សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​ធ្វើ​ប្លង់​រឹបអូស​យក​ដី​ពលរដ្ឋ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៥០​គ្រួសារ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ក្លែង​បន្លំ​ធ្វើ​ប្លង់​រឹបអូស​យក​ដី​របស់​ខ្លួន​ជាង ៦០​ហិកតារ។ ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ដី​ទាំង​ជាង ៦០​ហិកតារ នោះ ពួក​គាត់​បាន​កាន់​កាប់​តាំង​តែ​ពី​ឆ្នាំ​១៩៨៤ រហូត​មក។

ក្រុម​ប្រជាពលរដ្ឋ​និយាយ​ថា ពួក​គាត់​បាន​បង្កបង្កើន​ផល​លើ​ដី​របស់​ខ្លួន​ជា​បន្តបន្ទាប់ អាក់​ខាន​មិន​បាន​ធ្វើ​ស្រែ​លើ​ដី​នោះ​ចំពោះ​តែ​ឆ្នាំ​ណា​ដែល​មាន​ទឹក​ធំ​ឡើង​ខ្ពស់ លិច​គ្រប​ដណ្ដប់​ផ្ទៃដី​យូរ​អង្វែង ដែល​មិន​អាច​ធ្វើ​ស្រែ​បាន​ប៉ុណ្ណោះ។ ដោយ​ហេតុ​មាន​គ្រោះ​ធម្មជាតិ​ទឹក​ធំ​ញឹកញាប់ ពួក​គាត់​មិន​បាន​ធ្វើ​ស្រែ​លើ​ផ្ទៃដី​ទាំង​ជាង ៦០​ហិកតារ នោះ​អស់​មួយ​រយៈ។ លុះ​ដល់​ឆ្នាំ​២០០៤ ក្រុម​ប្រជាពលរដ្ឋ​បាន​ដំណើរ​ធ្វើ​ស្រែ​លើ​ដី​នោះ​បន្ត​ទៀត ប៉ុន្តែ​ការ​ធ្វើ​ស្រែ​របស់​អ្នក​ភូមិ​ឆ្នាំ​នោះ កើត​មាន​ទំនាស់​គ្នា​ជាមួយ​គូភាគី​ម្ខាង​ទៀត។ ដោយ​ភាគី​ម្ខាង​ទៀត បាន​យក​បង្គោល​ទៅ​បោះ​ធ្វើ​ជា​របង​ព័ទ្ធ និង​បាន​ឈូស​ឆាយ​លើ​ផ្ទៃដី​ទាំង​ជាង ៦០​ហិកតារ។
ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក ហ៊ុន សាមិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ តុលា ថា គូភាគី​ម្ខាង​អាង​អំណាច នាំ​កម្លាំង​មន្ត្រី​កង​រាជ​អាវុធហត្ថ ទៅ​ឈូស​ឆាយ​វាតទី​លើ​ដី​របស់​ពួក​គាត់ ដោយ​គ្មាន​ការ​ក្រែង​ញញើត​ប្រជាពលរដ្ឋ​ឡើយ៖ «ប៉េអិម​មក​ម្ភៃ​សាមសិប​នាក់​ណោះ គេ​យក​មក​ឈូស​ឆាយ គេ​ថា​អភិវឌ្ឍ​ដី​ហ្នឹង ហើយ​ពួក​ខ្ញុំ​ចេះ​តែ​ប្ដឹង​តវ៉ា​ទៅ​បាន​ចាប់​បាញ់ ខឹម ឡាយ ៣​គ្រាប់ ចាប់​ទាំង​យប់​យក ខឹម ឡាយ ហ្នឹង យក​ទៅ​ដាក់​គុក។ ឥឡូវ ខឹម ឡាយ ហ្នឹង​ស្លាប់​ហើយ ស្លាប់​ដោយ​ឈឺ​គេ​វ៉ៃ​ហ្នឹង ឥឡូវ ខឹម ឡាយ ហ្នឹង​ស្លាប់​ហើយ»

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ លោក កើក នោ ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​ដឹក​នាំ​កម្លាំង​ទៅ​ធ្វើ​សកម្មភាព​ដូច​នេះ ដោយសារ​គេ​ដឹង​ថា ដី​ទាំង​ជាង ៦០​ហិកតារ នោះ ប្រជាពលរដ្ឋ​កាន់​កាប់​ដោយ​ពុំ​មាន​ប្លង់​ត្រឹមត្រូវ៖ «ហើយ​ក្នុង​អា​ដែង​ដាក់​ប្លង់​ហ្នឹង គេ​ថា​សុទ្ធ​តែ​ទិញ​គេ តែ​ការ​ពិត​វា​ក្លែង​លិខិត​ហ្នឹង​ទេ គ្មាន​ទិញ​ពី​ណា​ទេ គ្មាន​ពី​ណា​លក់​ឲ្យ​ទេ។ វា​ឃុបឃិត​ជាមួយ​មេ​ឃុំ ហើយ​ជាមួយ​មន្ត្រី​សុរិយោដី​អី វា​ចេះ​តែ​ធ្វើ​ប្លង់​ហ្នឹង​ទៅ។ ហើយ​ពួក​ខ្ញុំ​ប្ដឹង​តវ៉ា​ហ្នឹង មិន​ដែល​បាន​ឈ្នះ​គេ​ទេ គេ​សំអាង​ថា​គេ​មាន​ប្លង់ ហើយ​ពួក​ខ្ញុំ​អត់​មាន​ប្លង់។ យើង​បាន​ទៅ​ធ្វើ​តាំង​ពី ៨៤ តាំង​ពី​រុករាន​មក​ម្ល៉េះ រហូត​ដល់​ឥឡូវ​ក៏​យើង​នៅ​តែ​ធ្វើ​ដែរ ឈ្លោះ​តែ​ឈ្លោះ តែ​យើង​នៅ​តែ​ធ្វើ​ដដែល​ហ្នឹង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​កង​រាជ​អាវុធហត្ថ លោក ស៊ឹម ឈាន បង្ហាញ​ថា ដី​ជាង ៦០​ហិកតារ នោះ ជា​ដី​របស់​គាត់ ក្នុង​នោះ​មួយ​ចំនួន​បាន​ពី​ការ​ទិញ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​ដី​មួយ​ចំនួន​ទៀត បាន​ពី​ការ​សុំ​អ្នក​ភូមិ​តាំង​ពី​ហាង​ឆេង​ដី​នៅ​មាន​តម្លៃ​ទាប​នៅ​ឡើយ៖ «តាំង​ពី​ចែក​ឲ្យ​រហូត មេ​ភូមិ​មេ​ឃុំ​ចែក​ឲ្យ​កាល​ពី​ឆ្នាំ​ហ្នឹង ហើយ​ខ្ញុំ​ជីក​សុទ្ធ​តែ​ភ្លឺ​ជម្រៅ​មួយ​ម៉ែត្រ​ទៀត។ ដល់​រហូត​ឆ្នាំ​២០០៥-២០០៦ ទើប​បាន​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​នាំ​គ្នា​ទៅ​ចាប់​លើ​ដី​ហ្នឹង​អ៊ីចឹង។ មួយ​ទៀត ដល់​ពេល​គាត់​នេះ​ហ្នឹង ខ្ញុំ​បាន​ប្រាប់​ហើយ​ថា ដី​ខ្ញុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ត្រឹមត្រូវ​តាម​ច្បាប់»
លោក​ថា ក្រុម​ប្រជាពលរដ្ឋ​ជា​អ្នក​បង្ក​បញ្ហា​ទៅ​ទន្ទ្រាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់ បង្ក​ទៅ​ជា​ទំនាស់​ប្ដឹង​ឡើង​តុលាការ។
មេ​ឃុំ​ចន្ទ្រា លោក ក្លែង រុន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី ៦០​ហិកតារ នោះ​ខ្លះ​មែន ប៉ុន្តែ​ពួក​គាត់​ពុំ​មាន​ឯកសារ​បញ្ជាក់​ការ​កាន់​កាប់​ដី​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ៖ «ហើយ​មិន​ដឹង​ម៉េច មិន​ទាន់​ស្រេច បាន​ជា​ខ្ញុំ​ជា​ពិបាក​ដែរ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​លោក។ រួច​ឥឡូវ​ហ្នឹង មក​ដណ្ដើម​គ្នា​ចុះ​ទៅ​ភ្ជួរ​ទៀត ខ្ញុំ​ចុះ​ទៅ​ឃាត់​ថា​ឲ្យ​រង់ចាំ​ច្បាប់​ទៅ កុំ​ឈ្លោះ​ប្រកែក​គ្នា»
មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក មុំ លីដា ឲ្យ​ដឹង​ថា ដី​ជាង ៦០​ហិកតារ នោះ ប្រជាពលរដ្ឋ​លោក​បាន​ទៅ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៤ មក​ម្ល៉េះ។ ប៉ុន្តែ ពួក​គាត់​ដោយសារ​ជីវភាព​ក្រីក្រ ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ប្លង់ ទើប​ប្រជាពលរដ្ឋ​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​នោះ​នៅ​ឡើយ៖ «ប៉ុន្តែ​ដល់​គាត់ៗ​អ្នក​មក​ព័ទ្ធ​យក​ដី​គាត់​ធ្វើ​ប្លង់ គាត់​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​អ៊ីចឹង​ទៅ គាត់​មាន​លុយ​គាត់​ធ្វើ​បាន​ហើយ គាត់​ធ្វើ​លើ​ដី​ដែល​ប្រជាជន​កាន់​កាប់​ហ្នឹង ហ្នឹង​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង។ ហើយ​បញ្ហា​នេះ វា​កើត​មាន​ជា​យូរ​មក​ហើយ»
ក្រុម​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​តាំង​ពី​ឆ្នាំ​២០០៤ រហូត​មក ដោយ​ភាគី​ទាំង​សង​ខាង ទាមទារ​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​កាន់​កាប់​ដី​រៀងៗ​ខ្លួន។ បញ្ហា​នេះ ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​មិន​ពេញ​ចិត្ត ប្ដឹង​ឡើង​តុលាការ។ តុលាការ​ធ្លាប់​បាន​សម្រេច​កាត់​ឲ្យ​ភាគី​កង​រាជ​អាវុធហត្ថ​ឈ្នះ​ក្ដី​ម្ដង​រួច​មក​ហើយ។ ក្រុម​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​ចំពោះ​នីតិវិធី​តាម​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ។ អ្នក​ភូមិ​បាន​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ និង​ត្រួត​ពិនិត្យ​ចំពោះ​បញ្ហា​នេះ​សាជាថ្មី៕

No comments:

Post a Comment

yes