អាគារកំពុងសាងសង់នៅក្បែរព្រះបរមរាជវាំង (រូបថត តាំង វីដា)
សាលារាជធានីភ្នំពេញ អះអាងថា នឹងធ្វើលិខិតជូនដំណឹង ទៅម្ចាស់សំណង់អគារខ្ពស់ពីរកន្លែង នៅដើមសប្តាហ៍ក្រោយនេះ ចំពោះគម្រោងវាយកម្ទេចសំណង់អគារ ដែលអាជ្ញាធរថា បានសង់ខ្ពស់លើសច្បាប់កំណត់ នៅក្បែរព្រះបរមរាជវាំងនោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងក្រោយពីកិច្ចពិភាក្សារួចនៅរសៀលថ្ងៃសុក្រនេះថា ភាពយឺតយ៉ាវក្នុងការចេញលិខិតជូនដំណឹងទៅម្ចាស់អគារចំនួនពីរកន្លែង ដែលបានសាងសង់លើសច្បាប់កំណត់ នៅក្បែរព្រះបរមរាជវាំងនេះ ដោយសាររង់ចាំការស្នើសុំគោលការណ៍ទៅថ្នាក់លើ ៖ "មកពីយើងពិនិត្យឃើញថា មានការកំពុងតែសាងសង ខ្ពស់ ខុសពីប្លង់បច្ចេកទេសនឹងច្បាប់អនុញ្ញាតរបស់ក្រសួង និងរបស់អាជ្ញាធរហើយបានវា ត្រូវយើងចាត់ការភ្លៀមហ្នឹង ខ្ញុំជឿថា វាអាចមានការទុកពេល ដោយសារយើងសុំគោលការណ៍ពីថ្នាក់លើសិន" ។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា គម្រោងវាយកម្ទេច សំណង់អគារពីរកន្លែងនោះ គឺអគារមួយនៅលើផ្លូវលេខ១៨៤ ទល់មុខមាត់ទន្លេ ក្បែរព្រះបរមរាជវាំង ជាសំណង់របស់ក្រុមហ៊ុនអចលនទ្រព្យ វឌ្ឍនៈ ដែលសមត្ថកិច្ចរកឃើញថា សង់ហួសការអនុញ្ញាតដល់ទៅជិត១០ម៉ែត្រ។ រីឯអគារមួយទៀតនោះ គឺមានទីតាំងស្ថិតនៅខាងជើងឈៀងខាងលិច សារៈមន្ទីរជាតិ។
ដោយឡែក ម្ចាស់អគារខ្ពស់មួយ នៅខាងក្រោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាមបណ្តោយផ្លូវលេខ ១៩ លោក គឹម ហេង ឲ្យដឹងថា លោកទទួលស្គាល់ថា លោក ពិតជាបានសង់អគារនេះ ខ្ពស់ជាង ច្បាប់កំណត់បន្តិចបន្តួច ហើយលោក សោកស្តាយចំពោះករណីនេះ។ យ៉ាងណាក៏ដោយ លោកមិនទាន់ប្រាកដថាតើ គម្រោងវាយកម្ទេសនោះ ប៉ះចំអគាររបស់លោកឬយ៉ាងណានោះទេ ៖ "ខ្ញុំទទួលថា យើងខុសច្បាប់ ខុសហើយ ប៉ុនថា ទាល់តែមានការពិគ្រោះពីថ្នាក់លើ ព្រោះអ្នកណាក៏ធ្វើមិនដែលតម្រឹមដែរ វាលើសតិចតួចណាបង វាជាធម្មតាទេ ខ្ញុំទទួលស្គាល់ប៉ុន្ដែគ្រាន់ថា យើងលំបាកណាស់ យើងប្រជាជនហើយយើងខ្ចីលុយធនាគារយកមកធ្វើណាស់ប្រសិនជាមានបញ្ហាចឹងមែន ហើយមិនដឹងធ្វើម៉េចកាត់វាម៉េច ពីព្រោះបើគេជំទាស់យើងគួតែជំទាស់តាំងពីពេលយើងចាប់ផ្ដើមធ្វើ" ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោក បេង ហុង សុជាតិខេមរ៉ូ ឲ្យដឹងថា បញ្ហាត្រង់ថា ម្ចាស់អគារ ទាំងនេះ បានសង់លើសពីការស្នើសុំរបស់ខ្លួន ហើយអាជ្ញាធរ មានសមត្ថកិច្ច ធ្វេសប្រហែស ក្នុងការចុះធ្វើអធិការកិច្ចឲ្យបានទាន់ពេល។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ រាជធានីភ្នំពេញ លោក ឆាយ ឫទ្ធិសែន អះអាងថា ការសង់អគារខ្ពស់ហួសច្បាប់កំណត់នេះមិនមែនជាសមត្ថកិច្ចរបស់លោក ទេដោយជំរុញឲ្យសួរទៅការិយាល័យសុរិយោដី ថ្នាក់ខណ្ឌវិញ តែមន្ត្រីថ្នាក់ក្រោមនេះ អះអាងមិនដឹងពីរឿងនេះឡើយ។
អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ចាត់ទុកថា សំណង់អគារបែបនេះ គឺពិតជាខុសនឹងច្បាប់កំណត់ តែលោកយល់ថា បញ្ហានេះអាច បណ្តាលមកពីការឃុបឃិតគ្នារវាងម្ចាស់សំណង់ និងមន្ត្រីមានសមត្ថកិច្ច ៖ "ប៉ុន្ដែជួនកាលអាហ្នឹងជាការត្រូវរ៉ូវគ្នា ប៉ុន្ដែកាលណា វិស្វ័កករកាលណា កាលណាកម្ពស់មាណគេសង់កម្ពស់ហ្នឹង មិនអាចទៅខ្ពស់បានទេ ខ្ពស់ហ្នឹងជាការទទួលខុសត្រូវ" ។
កាលពីថ្ងៃទី១៦ ខែតុលា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា សំណង់បំពានច្បាប់ពីរកន្លែង នៅក្បែរព្រះបរមរាជវាំង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យលោក ចាត់វិធានការចំពោះការសង់ខ្ពស់ពីការអនុញ្ញាតរបស់ច្បាប់ នឹងត្រូវវាយកម្ទេចចោលជាបន្ទាន់ ៕
No comments:
Post a Comment
yes