថាតែអញ្ចឹង អ្នកណាឲ្យអនុសាសន៍អីឲ្យទៅ ប៉ុន្តែគាត់មិនដែលទទួលយកទេ"។
លោក សម រង្ស៊ី ថ្លែងថា គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការជជែកគ្នា ដោយមានភាគីរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ អង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនៅពេលនេះ និងដើម្បីបង្កើតយន្តការ សម្រាប់ការបោះឆ្នោតទៅថ្ងៃអនាគត។ លោកបញ្ជាក់ថា ការទាមទារកំណែទម្រង់នេះ គឺធ្វើឡើងដោយផ្អែកលើអនុសាសន៍ ដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តាមរយៈបេសកកម្ម កាលពីការបោះឆ្នោត២០០៨ និងអនុសាសន៍របស់អង្គការ NDI ខុមហ្វ្រែល។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សុំមិនអធិប្បាយតបនឹងការទាមទារនេះ តែលោកបញ្ជាក់ថា គ.ជ.ប ត្រូវបានបង្កើតឡើងដោយច្បាប់ និងអនុវត្តការងាររបស់ខ្លួនស្របតាមច្បាប់ ហេតុដូចនេះ ការរំលាយ គ.ជ.ប គឺត្រូវផ្អែកលើច្បាប់ផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យដឹងថា ការទាមទារឲ្យមន្ត្រី គ.ជ.ប លាលែងពីតំណែងនៅពេលនេះ គឺផ្ទុយនឹងច្បាប់ ហើយរដ្ឋាភិបាលមិនអាចធ្វើបែបនេះបានឡើយ ៖ "អ្វីដែលខុសច្បាប់ដូចពិបាកធ្វើ តែកាលណាយើងទៅអញ្ចឹងទៅ វាបង្កើតជាទម្លាប់មួយ ថ្ងៃក្រោយយើងចេះតែបង្កើតទម្លាប់ពិសេសអញ្ចឹងទៅ យើងធ្វើវាមិនកើត ចាំជជែកគ្នាទៀតទៅ ជជែកទៅ ប៉ុន្តែខ្ញុំនិយាយម៉ិញនិយាយតាមផ្លូវច្បាប់ទេ ខ្ញុំមិនអាច ឬមួយរដ្ឋាភិបាលមិនអាចទេថាទេឥឡូវទៅដេញ អ៊ឹម សួស្តី ចេញ ដេញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញ ចេញផុតសិន ចាំរៀបថ្មី អាហ្នឹងខ្ញុំធ្វើមិនបានទេ រដ្ឋាភិបាលធ្វើមិនបានទេអាហ្នឹងនោះ"។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការទាមទារឲ្យមន្ត្រី គ.ជ.ប ចុះចេញតំណែងនៅពេលអាចធ្វើទៅបាន ប្រសិនបើមេដឹកនាំគណបក្សទាំងពីរឯកភាព ហើយធ្វើវិសោធនកម្មច្បាប់នានា ដែលពាក់ព័ន្ធ។
ការកែទម្រង់ គ.ជ.ប ជាប្រធានបទសំខាន់ដែលសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លើកឡើងតាំងពីមុនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២។
គណបក្សប្រជាជនកម្ពុជា បានប្រកាសនូវជំហរ និងប្តេជ្ញាកែទម្រង់ការបោះឆ្នោតនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា និងស្ថានការណ៍ ជាក់ស្តែងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ការប្រកាសកែទម្រង់ គ.ជ.ប នេះ ធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិដឹកនាំបាតុកម្មទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត៕
No comments:
Post a Comment
yes