សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

បូនីតាដាដេណាត្រូវ​គេ​តាមដាននិង​គំរាម​សម្លាប់មិន​ទាន់​ដាក់​ពាក្យបណ្ដឹង

131030_20a
តារា​សម្ដែងចាស់វស្សា និង​ចាងហ្វាងផលិតកម្មអ្នកនាង បូនីតា ដាដេណា 
ពេលចូលរួម​កម្មវិធី​អាណាចក្រ​តារា​កន្លងមក។ រូបថត ហុង មិនា
 ក្រោយពី​ប្រកាស​មិន​ផ្លាស់ប្តូរ​ឆន្ទៈ​គាំទ្រ​បក្ស​សង្គ្រោះជាតិ ទោះ​ជា​កាលៈទេសៈ​បែប​ណា និង​ថែម ទាំង​លេច​វត្តមាន​ចូលរួម​ក្នុង​ចលករ​មហាបាតុកម្ម​ទាមទារ​រក​យុតិ្តធម៌ ចំពោះ​សំឡេង​ឆ្នោត​យ៉ាង​សស្រោកសស្រាំ​ដោយ​បើកចំហ​នោះ តារាសម្តែង​ចាស់វស្សា​និង​ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត​អ្នកនាង បូនីតា ដាដេណា បាន​ឲ្យ​ដឹង​ថា ខ្លួន​ទទួល​ការ​ព្រមាន​ដល់​អាយុជីវិត​ទាំង​ក្នុង​និង​ក្រៅ​ហ្វេសប៊ុក ដែល​ពេល​ខ្លះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​ឃ្លាំមើល​នាង​ស្ទើរ​គ្រប់​ដំណើរ​នាង​ក៏​មាន​ដែរ។
ក្នុង​បរិយាយ​ហានិភ័យ​នៃ​ជីវិត​ពេល​ឆ្លើយឆ្លង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ទី​២៩​តុលា​ម្សិលមិញ​អ្នកនាង​បូនីតា ដាដេណា បាន​រៀបរាប់​ថា​៖ «នៅ​រយៈពេល​ចុងក្រោយ ក្រោយពី​វត្តមាន​និង​ឆន្ទៈ​ខ្ញុំ​មិន​ប្រែប្រួល​ពី​ការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ​ខ្ញុំ​ទទួល​បាន​ទាំង​ការ​ជេរប្រមាថ​គ្រប់​បែប​យ៉ាង​ហើយ​ក៏​មាន​ពាក្យ​គំរាម​សម្លាប់​ទៀត​ផង​នៅក្នុង​ហ្វេសប៊ុក​»។
អ្នកនាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «ការ​ជេរ​ការ​ប្រមាថ គំរាម​សម្លាប់​ពី​មនុស្ស​មួយ​ក្រុម​តាម​ហ្វេសប៊ុក​នោះ នៅ​រយៈ​ចុងក្រោយ​នេះ បន្ទាប់​ខ្ញុំ​បង្ហាញ​វត្តមាន​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ បើក​ចំហ​ពិសេស​ក្រោយ​ពី​ខ្ញុំ​និយាយ​ក្នុង​ហ្វេសប៊ុក​អំពាវនាវ​ឲ្យ​បងប្អូន​ចូលរួម​គាំទ្រ​បក្ស​តវ៉ា​ទាមទារ​ភាព​យុត្តិធម៌។ ពេល​នោះ​មនុស្ស​មួយ​ក្រុម​ក្នុង​ហ្វេសប៊ុក ដែល​តែង​ឆាត [chat] ជំទាស់​ខ្ញុំ គេ​ថា ខ្ញុំ​នេះ​ជា​តារា​ស្អី មនុស្សស្រី​ស្អី ដើរ​តែ​ញុះញង់ បំផុសបំផុល​គេ បង្ក​ការ​វឹកវរ និង​ប៉ះពាល់​ដល់​សង្គម​»។

អ្នកនាង​បញ្ជាក់​ថា​៖ «ពេល​នោះ ខ្ញុំ​ក៏​សួរ​ទៅ​ក្រុម​ដែល​ថា​ខ្ញុំ​ញុះញង់​បំផុសបំផុល​នោះ​វិញ​ថា តើ​ច្បាប់​រដ្ឋាភិបាល មាន​បាន​ចែង​ទេ​ថា មិន​ឲ្យ​ប្រជាជន ឬ​អ្នកណា​ម្នាក់​ទៅ​គាំទ្របក្ស​ណា​នោះ​គ្មាន​ទេ នោះ​ជា​សិទ្ធិ​របស់​ប្រជាជន។ ដូច​ខ្ញុំ​ខ្ញុំ​ចង់​ចូល​ឬ​គាំទ្រ​បក្ស​ណា​ដែល​ខ្ញុំ​ស្រឡាញ់​យល់ថា ល្អ នោះ​ក៏​ស្រេច​តែ​ខ្ញុំ​ដែរ ដូចគ្នា​ខ្ញុំ​ក៏​មាន​សិទ្ធិ​ឃោសនា តែ​ត្រង់​ថា​អ្នក​ណា ឬ​បុគ្គល​ណា​មក​ចូល​តាម​ខ្ញុំ​នោះ​ក៏​ជា​សិទ្ធិ​របស់​គាត់​មិន​មាន​នរណា​ទៅ​បង្ខំ​ឯណា​»។
តារាភាពយន្ត ដែល​ហាក់​មិន​ខ្វល់​ពី​ការងារ​សិល្បៈ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ពេល​ដែល​ខ្ញុំ​លើក​ឡើង​យ៉ាង​ដូច​នោះ ក្រុម​នោះ​មិន​បាន​សរសេរ​ពី​ហេតុផល​ច្បាប់​ណា​មក​សំអាង​នោះ​តទៀត​ទេ​ក្រៅពី​សរសេរ​ថា នាងឯង​កុំ​ឲ្យ​ជួប​យើង ជួប​កន្លែង​ណា​នាង​ឯង​នឹង​ជីវិត​ផុយ​កន្លែង​នោះ​ហើយ​»។
យោងតាម​អ្នកនាង បូនីតា ដាដេណា ការ​សរសេរ​comment​គំរាម​ក្នុង​ហ្វេស​នោះ​មិនមែន​ជា​ការ​លេងសើច​ឡើយ ហើយ​តារា​ដែល​ប្រែ​មុខ​មក​លេចធ្លោ​ក្នុង​ឆាក​នយោបាយ​ជាមួយ​បក្សប្រឆាំង​រូប​នេះ​បាន​អះអាង​ថា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នាង​ក៏​មាន​មនុស្ស​ប្រុស​ពីរ​នាក់​តែង​ជិះម៉ូតូ​តាម​ឃ្លាំមើល តាមដាន​អ្នកនាង​ស្ទើរ​គ្រប់​ដំណើរ។
អ្នកនាង​ប្រាប់​ថា​៖ «កាលពី​ពីរ​ថ្ងៃ​មុន​នេះ ថ្ងៃ​ទី​២៧ ខ្ញុំ​ចេញ​ពី​ផ្ទះ​ម៉ាក់​នៅ​ម្ដុំ​បឹងសាឡាង​ទៅ​រក​ញុំា​បាយ។​ពេល​ទៅ​ដល់​ហាង​រក​ចុះ​ពី​លើ​ឡាន​អ្នក​ការពារ​ខ្ញុំ​ប្រាប់​ថា​កុំ​អាល​ចុះ​ព្រោះ​មាន​អ្នក​តាម​តាំងពី​ទើប​ចេញ​មក​ម្ល៉េះ​តែ​ពួកគេ​អត់​ហ៊ាន​ជិះ​មក​ជិត​ទេ​ព្រោះ​ឃើញ​ខ្ញុំ​មាន​គ្នា​ដែរ​ហើយ​ឃើញ​គ្នា​ខ្ញុំ​អាយកូម​មក​ទាក់ទង​គ្នា គេ​ក៏​គេច​បាត់​ទៅ​»។
យ៉ាង​ណា​នាង​ក៏​មិន​បាន​បង្ហាញ​ការ​សន្និដ្ឋាន​ពី​មុខសញ្ញា​ជាក់លាក់​និង​មិន​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​ស្ថាប័ន​ច្បាប់​ឬ​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ណា​ដែរ ដោយ​អ្នកនាង​និយាយ​ថា​៖ «មនុស្សប្រុស​ដែល​តាម​ឃ្លាំមើល​ខ្ញុំ​នោះ ជិត​ម៉ូតូ​ម៉ាកវីវ៉ា។ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​គិត​ថា​មិនមែន​អ្នកធំ​ជា​អ្នក​ធ្វើ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ឬ​ក៏​រាយការណ៍​ទៅ​ខាង​ណា​ដែរ​»។
ប៉ុន្តែ​អ្នកនាង​បាន​បញ្ជាក់​ថា «បើ​រឿង​នេះ​នៅ​តែ​បន្ត​យាយី​មក​លើ​ខ្ញុំ​ទៀត​នោះ ខ្ញុំ​នឹង​ដាក់​ពាក្យប្តឹង​មិនខាន ហើយ​ពេល​នោះ​ខ្ញុំ​នៅ​មាន​ឯកសារ​សំខាន់​ៗ​ច្រើន​សម្រាប់​តម្កល់​ជា​ឯកសារ​ដាក់​បន្ទុក​លើ​ក្រុម​មនុស្ស​ដែល​តាម​ព្យាបាទ​ខ្ញុំ។ តែ​មិន​ទាន់​ដល់​ពេល​បញ្ចេញ​»។
ដំណើរ​ចូលរួម​សកម្មភាព​គណបក្ស​សង្គ្រោះជាតិ​ដ៏​សស្រោកសស្រាំ របស់​តារាសម្តែង បូនីតា ដាដេណា​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​លើក​មក​រិះគន់​ថា​មិនមែន​ជា​ទង្វើ​ដើម្បី​យុត្តិធម៌​ដូច​ដែល​នាង​ប្រកាស​ទេ នោះ​គឺ​ជា​ការ​ទាញ​យក​ការ​គាំទ្រ ដើម្បី​សម្រេច​បំណង​ចេញ​ទៅ​រស់នៅ​ស្រុកក្រៅ​របស់​នាង​ប៉ុណ្ណោះ។
ឆ្លើយតប​នឹង​ការ​រិះគន់​នេះ​អ្នកនាង​ទទូច​សុំ​ឲ្យ​ភ្នំពេញប៉ុស្តិ៍​ចុះ​ផ្សាយ​សម្ដី​របស់​ខ្លួន​កុំ​ឲ្យ​បាត់​ពាក្យ​មួយ​ម៉ាត់ ដោយ​នាង​ថ្លែង​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្មែរ ខ្ញុំ​ស្រឡាញ់​ទឹកដី​ខ្មែរ បានជា​ខ្ញុំ​មក​ចូលរួម​បក្ស​សង្គ្រោះជាតិ ហើយ​សកម្មភាព​នេះ​មិនមែន​ខ្ញុំ​ធ្វើ​ដើម្បី​រត់​ចោល​ស្រុក​ទេ ខ្ញុំ​ទោះ​កាលៈទេសៈ​បែប​ណា​ក៏​ខ្ញុំ​ស៊ូ​ស្លាប់​លើ​ដី​ខ្មែរ​ដែរ​»។ នាង​បាន​បញ្ជាក់​ថា​៖ «បើ​ខ្ញុំ​ចង់​ចេញ​រស់នៅ​ក្រៅ​ប្រទេស​នោះ មិន​ចាំបាច់​ខ្ញុំ​ចូល​បក្ស​នេះ​ក៏​បាន​ដែរ គឺ​ខ្ញុំ​ទៅ​បាន​សូម​ចាំ​ថា នេះ​ខ្ញុំ​តស៊ូ​គាំទ្រ​បក្ស​នេះ​លុះ​ជីវិត​ចុងក្រោយ មិនស្តាយ​ទេ​ដើម្បី​ជាតិ​រស់​»៕

No comments:

Post a Comment

yes