សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 27, 2013

អ្នក​ចូលរួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​ជា​ជន​រងគ្រោះ​ទំនាស់​ដីធ្លី

បាតុករ​ច្រើន​​ម៉ឺន​នាក់​​​ប្រឆាំង​​​នឹង​​លទ្ធផល​​​ការ​បោះឆ្នោត​​បាន​ចូលរួម​បាតុ​កម្ម​​គណបក្ស​​សង្គ្រោះជាតិ។​​
បាតុករ​ច្រើន​​ម៉ឺន​នាក់​​​ប្រឆាំង​​​នឹង​​លទ្ធផល​​​ការ​បោះឆ្នោត​​បាន​ចូលរួម​បាតុ​កម្ម​​
គណបក្ស​​សង្គ្រោះជាតិ

ប្រជា​ពលរដ្ឋ​ ដែល​មក​ចូលរួម​មហា​បាតុកម្មរបស់គណបក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ ភាគ​ច្រើនមាន​ប្រវត្តិ​ជា​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី ​រងគ្រោះ​ពីអំពើ​ពុក​រលួយ​ និង​ភាព​អយុត្តិធម៌​ក្នុងសង្គម​ តាម​រយៈប្រព័ន្ធ​ដឹកនាំ​រដ្ឋ​សព្វ​ថ្ងៃ។

ខណៈ​ពេល​កំពុង​ដើរមក​សម្រាក​ក្នុង​តង់​ផ្នែង​ខាង​ចុង​សួន​ប្រជា​ធិបតេយ្យ​ លោក​សឿន ស៊ីណា ​អាយុ​៣៨​ឆ្នាំ ​ជា​ពលរដ្ឋ​រងគ្រោះ​ដោយការ​រំលោភ​ដី​ធ្លី​ម្នាក់​មក​ពីឃុំ​គោល​មេទ ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​និយាយថា៖​ «ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​ដែល​អាជ្ញាធរ​ និង​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ពលរដ្ឋ​អស់។​ ខ្ញុំ​ឈឺ​ចាប់​ណាស់​ ទើប​មក​ចូលរួម​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​អំណាច។  ​បើ​មិន​ដូច្នេះ​ទេ ​ពលរដ្ឋ​នឹង​ស្លាប់​ហើយ។ ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ប្រៀប​ដូចជា​គេ​មក​សម្លាប់​ទាំង​រស់។ ​ពលរដ្ឋ​ក្រីក្រ​ ដូច្នេះ​ពេល​បាត់​បង់​ដី​អញ្ចឹង​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​សឹង​តែ​រក​អ្នក​នៅ​ក្នុង​ភូមិ​គ្មាន»។​

បុរស​ដែល​មាន​សម្បុរខ្មៅ​ស្រអែម​ និង​ចង​ក្បាល​ហ្នឹង​ក្រណាត់​ដែល​សរសេរ​ថា ​«មាន​យុត្តិធម៌​ មាន​សន្តិភាព»ម្នាក់​នេះ​ បាន​ឱ្យ​ដឹង​ថា ​ដី​ទំហំ​៧៤០​ហិចតា​របស់​ពលរដ្ឋ​សរុប១៥០​គ្រួសារ​ក្នុង​ភូមិ​របស់​លោក​ ត្រូវ​បាន​អាជ្ញាធរ​ដក​ទៅ​ប្រគល់​ឱ្យ​ឈ្មួញស្តុកស្តម្ភ​ម្នាក់​ ក្នុង​ខេត្ត​បាត់​ដំបង​ដើម្បី​ដាំ​ដំឡូងមី​វិញ។​

លោក​សឿន ស៊ីណា​បន្ថែម​ថា ​ពលរដ្ឋ​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួចហើយ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។​ ដូច្នេះ​ទើបពួក​គាត់​សម្រេច​ចិត្ត​មកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

ចំណែក​ឯ​បាតុករ​ម្នាក់​ទៀត ​លោក​ចក់ ហួរ ​អាយុ​៣០​ឆ្នាំ ​ថ្លែងដោយ​កំហឹង​ថា ​លោក​មក​ចូលរួម​មហា​បាតុកម្ម​នេះ ​ដោយ​សារប្រទេស​វៀតណាម​បាន​បង្ខិត​ព្រំដែន​រំលោភ​យកដីស្រែ​ចម្ការ​ពី​ដូន​តា​របស់​លោក។ ​

«ខ្ញុំ​ជា​អ្នក​ដែល​រស់​នៅ​តាម​ព្រំដែន ​ដូច្នេះ​អ្វី​ដែល​ឈឺ​ចាប់​បំផុត​គឺ​ការ​បាត់​បង់​ដី​ធ្លី ​និង​ស្រែ​ចម្ការ ​ដែល​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។ ​ជនជាតិ​វៀតណាម​គេ​មិន​ឱ្យ​ធ្វើ​ទេ។ ​ដី​ស្រែ​ពី​ដូនតា​របស់​យើង​ ឥឡូវ​គេ​ធ្វើ​ព្រំដែន​ព័ទ្ធ​យក​ ឈប់​ឱ្យ​យើង​ធ្វើ​ស្រែ​ហើយ។ ​ខ្ញុំ​មិន​ដឹង​ជា​មាន​មធ្យោបាយ​អ្វី​ទេ​គឺ​មាន​តែ​មក​ចូលរួម​បាតុកម្ម​ដើម្បី​តស៊ូ​ទាមទារ​យក​ដី​ស្រែ​ពី​ដូន​តា​មក​វិញ»

លោក​ចក់ ហួរ​បាន​បាត់បង់​ដីស្រែទំហំ​២,៥​ហិចតា​ដែល​គាត់​ធ្វើ​ត​ជំនាន់​មក​ហើយ។

លោក​មិន​បាន​ទទួល​សំណង​អ្វី​ទាំង​អស់ ​នៅ​ពេល​អាជ្ញាធរវៀតណាម​បោះ​បង្គោល​កំណត់​ព្រំដី​របស់​ខ្លួនកាល​ពី​២​ឆ្នាំ​មុន។ ​អ្នក​ភូមិ​របស់​លោកប្រហែល​២០០​នាក់​ផ្សេង​ទៀត​ ដែល​រងគ្រោះ​ដោយ​ការ​បាត់​បង់​ដីដូចគ្នា​នេះ​ ក៏​បានមក​ចូល​រួម​ដែរ។ ការ​បាត់​បង់​ដី​ស្រែធ្វើ​ឱ្យ​បុរស​ជា​កសិករ​ម្នាក់​នេះ​ធ្លាក់​ខ្លួន​ក្លាយ​ជា​កម្មករស៊ី​ឈ្នួល​ដាំ​ដំឡូងមី​ឱ្យ​គេ។​

បុរស​វ័យ​ចំណាស់​ជនជាតិ​កម្ពុជា​ក្រោម​ម្នាក់​ ដែល​ឈរ​ក្បែរ​នោះ បាន​និយាយ​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​ខ្លាច​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​ ពេល​ត្រឡប់​ទៅ​ស្រុក​កំណើតវិញ។ បុរស​នេះ​មក​ពី​ខេត្ត​ឃ្លាំង ​ទឹក​ដី​កម្ពុជា​ក្រោម​ដែល​សព្វ​ថ្ងៃ​ស្ថិត​ក្នុង​ប្រទេស​វៀតណាម។ លោក​ថ្លែង​ថា​លោក​និង​ជនជាតិខ្មែរ​កម្ពុជា​ក្រោមប្រមាណ​៣០​នាក់ផ្សេង​ទៀត​តែងតែ​ឆ្លង​ដែន​មក​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ ​ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​កាន់​តែ​ខ្លាំងពី​សំណាក់​រដ្ឋាភិបាលវៀតណាម។​

«ចំពោះ​បញ្ហា​គឺ​ថា​ កៀប​សង្កត់​ណាស់​នៅ​ទី​នោះ ​គឺ​ថា ​ពេល​យុវជន​យើង​គ្រាន់​តែ​ផឹក​កាហ្វេ​ពេល​ព្រឹក​ជុំ​គ្នា​ វា​តាម​ដាន​ ហើយ​ដល់​ល្ងាច​ឡើង ​មេ​ភូមិ​មេ​ឃុំគេ​ហៅ​យើង​ទៅ​សាក​សួរ ​ហើយ​ថា ​យើង​ជំនុំ​រឿង​អី​គឺ​ថា ​ពិបាក​ណាស់ ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ។ ​យើង​មក​ទី​នេះ​ជួយ​បាតុកម្ម។​ ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ គេ​ជួយ​បញ្ហា​សិទ្ធិ​មនុស្ស​ពលរដ្ឋ​កម្ពុជា​ក្រោម​ឱ្យ​ប្រសើរ​ឡើង​បន្តិច»។​

លោក​សេង ស៊្រុន ​អាយុ​៤៩​ឆ្នាំកំពុង​អង្គុយ​ជុំ​គ្នា​ជាមួយ​បាតុករ​ដទៃ​ទៀត។​លោក​មាន​សម្បុរស​ និង​ពាក់​អាវ​ពណ៌​ស។ ​លោក​មក​ពី​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម។ លោក​ថ្លែង​ថា ​លោកចូលរួម​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។​

«យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ​សុខ​ចិត្ត​ចូលរួម​មហា​បាតុកម្ម​ ដោយ​មិន​គិត​ពី​ជីវភាព​លំបាក​ក្នុង​គ្រួសារ​ទេ។ ​សព្វ​ថ្ងៃ​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ដែល​មក​នេះ​គឺ​ខ្វះ​មុខ​ខ្វះ​ក្រោយ ​ប៉ុន្តែ​ដោយ​សារ​កំហឹង​ឈឺ​ចាប់​ បានជា​មក​ទាមទារ​យុត្តិធម៌​ និង​ស្វែងរក​ការណ៍​ពិត ថា​តើ​សន្លឹក​ឆ្នោត​ប្រជា​ពលរដ្ឋហ្នឹង​បាត់​ទៅ​ណា?»​

ពេល​ចៅស្រី​គាត់​កំពុង​គេង​លើ​ភ្លៅ ​អ្នកស្រី​ធុច សំនៀង​និយាយ​បណ្តើរ ​បក់​ផ្លិត​ឱ្យ​ចៅ​បណ្តើរ។ គាត់​និយាយថា ​ការ​ចូលរួម​នេះ​គឺ​ដើម្បី​ភាព​យុត្តិធម៌​ក្នុង​សង្គម។​

«ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ក្នុង​ការ​ដឹកនាំ​សព្វ​ថ្ងៃរបស់រដ្ឋាភិបាល ​និង​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម។ ​ក្នុង​ការ​កាត់​ក្តី ​អ្នក​ក្រ​មិន​ដែ​លឈ្នះ​ម្តង​ណា​ទេ។​ អ្នក​មាន​ដឹង​តែ​គេ​ឈ្នះ។ ខ្ញុំ​មាន​ការ​ឈឺ​ចាប់បំផុត​ក្នុង​ប្រព័ន្ធ​តុលាការ។​ អញ្ចឹង​ខ្ញុំ​ចង់​ប្តូរ​អ្នក​ដឹក​នាំ»

អ្នក​ស្រី​សំនៀង​តែងតែ​នាំ​ចៅ​មក​ចូលរួម​បាតុម្ម​នៅ​ពេល​រសៀល ​បន្ទាប់​ពី​ជូន​ចៅ​ចេញ​ពី​រៀន​នៅ​ពេល​ព្រឹក។​

​អ្នកស្រី​ប៊ូ សារុំ ​អាយុ​៤៧​ឆ្នាំ​កំពុង​អង្គុយ​ជំនុំ​គ្នា​ជាមួយ​ស្ត្រី​ចំណាស់​ម្នាក់។​  ​អ្នកស្រី​មក​ពី​ស្រុក​ពញា​ក្រែក ​ខេត្ត​កំពង់ចាម។​ អ្នកស្រី​ជា​អាជីវករ​លក់​បបរ។ ​អ្នកស្រី​រំពឹង​ថា ការ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិអាច​ជួយ​ជីវភាព​គ្រួសារ​អ្នកស្រី​ឱ្យ​ធូរធារ​ជាង​នេះ។​

«មក​ចូលរួម​នេះ​ដើម្បី​ឱ្យ​ប្រទេស​បាន​រីក​ចម្រើន ​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​សិរីសួស្តី​ ដូច​ប្រទេស​គេ​ដទៃ។ ​អាជីវកម្ម​កៅស៊ូ​ក៏​ដោយ ​ធ្វើ​ការ​អ្វីៗ​ឱ្យ​បាន​រីក​ចម្រើន ​ដោយ​មាន​ប្រទេស​អន្តរជាតិ​គេ​ជួយ​ដឹកនាំ​អញ្ចឹង។ ​ពេល​ខ្ញុំ​យក​កូន​ខ្ញុំ​ទៅ​ពេទ្យ សូម​មើល​កូន​ខ្ញុំ​ផង!​ ពេល​ខ្ញុំ​យក​កូន​មក​ពេទ្យ​ គេ​អត់​មើល​កូន​ខ្ញុំ​ទេ។​ ខ្ញុំ​សូម​ថ្នាំ​គេ​មួយ​គ្រាប់ ​គេ​អត់​ឱ្យ​ខ្ញុំ​ទេ។​ ខ្ញុំ​ដើរ​យំ​ពេញ​ភ្នំពេញ។​ ខ្ញុំ​ឈឺ​ចាប់​ណាស់»។​

ក្រៅ​ពី​និយាយ​ពី​ការ​រងគ្រោះ​ដែល​ពួក​គេ​ជួប​ប្រទះ ​បាតុករ​ភាគ​ច្រើន​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាសន៍ ​ក៏​បាន​រិះ​គន់​រដ្ឋាភិបាល​បច្ចុប្បន្នពី​បញ្ហា​ពុក​រលួយ ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ​និង​បញ្ហា​ព្រំ​ដែន​ជា​ដើម។​

លោក​ជាម យៀប ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្លែង​ថា​ ករណី​ដែល​ពលរដ្ឋ​លើក​ឡើង​ទាំង​នេះ​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ។​

«ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា ​យើង​មិន​អាច​ជៀសផុត​ពី​កង្វះ​ខាត​ដែល​មាន​ហ្នឹង​ទេ ​ពី​ព្រោះ​កូន​យើង​តែ​ពីរ​នាក់​យើង​ពិបាក​គ្រប់គ្រង​ផង។​ ដូច្នេះ​ទម្រាំ​យើង​ដឹកនាំ​ប្រទេស​ជាតិ​ដែល​មាន​ប្រជាជន​១៤,៥​លាន​នាក់​ ដូច្នេះ​សមាជិក​គណបក្សខ្លះ​មាន​ការ​រំលោភ​អញ្ចឹង។ ​ប៉ុន្តែ​លោក​អត់​បណ្តែរ​បណ្តោយ​ទេ​គឺ​ដាក់​ទោស​ទណ្ឌ​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត»
គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត បាន​សន្យា​ជា​មួយ​ម្ចាស់​ឆ្នោតថា​ ខ្លួននឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ​នៅ​ពេល​ដែល​គណបក្សខ្លួន​ឈ្នះ​ឆ្នោត៕

No comments:

Post a Comment

yes