ស្តូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ នរោត្តម សីហនុ ពេលសាងសង់
រួចជាស្ថាពរ។ រូបថត ហេង ជីវ័ន
ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានបើកសម្ពោធជាផ្លូវការតាមបែបសាសនា នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។
ស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ គឺរចនាតាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ ម៉ែត្រ គិតពីបាតក្រោមដល់កំពូល។ រីឯតួព្រះបរមរូបធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រទ្រង់ឈរលើព្រះទែនមានកម្ពស់ ២,៧ ម៉ែត្រ គឺសង់នៅលើខឿនរាងចតុកោណកែងមានបណ្តោយ ៥៤ ម៉ែត្រទទឹង ២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ។ ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺត្រូវបានកំណត់យកខ្នាតទូទៅមួយសុទ្ធតែមានលេខអាចបូកផ្គុំ បញ្ចូលគ្នាបានជាលេខ ៩ ទាំងអស់។
បើតាមលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថានីយទូរទស្សន៍ជាតិមួយនេះ នឹងធ្វើការផ្សាយផ្ទាល់ពីកន្លែងប្រារព្ធពិធីនាសួនច្បារសម្តេច ហ៊ុន សែន នៅ ឈៀងខាងកើតវិមានឯករាជ្យ ជាទីតាំងបុស្បុកសម្រាប់តម្កល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ នាថ្ងៃទី១១ ខែ តុលា ជាថ្ងៃសម្ពោធផ្លូវការ ព្រមទាំងមានពិធីក្រុងពាលីតាមបែបសាសនាផង។
លោកថ្លែងថា៖ «ព្រះរាជា និងសម្តេចម៉ែ នឹងយាងជាព្រះរាជាធិបតីភាព សម្ពោធស្តូបព្រះបរមរូបនេះនាព្រឹកថ្ងៃនេះដែលមានការរៀបចំពិធីក្រុងពាលីនៅព្រឹកព្រហាម តែការផ្សាយផ្ទាល់ប្រហែលចាប់ពីម៉ោង ៨ តទៅ»។
លោកបន្តថា ចំណែកនៅ ថ្ងៃទី១៥ ខែ តុលា ដែលជាថ្ងៃសោយទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក៏ទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចផ្សាយផ្ទាល់នូវសកម្មភាព នៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយការគោរពព្រះវិញ្ញាណក្ខន្ធ លោកនាយករដ្ឋមន្ត្រី នឹងចូលព្រះបរមរាជវាំងដែលនឹងមានរៀបចំព្រះរាជពិធីបុណ្យគម្រប់ ខួប ១ ឆ្នាំ នៃការសោយទិវង្គតព្រះបរមរតនកោដ្ឋ។
ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយព្រះទិវង្គតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅឯមន្ទីរពេទ្យធំ ក្នុងទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ ដែលជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជា៕
No comments:
Post a Comment
yes