សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 12, 2013

រ៉ុងឈុន៖ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតាទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន 
កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់​គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រា​រព្ធទិវាគ្រូបង្រៀនពិភពលោក នឹង​ប្រព្រឹត្តទៅ​តាម​ធម្មតា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ដោយ​មិនមានការបារម្ភចំពោះការរារាំង ឬឃាត់ខ្លួននោះ​ទេ។


ប្រធានសមាគមរូបនេះអះអាងថា អ្វីដែលសមាគមគ្រូបង្រៀនកម្ពុជាឯក្យរាជ្យធ្វើ វាគឺជាសិទ្ធិសេ​រីភាព ដែលស្របទៅនឹង​ច្បាប់បាតុកម្មបានកំណត់ តែអ្នកអនុវត្តច្បាប់មិនគោរព។ លោក រ៉ុង ឈុន បញ្ជាក់ថា៖ «ទីលានប្រជាធិបតេយ្យ បង្កើតឡើង​ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបញ្ចេញមតិ តែសាលារាជធានីភ្នំពេញមិនអនុញ្ញាត វាគឺជារឿងមួយចម្លែក»។

លោក កើត ឆែ នាយករងរដ្ឋបាល និងលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យ របស់សាលារាជ​ធានី​ភ្នំ​ពេញ បានរបដិសេធ មិន​ធ្វើការអត្ថាធិប្បាយចំពោះករណីនេះទេ ដោយលោកទាំងពីរប្រាប់ថា កំពុងជាប់ប្រជុំ។ តែគោលជំហររបស់​សាលា​រាជធានី​ភ្នំពេញ ចំពោះសំណើរប្រារព្វ​ទិវាគ្រូ​បង្រៀន​ពិភពលោក របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានអ្នក​ចូលរួម​ប្រហែលជា៦០០នាក់ ត្រូវបានគេដឹងថា សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យធ្វើ តែត្រូវធ្វើក្នុងទីស្នាក់ការ​របស់​សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ ឬនៅកន្លែងឯកជនណាមួយ ដោយមិនត្រូវធ្វើនៅទី​លានប្រជាធិប​តេយ្យ​នោះទេ។

ចំពោះករណី ដែលថាអាចនឹងមានការឃាត់ខ្លួន ពីសំណាក់សមត្ថកិច្ច ខណៈពេលប្រារព្ធទិវា​គ្រូ​បង្រៀនពិភពលោក នៅ​ទីលានប្រជាធិបតេយ្យ លោក រ៉ុង ឈុន បានលើកឡើងថា លោកមិនចាប់​អារម្មណ៍ ចំពោះការឃាត់ខ្លួននោះទេ ព្រោះ​លោកមិនបានធ្វើអ្វីដែលខុសទៅនឹងច្បាប់។​​ លោក រ៉ុង ឈុន បញ្ជាក់ថា៖«បើគេនាំខ្លួនខ្ញុំ អាហ្នឹងវាជារឿងធំហើយ ដឹង​ហើយស្រុកយើងសព្វថ្ងៃកំពុងតែ​ច្របូកច្របល់រឿងនយោបាយ ក្រែងលោរឿងតូចក្លាយជារឿងធំ ច្រានរលំរដ្ឋាភិបាល ដូច​ប្រទេស​ទុយនេស៊ី ចាប់ផ្តើមពីនិស្សិតតែម្នាក់ ហើយខ្ញុំក៏មានអ្នកគាំទ្រច្រើនដែរ កម្មករ ពលរដ្ឋ សិស្សនិសិ្សត ក្រែងលោ​ទប់​ចរន្តនឹងវាមិនជាប់»។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា ក្នុងបញ្ហានេះវាមានរូបភាពពីរយ៉ាង ទី១. រូបភាពច្បាប់ ដែលគេមើលឃើញថា សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតប្រារព្ធកម្មវិធី នៅ​ទី​លានប្រជាធិបតេយ្យនោះ បានន័យ​ថា«ច្បាប់»ស្ថិតនៅលើសាលារាជធានី។ ទី២. រូបភាពសិទ្ធិ​សេរីភាព ការប្រមូលផ្តុំជួបជុំ និងសម្តែងមតិរបស់ប្រជាពលរដ្ឋ វាគឺជារឿង​ត្រឹមត្រូវ។ លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀងថា៖ «អាជ្ញាធរគួរតែសម្របសម្រួលសហការជាមួយគ្នា ព្រោះ​ការជួបជុំ​សម្តែងមិតិ វាគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិតេយ្យ»។
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes