អតីតអ្នកបុរីកីឡា និងកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃពុធ វេលាម៉ោងជិត៩នេះ បានប៉ះទង្គិចគ្នា នៅខាងមុខវិមានសន្តិភាព ក្បែរទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាលឲ្យយុវនារីម្នាក់អាយុ១៤ឆ្នាំ សន្លប់ និងអ្នកផ្សេងទៀត រងរបួសស្រាល។
ការប៉ះទង្គិចនេះ កើតឡើងបន្ទាប់ពីអតីតអ្នកបុរីកីឡាប្រមាណជា៦០នាក់ បានដង្ហែក្បួនពីតំបន់បុរីកីឡា ដើម្បីទៅតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ ពន្លឿនរកដំណោះស្រាយ។ នៅព្រឹកថ្ងៃពុធនេះផងដែរ កម្លាំងសមត្ថកិច្ចប្រមាណជា១០០នាក់ ចុះទៅឡោមព័ទ្ធតំបន់បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្នុងគោលបំណងទប់ស្កាត់ពលរដ្ឋដែលមានទំនាស់ដីធ្លី ហែក្បួនទៅសាលារាជធានីភ្នំពេញ។
ការប៉ះទង្គិច ធ្វើឲ្យប្រជាសហគមន៍មួយចំនួន ដួលនៅលើផ្លូវ រងរបួសស្រាល និងយុវនារីម្នាក់ សន្លប់។
អតីតអ្នកបុរីកីឡា ធ្លាប់ត្អូញត្អែរថា ការរស់នៅរបស់ពួកគេ ជួបការលំបាក ដោយរស់នៅក្រោមតង់ ជិតសំរាម និងធ្លាក់ខ្លួនឈឺ។ពួកគេ ទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ដោះស្រាយបញ្ហា ដោយគោរពតាមការសន្យាកាលពីឆ្នាំ២០០៤ និងទាមទារឲ្យអភិបាលរាជធានី ជួយផ្តល់ស្បៀងអាហារ និងចេញមុខមកដោះស្រាយ។
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុនបានបណ្ដេញចេញកាលពីដើម ឆ្នាំ២០១២៕
No comments:
Post a Comment
yes