សមាគមខ្មែរក្រោម ប្រារព្ធខួប៣៧ឆ្នាំនៃការងើបបះបោររបស់
ខ្មែរកម្ពុជាក្រោម (រូបថត ណាត សុភាព)
សមាគមខ្មែរកម្ពុជាក្រោម ព្រមានដឹកនាំធ្វើមហាបាតុកម្មទ្រង់ទ្រាយ នៅចុងឆ្នាំ២០១៣នេះ ដើម្បីទាមទាររដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមជួយអន្តរាគមន៍ ផ្តល់សិទ្ធិ សេរីភាពពេញលេញក្នុងការរស់នៅដល់ខ្មែរកម្ពុជាក្រោម។
ក្នុងពិធីរំលឹកខួប៣៧ឆ្នាំនៃការងើបបះបោររបស់ខ្មែរកម្ពុជាក្រោមនៅព្រឹកថ្ងៃសៅរ៍នេះ ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ លោក សឺន យឿន ប្រធានលេខាធិការដ្ឋាន និងនាយកប្រតិបត្តិ សមាគមខ្មែរកម្ពុជាក្រោម ថ្លែងថា អាជ្ញាធរវៀតណាមនៅតែបន្តគាបសង្កត់ បំបិទសិទ្ធិសេរីភាពប្រជាជនខ្មែរក្រោម។ លោកបន្តថា នៅដើមខែវិច្ឆិកានេះ សមាគមលោកបានផ្ញើលិខិតទៅរដ្ឋាភិបាលវៀតណាម និង រាជរដ្ឋាភិបាលកម្ពុជាឲ្យអន្តរាគមន៍ បញ្ឈប់ការគាបសង្កត់លើខ្មែរនៅកម្ពុជាក្រោម តែរហូតដល់ថ្ងៃទី១៦ខែវិច្ឆិកានេះ រដ្ឋាភិបាលទាំងពីរមិនទាន់ឆ្លើយតបនៅឡើយ។ លោក សឺន យឿន បញ្ជាក់ថា បើរយៈពេលកន្លះខែខាងមុខទៀត រដ្ឋាភិបាលទាំងពីរ នៅតែមិនឆ្លើយតបនោះ លោក នឹងរៀបចំការធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅកម្ពុជា។
កន្លងមក ប្រជាជនខ្មែរកម្ពុជាក្រោម តែងចោទអាជ្ញាធរវៀតណាមថា បំបិទសេរីភាព ដូចជា រឹតបន្តឹងការប្រតិបត្តិតាមជំនឿព្រះពុទ្ធសាសនា បំបិទសិទ្ធិការរៀនសូត្រពីអក្សរ និងវប្បធម៌ខ្មែរជាដើម។
កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៧៦ ប្រជាជនខ្មែរកម្ពុជាក្រោម ងើបបះបោរប្រឆាំងរដ្ឋអំណាចវៀតណាម ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងរស់នៅ និងសម្រេចលើជោគវាសនារបស់ ខ្លួន តែការបះបោរនោះមិនបានសម្រេចទេ។ អ្នកដែលបះបោរនៅពេលនោះជាង ៦០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ ត្រូវរដ្ឋអំណាចវៀតណាមចាប់ខ្លួន។
No comments:
Post a Comment
yes