ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅវត្តស្ទឹងមានជ័យ
(រូបថត ណាត សុភាព)
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា គណបក្សរបស់លោក នឹងលើកយកករណីសមត្ថកិច្ចបាញ់លើបាតុករនៅត្រង់ចំណុចស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដាក់ជាចំណុចជជែកជាមួយគណបក្សប្រជាជនកម្ពុជាឲ្យឈប់ប្រើហិង្សាលើប្រជាជន។
លោក កឹម សុខា ថ្លែងបែបនេះ ពេលលោកនិងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះទៅសួរសុខទុក្ខព្រះសង្ឃ នៅវត្តស្ទឹងមានជ័យនៅព្រឹកថ្ងៃសៅរ៍នេះ។ កាលពីកើតមានអំពើហិង្សារវាងសមត្ថកិច្ច និងបាតុកររោងចក្រSL ព្រះសង្ឃ ៧អង្គ ត្រូវសមត្ថកិច្ចចាប់ឃាត់ព្រះកាយបញ្ជូនទៅស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីសាកសួរ។ បន្ទាប់ពីសមត្ថកិច្ចអនុញ្ញាតឲ្យត្រលប់មកវត្តវិញ ព្រះសង្ឃទាំង៧អង្គ ចោទថា សមត្ថកិច្ចបាន វាយដំ និងជេរប្រមាថព្រះអង្គ។
ហិង្សានៅស្ទឹងមានជ័យ កាលពីថ្ងៃទី១២ខែវិច្ឆិកា បានបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងប្រជាជន៩នាក់ផ្សេងទៀតរងរបួស។
លោក កឹម សុខា សរសេរក្នុងហ្វេសប៊ុករបស់លោកថា លោកមិនមានជំនឿលើគណបក្សប្រជាជនកម្ពុជាទេ ព្រោះគណបក្សប្រជាជនកម្ពុជា ធ្លាប់ចុះហត្ថលេខាជាមួយ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ខែតុលាថា បញ្ឈប់ការប្រើហិង្សាលើបាតុករ តែហិង្សា នៅតែមាន។
ទោះយ៉ាងណា ក្រោយហិង្សាលើស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី១២ខែវិច្ឆិកា ស្នងការនគរបាលរាជធានីភ្នំពេញ បដិសេធថា មិនបានបាញ់កាំភ្លើងគ្រាប់ពិតលើហ្វូងបាតុករទេ ហើយបានដាក់ការសង្ស័យថា មានជនទីបីជាអ្នកប្រព្រឹត្ត។ តែសម្រាប់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលបានតាមដានព្រឹត្តិការណ៍ អះអាងថា សមត្ថកិច្ចដែលបញ្ជាដោយ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ពិតជាបាញ់កាំភ្លើងគ្រាប់ពិត និងវាយដំលើក្រុមកម្មករមែន។
No comments:
Post a Comment
yes