បាតុកររោងចក្រ អែស.អិល (SL) ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅក្បែរវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
ជនរងគ្រោះដោយសារការបង្ក្រាបរបស់អាជ្ញាធរ មាន ប៉ូលិស និងប៉េអិម នៅគល់ស្ពានស្ទឹងមាន ជ័យ បានអះអាងថា នឹងដាក់ពាក្យប្ដឹងមេប៉ូលិស និងប៉េអិមបន្ថែមទៅស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនទៀត ក្រៅពីប្ដឹងទៅតុលាការក្រុងភ្នំពេញ។
ជនរងគ្រោះដោយសារការបង្ក្រាបរបស់អាជ្ញាធរ មាន ប៉ូលិស និងប៉េអិម នៅគល់ស្ពានស្ទឹងមាន ជ័យ បានអះអាងថា នឹងដាក់ពាក្យប្ដឹងមេប៉ូលិស និងប៉េអិមបន្ថែមទៅស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនទៀត ក្រៅពីប្ដឹងទៅតុលាការក្រុងភ្នំពេញ។
លោក នាង សុឃុន និស្សិតសាលាច្បាប់ដែលរងគ្រោះដោយសារការបង្ក្រាបរបស់ប៉ូលិស និងប៉េអិម នៅគល់ស្ពានស្ទឹងមានជ័យ ក្នុងពេលមានបាតុកម្មរបស់កម្មកររោងចក្រ អែស.អិល (SL) បានឲ្យដឹងនៅថ្ងៃទី២៨ វិច្ឆិកា ថា លោកមានគម្រោងដាក់ពាក្យប្ដឹងមេប៉ូលិស និងមេប៉េអិមក្រុងភ្នំពេញ ទៅស្ថាប័នសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បន្ថែមទៅលើការដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ។
លោក នាង សុឃុន បានបន្ថែមថា ក្រោយពេលលោកដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ លោក យល់ថា មន្ត្រីតុលាការដូចជាមិនបានយកចិត្តទុកដាក់ចាត់ការទៅលើពាក្យប្ដឹងរបស់លោកឡើយ។ លោក នាង សុឃុន ជាសមាជិកចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។
ការដាក់ពាក្យប្ដឹងរបស់ លោក នាង សុឃុន អំពីការទទួលខុសត្រូវរបស់មេបញ្ជាការប៉ូលិស និងប៉េអិម ទៅតុលាការក្រុងភ្នំពេញនេះ គឺជាលើកទី១ហើយដែលចោទប្រកាន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ឲ្យទទួលខុសត្រូវចំពោះសកម្មភាពប្រើកម្លាំងលើសលប់ ដោយមានប្រដាប់អាវុធបង្ក្រាបទៅលើការតវ៉ារបស់ប្រជាពលរដ្ឋ និងកម្មករ ដែលធ្វើកូដកម្មបាតុកម្មតវ៉ាដោយបាតដៃទទេ។
មន្ត្រីតុលាការបានឲ្យ លោក នាង សុឃុន ដឹងថា សំណុំរឿងប្ដឹងនោះបានបញ្ជូនទៅឲ្យប៉ូលិសស៊ើបអង្កេតហើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក សុខ រឿន ជាព្រះរាជអាជ្ញារងនៅតុលាការក្រុងភ្នំពេញ ដើម្បីបំភ្លឺការចោទប្រកាន់ថា តុលាការក្រុងភ្នំពេញ បដិសេធមិនស៊ើបអង្កេតលើពាក្យប្ដឹងរបស់ លោក នាង សុឃុន បានឡើយ។
លោក នី ចរិយា ប្រធានក្រុមអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានហៅការបញ្ជូនសំណុំរឿងប្ដឹងអំពីមេបញ្ជាការប៉ូលិសទៅឲ្យប៉ូលិសស៊ើបអង្កេតវិញនោះ ជារឿងមិនត្រឹមត្រូវខុសនីតិវិធី។
ប៉ុន្តែ លោកមេធាវី សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ជួនកាលការបញ្ជូនសំណុំរឿងឲ្យប៉ូលិសស៊ើបអង្កេតនោះ គឺជាការចាត់ការលើសំណុំរឿងនោះហើយ។ លោក សុក សំអឿន បន្ថែមថា បើសិនជាអង្គភាពប៉ូលិសមានបង្កើតជាក្រុមពិសេសមួយ ដើម្បីស៊ើបអង្កេតបញ្ហានេះដោយឡែកក៏ជាការល្អដែរ។
កាលពីថ្ងៃទី១២ វិច្ឆិកា កម្មកររោងចក្រកាត់ដេរ អែស.អិល ប្រមាណ ១.០០០នាក់ បានដង្ហែក្បួនតវ៉ាសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការជួយអន្តរាគមន៍ដោះស្រាយវិវាទការងារដែលកើតមាននៅក្នុងរោងចក្រ។ ក្បួនតវ៉ានេះ បានត្រូវប៉ូលិស និងប៉េអិម ទប់ស្កាត់នៅជិតគល់ស្ពានស្ទឹងមានជ័យ។ ការប៉ះទង្គិចបានកើតមានឡើង បណ្ដាលឲ្យមានរបួសទាំងសង្ខាង និងមានការដុតរថយន្ត និងម៉ូតូរបស់ប៉ូលិស និងស្លាប់ប្រជាពលរដ្ឋជាអ្នកលក់បាយមួយរូប។ មានអ្នកចូលរួមមើល និងធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុនោះមួយចំនួន ត្រូវរងរបួសដោយសារអាជ្ញាធរបានវាយបង្ក្រាប និងបាញ់ រហូតឲ្យរបួសពិការទៀតផង។ ប៉ុន្តែមកទល់ពេលនេះ អាជ្ញាធរបានបដិសេធថា ក្នុងការបង្ក្រាបនោះ ពួកគេមិនបានបាញ់ទៅលើបាតុករ និងប្រជាពលរដ្ឋទេ៕
No comments:
Post a Comment
yes