ទិដ្ឋភាពអ្នកចូលរួមធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣
បន្ទាប់ពីមិនត្រូវរ៉ូវគ្នារឿងធ្វើមហាបាតុកម្ម ៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ រវាងគណបក្សសង្គ្រោះជាតិ ជាមួយស្ថាប័នក្រសួងពាក់ព័ន្ធជាច្រើនលើក នៅទីបំផុតក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យមានការធ្វើបាតុកម្មតាមគម្រោងរបស់គណបក្សប្រឆាំង ប៉ុន្តែបានដាក់លក្ខខណ្ឌមួយចំនួនតម្រូវឲ្យគណបក្សនេះគោរពតាម។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់លក្ខខណ្ឌ ៤ចំណុច តម្រូវឲ្យគណបក្សសង្គ្រោះជាតិ គោរពតាមជាថ្នូរអនុញ្ញាតឲ្យគណបក្សនេះធ្វើមហាបាតុកម្ម ៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ។
លក្ខខណ្ឌទាំងនោះរួមមាន ទី១ អនុញ្ញាតឲ្យធ្វើមហាបាតុកម្មពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។ ប៉ុន្តែមិនអនុញ្ញាតឲ្យបោះជំរំស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃផ្សេងទៀត។ ទី២ អនុញ្ញាតឲ្យមានក្រុមបាតុករចូលរួមមិនលើសពី ១ម៉ឺននាក់។ ទី៣ គណបក្សសង្គ្រោះជាតិ ត្រូវគ្រប់គ្រងបាតុករឲ្យបានល្អ ដើម្បីធានាដល់ការធ្វើបាតុកម្មដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ះពាល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិសាធារណៈនិងឯកជន។ ទី៤ ក្នុងករណីមានការយកញត្តិទៅស្ថានទូត ឬស្ថានតំណាងនានា គណបក្សសង្គ្រោះជាតិ អាចយកញត្តិទាំងនោះទៅបានតាមការកំណត់រយៈពេល និងចម្ងាយផ្លូវដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ថា សេចក្តីសម្រេចរបស់ក្រសួងនៅពេលនេះ គឺធ្វើឡើងស្របតាមច្បាប់។ លោកបញ្ជាក់ថា ការនាំញត្តិទៅស្ថានទូត ខាងសាលារាជធានីភ្នំពេញ ជាអ្នកកំណត់ផ្លូវ និងចំនួនមនុស្សដែលហែក្បួននោះជាដាច់ខាត។
ជុំវិញការកំណត់ចំនួនមនុស្សឲ្យហែយកញត្តិទៅស្ថានទូត អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី២២ ខែតុលា ដោយបញ្ជាក់ថា អ្នកហែក្បួននាំញត្តិទៅស្ថានទូត ឬស្ថានតំណាង គឺមិនត្រូវលើសពី ១ពាន់នាក់ឡើយ។ ចំពោះការប្រគល់ញត្តិទៅមន្រ្តីទូត ក្រុមអ្នកនាំញត្តិត្រូវចាត់ប្រតិភូចំនួនមិនលើសពី ១០នាក់។ ចំពោះចម្ងាយផ្លូវក្នុងការនាំញត្តិត្រូវមានការឯកភាពជាមួយសាលារាជធានីភ្នំពេញ ជាមុនសិន។
យ៉ាងណាគណបក្សសង្គ្រោះជាតិ ហាក់មិនអនុវត្តតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ឡើយ ដោយបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី២២ ខែតុលា ថា អ្នកចូលក្នុងបាតុកម្មនឹងមានគ្នាចំនួន ៤ម៉ឺននាក់ មកពីបណ្តារាជធានី ខេត្តទាំង ២៤ ហើយធ្វើរហូតដល់យប់។ បើតាមគម្រោងនេះមែន ចំនួននេះគឺលើសពីការកំណត់របស់ក្រសួងមហាផ្ទៃ ដែលកំណត់ឲ្យមានត្រឹមតែ ១ម៉ឺននាក់។
ជុំវិញបញ្ហានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ជាទូទៅគណបក្សសង្គ្រោះជាតិ តែងធ្វើលើសចំនួននៃការកំណត់អ្នកចូលរួមរបស់ក្រសួងមហាផ្ទៃ។ លោកមិនបានប្រាប់ថា តើសមត្ថកិច្ចនឹងធ្វើបែបណាខ្លះក្នុងករណីដែលមានការហែក្បួន និងមានអ្នកចូលច្រើនលើសពីការកំណត់ទេ។ តែលោកបានធានាថា សមត្ថកិច្ចដែលចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបាតុកម្មនោះ នឹងគ្មានអាវុធដែលបង្កឲ្យមានគ្រោះថ្នាក់នោះឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងដោយប្រកាន់គោលជំហរថា មហាបាតុកម្មនេះធ្វើដោយអហិង្សា និងមិនធានាទទួលខុសត្រូវចំពោះជនណាដែលបង្កអំពើហិង្សាឡើយ។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ តាមគម្រោងនៅថ្ងៃទី២៣ ខែតុលា ក្បួនបាតុកម្មនឹងចេញដំណើរដង្ហែញត្តិពីទីលានប្រជាធិបតេយ្យទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅវេលាម៉ោង ៣រសៀល។ ក្បួនដង្ហែនោះនឹងវិលត្រឡប់មកទីលានវិញ ហើយមានបញ្ចាំងភាពយន្តឯកសារនៅយប់។ គម្រោងនៅថ្ងៃទី២៤ នឹងមានការដង្ហែក្បួននាំញត្តិទៅស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក ហើយនៅពេលយប់មានបញ្ចាំងភាពយន្តឯកសារ។ សម្រាប់ថ្ងៃបាតុកម្មចុងក្រោយ នឹងមានការហែយកញត្តិទៅស្ថានទូតអូស្រ្តាលី ស្ថានទូតរុស្ស៊ី ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន៕
No comments:
Post a Comment
yes