ពលរដ្ឋតវ៉ានឹងការឈូសកម្ចេចឈាបនដ្ឋានរបស់វត្តខ្ទរ
រូបថត ហេង ជីវ័ន
អ្នកភូមិ ខ្ទរ និងគណៈកម្មការអាចារ្យវត្ត ពោធិព្រឹក្ស ហៅវត្ត ខ្ទរ កាលពីម្សិលមិញបានបរាជ័យក្នុងការរៀបចំបោះឆ្នោត ជ្រើសរើសអ្នកតំណាងម្នាក់របស់ខ្លួនដើម្បីឲ្យទៅបំពេញកិច្ចការជាមួយអាជ្ញាធរក្នុងការវាស់វែងកំណត់ព្រំប្រទល់ទីតាំងដី ឈាបនដ្ឋាន និងការធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិជាទ្រព្យសម្បត្តិវត្ត និងសហគមន៍វត្ត ខ្ទរ។
លោក ហឿន ប៊ុនហន ដែលជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនប្រាំនាក់ ដែលត្រូវបានជ្រើសឲ្យឈរឈ្មោះដើម្បីឲ្យអ្នកភូមិបោះឆ្នោតគាំទ្រធ្វើជាអ្នកតំណាងរបស់ប្រជាសហគមន៍វត្ត ខ្ទរ បានថ្លែងថាការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តទៅបានភ្លាមៗទេ ខណៈអ្នកភូមិភាគច្រើននៅតែមានមន្ទិលជុំវិញការធ្វើប័ណ្ណកម្មសិទ្ធិសម្គាល់លើអចលនទ្រព្យទីតាំងដីឈាបនដ្ឋាន ដែលអាជ្ញាធរគ្រោងនឹងធ្វើឲ្យពួកគាត់នាពេលខាងមុខដ៏ខ្លីនេះ។
លោកថ្លែងថា៖ «ឥឡូវនេះអ្នកភូមិយើងកំពុងមានមន្ទិល និង ក្ដីបារម្ភថា ការទាមទាររបស់អាជ្ញាធរ ដែលចង់ឲ្យយើងផ្ដិតមេដៃគាំទ្រនិងជ្រើសរើសអ្នកតំណាងម្នាក់ ឲ្យទៅសហការវាស់វែងកំណត់ព្រំប្រទល់ទីតាំងដីឈាបនដ្ឋាននិង ការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិសម្គាល់អចលនទ្រព្យនេះ គឺជាល្បិចកល ដើម្បីច្បាមយកទីតាំងដីឈាបនដ្ឋានវត្ត ខ្ទរ នាពេលអនាគត»។
អ្នកភូមិម្នាក់ទៀត អ្នកស្រី សូ សុវណ្ណ បាននិយាយថា ក្ដីបារម្ភរបស់អ្នកភូមិគឺខ្លាចគេយកស្នាមមេដៃទៅបំភ្លៃ និងប្រើប្រាស់ខុសពីគោលបំណង ដែលសហគមន៍ចង់បាន។
អ្នកស្រីថ្លែងថា៖ «តើចាំបាច់អ្វីត្រូវការស្នាមមេដៃរបស់យើងទាំងអស់គ្នា។ បើសិនជាពួកយើងផ្ដិតឲ្យ ហើយត្រូវគេយកទៅធ្វើអ្វីផ្សេងពីការចង់បានរបស់ពួកយើង ដោយឃុបឃិតជាមួយក្រុមហ៊ុន និងមន្ត្រីអាជ្ញាធរណាមួយនោះ ពួកយើងប្រឈមនឹងខាតបង់»។
អ្នកតំណាងសហគមន៍ភូមិ ខ្ទរ ម្នាក់ទៀត អ្នកស្រី តេង ផល្លី បានថ្លែងថាគ្មានអ្វីដែលពិបាកដោះស្រាយនោះទេនៅពេលនេះ ព្រោះរាជរដ្ឋាភិបាលបានសម្រេចលុបចោល ស.ជ.ណ [ចាស់] ដោយរក្សាទុកទីតាំងដីឈាបនដ្ឋានវត្ត ខ្ទរ ឲ្យស្ថិតនៅក្នុង ទីតាំងចាស់ដដែល មានន័យថារាជរដ្ឋាភិបាលបានទទួលស្គាល់រួចទៅហើយថាទីតាំងនិងទំហំដីឈាបនដ្ឋានវត្ត ខ្ទរ នេះជា «ទ្រព្យសម្បត្តិរបស់វត្តនិងប្រជាសហគមន៍ភូមិ ខ្ទរ»។
សូមរំឭកថាកាលពីសប្តាហ៍មុន ក្រោយពីក្រុមហ៊ុនលួចវាយប៉ាឆាទាំងយប់ ត្រូវបានប្រជាពលរដ្ឋបាតុកម្មតបដោយដុតគ្រឿងចក្រ និងទុយោបូមខ្សាច់តម្លៃរាប់ម៉ឺនដុល្លារ បានធ្វើឲ្យរដ្ឋាភិបាល សម្រេចចិត្តជាបន្ទាន់មួយដោយចេញ ស.ជ.ណ ថ្មីមោឃភាពលើលិខិតចាស់ លេខ ៤៤៥ ស.ជ.ណ ចុះថ្ងៃ ទី២៥ ខែ មេសា ឆ្នាំ ២០១២ កន្លងមកនេះដោយរក្សាទុកទីតាំងដីឈាបនដ្ឋានវត្ត ខ្ទរ ឲ្យនៅកន្លែងដើមដដែល និងចាត់ទុកជាទ្រព្យសម្បត្តិរបស់វត្ត និងប្រជាសហគមន៍ ខ្ទរ៕
No comments:
Post a Comment
yes