សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

បទ​យកការណ៍​៖​សោកនាដ​កម្ម​​ស្លាប់​​មនុស្ស​​លើ​​ស្ពាន​ពេជ្រ​​កាល​ពី​បី​ឆ្នាំ​មុន​​បាន​ថយ​​ការ​ចាប់​អារម្មណ៍​​

មហាសោតនាតកម្មនៅលើស្ពានកោះពេជ្រ

ស្តូប​រំលឹក​វិញ្ញាណក្ខន្ធនៅកោះពេជ្រ (រូបថត ញឹម សុខន)

បី​ឆ្នាំ​បាន​កន្លងផុតទៅ នៃ​មហា​​សោកនាដ​កម្ម​​ស្លាប់​​មនុស្ស​​នៅ​លើ​​ស្ពាន​​កោះ​​ពេជ្រ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ហាក់​​ថម​ថយ​​ការ​ចាប់អារម្មណ៍​ពី​សាធារណ​ជន បើ​​ទោះ​ជា​​សោកនាដកម្ម​នោះ​​បាន​ធ្វើឱ្យ​មាន​​ការ​សោកស្ដាយ និង​រន្ធត់​ញាប់​ញ័រ​ក្រៃ​លែង លាយ​ឡំ​​ដោយ​​សេចក្ដី​ក្ដុកក្ដួល​​ក៏ដោយ​។​
ព្រឹត្ដិការណ៍​សប្បាយ​ក្លាយជា​មហា​ទុក្ខ​ដ៏​ធំ​ធេង នា​​ថ្ងៃ​​បញ្ចប់​​ព្រះរាជ​​ពិធី​​បុណ្យ​​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ កាលពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​​២០១០​​នោះ ព្រោះ​​តែ​​កើត​មាន​​ឧបទ្ទវ​ហេតុ​​នៅ​​បរិវេណ​​ស្ពាន​​ពេជ្រ​​នៃ​​តំបន់​​កោះ​​ពេជ្រ នា​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែ​វិច្ឆិកា ដែល​យ៉ាង​ហោចណាស់​​ មាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ប្រមាណ​ ​៣៥៣​នាក់​ស្លាប់ និង​ជិត​៤០០​នាក់​ទៀត ​បាន​រងរបួស​ និង​ពិការ​រហូត​ដល់​សព្វ​ថ្ងៃ​។
​ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន ដែល​​នៅតែ​បន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ថ្មី​​ ដែល​ទើប​សង់​ជំនួស​ស្ពាន​ពេជ្រ​ចាស់​ដើម្បី​ទៅ​លំហែកាយ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃ​បុណ្យ​អំ​ទូក​​នៅ​ឆ្នាំ​២០១៣ ហាក់​បាន​ភ្លេច​បាត់ទៅហើយ​នៃ​​ព្រឹត្តិការណ៍​​​នោះ ខណៈ​រដ្ឋាភិបាល​ប្រកាស​ផ្អាក ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នេះ ជា​​លើក​ទី​៣ ឆ្នាំ​២០១៣​នេះ ។​

លោក កែវ សារ៉េត អាយុ​២៥​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​៣ ដែល​យក​ទីតាំង​នោះ​ ​ជា​កន្លែង​សំចត​បណ្តោះអាសន្ន​រងចាំ​ដឹក​ភ្ញៀវ អះ​អាងថា គាត់​មាន​ប្អូន​ស្រី​ម្នាក់​​ឈ្មោះ​ម៉ា​រី​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះដែរ​។ ​ប៉ុន្តែ​លោក​ថា នៅ​ឆ្នាំ​នេះ គ្រួសារ​​ជនរងគ្រោះ​​បាន​មក​កាន់​ស្តូប​រំលឹក​វិញ្ញាណ​​​​ក្ខ​ន្ធ​​នេះ មាន​​ចំនួន​តិច​​តួច បើ​ប្រៀបធៀប​​នឹង​ឆ្នាំ​មុនៗ ៖ "កាល​ពី​ថ្មីៗ ថ្មីៗ​ច្រើន ពេល​ដែល​មក​ចូល​អុជ​ធូបនេះ ច្រើន​ប្រហែល​ជា​រយៗនាក់​ មនុស្ស​ច្រើន​ណាស់ ដល់​ក្រោយ​មក កន្លង​ពីមួយ​ឆ្នាំ​ទៅ មួយ​ឆ្នាំ​ក្រោយ​ទៀត អន់​ថយ​ទៅ​ៗ មក​ដល់​បច្ចុប្បន្ន​នេះតិច​ទៅ​​មែន​ទែន មិន​សូវ​មាន​នរណា​រំលឹក​ពី​​អ្វី​ដែល​កើត​ឡើងពី​មុន​មក​ទេ មូល​ហេតុ​​តាម​ខ្ញុំ​មើល​ទៅ ប្រហែល​ជា​ការ​សប្បាយ​ជឿន​លឿន​ពេក​ទៅ ភ្លេច​​ទុក្ខ​វេទ​នា​ពី​មុន​ៗ​មក ដូច​ភ្លេច​អស់​ចោល​ហ្មង"។
​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​ជាប់​មាត់​ទន្លេ ស្ថិត​​ក្នុង​ខណ្ឌ​​ចំកា​មន រាជធានី​​ភ្នំពេញ ពេលយប់​​មាន​ភ្លើងចម្រុះ​​​ព៌ណ មាន​​អាគារ​ច្រើន​ស្អេក​ស្កេះ អាច​​ថា​ជា​​ប្រភព​​ទាក់ទាញ​មនុស្ស​​មួយចំនួន​ ​ដែល​ចូលចិត្ត​ស្វែងរក​កន្លែង​កំសាន្ត ពិសេស​​ស្រទាប់​​យុវវ័យ។​
​ប៉ុន្តែ​ស្ពាន​ពេជ្រ​​ដែល​ឆ្លង​ចូល​ទៅ​កាន់​តំបន់​នេះ បាន​​សម្លាប់​មនុស្ស​យុវវ័យ​ប្រុស​ស្រី​យ៉ាងតិច​​ ៣៥៣​នាក់​ស្លាប់ និង​ជាង​៤០០​នាក់​ទៀត រងរបួស នៅ​គ្រា​​ពួកគេ​សម្រុក​​ប្រជ្រៀត​​គ្នា ចង់​ទៅ​ទស្សនា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នេះ​។
​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខែ្មរ​ស្ទើរ​គ្រប់​វ័យ​នៅ​ទូទាំង​ប្រទេស បាន​​ចងចាំ ពិសេស​​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន បាន​សម្រក់​​​ទឹក​ភ្នែក ក្រោយ​កើត​ហេតុការណ៍  ដោយ​ចាត់ទុក​ព្រឹត្តិការណ៍​នោះ​ថា ជា​សោ​កនា​ដ​កម្ម ជា​ប្រវត្តិសាស្ត្រ​ដែល​​កម្ពុជា​មិន​ធ្លាប់​ជួបប្រទះ ។​
មិនតែ​ប៉ុណ្ណោះ​​ រាជរដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​សាលា​រាជធានី សង់​​ស្តូប​​មួយ​​នៅ​ជិត​ស្ពាន​ពិឃាត​មនុស្ស​នោះ ដើម្បី​រំលឹក​ដល់​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​ក្នុង​​ហេតុការណ៍​នោះ និង​ទុក​ជា​ទីសការៈ​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ គោរព​បូជា គ្រប់ពេល ដែល​ពួក​គេ​ចង់​ធ្វើ។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដាក់​ទោស​ ​ឬ​ដាក់​ឲ្យ​មន្ត្រី​ណា​ម្នាក់​ទទួលខុសត្រូវ លើ​ការ​ស្លាប់​​មនុស្ស​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ទេ​។​
​បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​​ដែល​​បង្ហាញ​ថា ព្រឹត្តិការណ៍​នោះ ហាក់​ត្រូវបាន​បំភ្លិចចោល​។ ​នៅពេល​អ្នកយកព័ត៌មាន​​ VOD ចុះ​ទៅ​ចាំ​ជួបសម្ភាសន៍​​នៅ​ស្តូប​រំលឹក​​វិញ្ញាណ​ក្ខន្ធ​​នោះ ស្ត្រី​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​​ឈ្មោះ ដែល​ម​កអុក​ធូប យល់ថា ការ​ដែល​​មនុស្ស​​ភាគ​ច្រើន ធ្វើដំណើរ​ឆ្លងកាត់​ម្តុំនេះ មិនសូវ​ចាប់ អារម្មណ៍​​នឹង​ព្រឹត្តិការណ៍ សោកនាដកម្ម​ក​ទៀត​​នោះ ក៏​ដោយសារ​​តែ​ភស្តុតាង​មួយ​ចំនួន​របស់​​ជនរងគ្រោះ ដូចជា ​ខោអាវ ស្បែក​ជើង និង​​វត្ថុ​តាង​ផ្សេងៗ​​​ទៀត ពិសេស​ស្ពាន​ពេជ្រ​នោះ ត្រូវបាន​​គេ​វាយ​កម្ទេច​​​ចោល ៖ "គេ​វ៉ៃ​​ចោល​ចេញ កុំ​ឲ្យ​​​ឃើញ​រន្ធត់​ពេក​មិន​ដឹង គេ​បំបិទ​មិន​ឲ្យ​ឃើញ ដូច​ខ្ញុំអី​អញ្ចឹង​​មក​ឃើញ​ស្លាក​ស្នាម​អញ្ចឹង​ ចេះ​តែ​រន្ធត់​អាណិត"។
​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៊ូ សំណាង យល់ថា កត្តា​ដែល​នៅតែ​មាន​អ្នក​សម្រុក​​​ទៅ​កាន់​មណ្ឌល​កំសាន្ត​​កោះ​ពេជ្រ​មួយ​​​​នេះ ដោយ​ចង់​ភ្លេច​ព្រឹត្តិការណ៍​​នៃ​ការ​ស្លាប់​​មនុស្ស​នោះ ដោយ​សារ​​សួន​ច្បារ​​សាធា​រណៈ​​​មួយ​​ចំ​នួន ត្រូវ​បាន​​រិប​​​​យក​​ជា​​កម្ម​សិទ្ធិ​​​របស់​អ្នក​មាន​អំណាច​​​ធ្វើ​ឲ្យ​​បាត់​បង់​​កន្លែង​​កំសាន្ត​។ លោក​ថា ការបំផ្លាញ​ស្ពាន សម្លាប់​​មនុស្ស​នេះ​ចោល ក៏​ជា​ការ​បំបាត់ភស្តុតាង មិន​ចង់ឲ្យ​មាន​ការចងចាំ​ព្រឹត្តិ​ការណ៍​​​នោះ បើទោះជា​មាន​ការសង់​ស្តូប​រំលឹក​វិញ្ញាណ​​​ក្ខ​ន្ធ ដ៏​តូច ដែល​​មិនសូវ​មាន​ភាព​ទាក់ទាញ​ក៏ដោយ ៖ "សូម្បី​តែ​បង​ប្អូន​យើង​នៅ​ក្រៅ​ក្រុង​ទៀត ក៏​មិន​ដឹង​ថា​​កន្លែង​គោរព​វិញ្ញាណ​ក្ខន្ធនៅ​កន្លែង​ណា​ផង ដោយ​សារ​មូល​ហេតុ​អី​ ដោយ​​សារ​តែ​គាត់​ធ្វើ​ហ្នឹង គាត់​គម្រោង​ហ្នឹងដូច​ថា​ធ្វើ​ផ្អាប់​ទុក​ចោល​​ ធ្វើ​ទុក​ចោល​អញ្ចឹង​​ សូម្បី​អំពូល​ភ្លើង ទី​សក្ការៈ​ដែល​ត្រូវ​គោរព សាច់​សារ​លោហិត​ដែលគេ​ត្រូវ​មក យើង​ឃើញ​ហើយ​កន្លែង​ហ្នឹង​ក្តៅ​ហែង ដើម​ឈើ​មួយ​ដើម​ក៏​មិន​ដាំ​សម្រាប់​ឲ្យ​បង​ប្អូន​ដែល​គាត់​អញ្ជើញ​មក​​​គោរព​​សក្ការៈ​ហ្នឹងជ្រក​ផង​ បើ​ថា​ថ្ងៃ​វិញខ្ញុំ​ទៅ​ ខ្ញុំ​ដើរ​សឹង​តែ​រលាក​ជើង"។
​ទោះជា​យ៉ាងណា​ នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា ចុង​​សប្តាហ៍​​នេះ សាលា​រាជធានី​​ នឹង​ធ្វើ​ពិធី​បង្សុកូល តាម​​បែប​​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល និង​រំលឹក​វិញ្ញាណ​ក្ខន្ធ​​ដល់​ជន​រង​គ្រោះ​​ដែល​​ស្លាប់​​ក្នុង​​ព្រឹត្តិ​ការណ៍ នៅ​ស្ពាន​ពិឃាត​​មនុស្ស ដែល​បាន​វាយ​ចោល​រួច​ហើយ​នោះ​។​
សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ វណ្ណា​រ៉ា យល់ថា សោកនាដកម្ម​សម្រាប់​​ម​នុស្ស​នៅលើ​ស្ពាន​ពេជ្រ ជា​ឧបទ្រព្យ​ចង្រៃ ដែល​កើត​ចេញ​ពី​ការ​ឆក​​ល្វែង​​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ទទួលខុសត្រូវ រៀបចំ​ពិធី​បុណ្យ​ជាតិ​។ ប៉ុន្តែ​លោក​ពន្យល់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ មិនសូវ​ចាប់អារម្មណ៍​ខ្លាំង ពី​​ព្រឹត្តិការណ៍​នេះ​​តទៅ​ទៀត ដោយ​សារ​​ពិធី​បុណ្យ​អុំទូក​​ត្រូវ​បាន​ផ្អាក​ធ្វើ​ឡើង​​ច្រើន​​ឆ្នាំ​​ជាប់ៗ​​គ្នា​។ ម្យ៉ាងវិញទៀត ពលរដ្ឋ​​ខ្មែរ​មាន​ទម្លាប់​មួយ ពេល​ក្រុម​គ្រួសារ​​ស្លាប់ គេ​នាំគ្នា​យុំសោក​បោក​ខ្លួន លុះ​​ដល់​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​​កុសល​​សព្វ​គ្រប់ ដល់​​ព្រលឹង​​អ្នក​​ចែក​​ឋាន​រួចហើយ ពលរដ្ឋ​ខ្មែរ​បែរជា​មិន​សូវ​នឹក​នា​​រឿង​​​អតីត​កាល​​ទេ ៖ "ចំណុច​ទី​៣ គឺ​ការ​រំលឹក ដោយសារ​តែ​រឿង​នេះ វា​មិន​មែនជា​​រឿងដែល​ទាក់​ទង​ជាមួយ​នឹង​ការ​ធ្វើ​ពហិកម្ម​ដើម្បី​ជាតិ​ ឬក៏​អី​នោះ​ ​វា​គ្រាន់​តែ​ជារឿង​ឧបទ្ទវហេតុ​កើត​ឡើង​អញ្ចឹង​ទៅ​ ការ​រំលឹក​វា​អត់​មាន​ទេ អញ្ចឹង​មិន​សូវ​ជា​មានអាធឹក​អាធម មានដែរ​រាជ​រដ្ឋាភិបាល ឬក៏​អាជ្ញា​ធរ​ក្រុង លោក​ធ្វើ​ពិធីបង្សុ​កូលអី​អញ្ចឹង​ដែរ យើង​ឃើញ​មាន​អញ្ចឹង​មែន ក៏​ប៉ុន្តែ​​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​នឹក​ដល់​មនុស្ស​​ច្រើនដទៃ​ទៀត​​​មក​ចូលរួម​ទេ"។
​ប្រធាន​មជ្ឈមណ្ឌ​ប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិ​ភាព លោក យ៉ង់ គឹមអេង យល់​ថា ការ​ដែល​ពលរដ្ឋ​​ហាក់​​បំភ្លេច​ព្រឹត្តិការណ៍​​សោកនាដ​កម្ម​​លើ​ស្ពាន​​ពេជ្រ​​នេះ ដោយសារ​ពលរដ្ឋ​ខ្លះ មិន​ចង់​រំលឹក​​ការឈឺចាប់​បន្ថែមទៀត នៅពេល​មាន​មនុស្ស​ស្លាប់​និង​រងរបួស សរុប​ប្រមាណ​​១០០០​​នាក់ បែរជា​គ្មាន​​​មន្ត្រី​ណា​ម្នាក់​ទទួលខុសត្រូវ​។ ម្យ៉ាង​ទៀត លោក​ថា ដោយសារ រដ្ឋាភិបាល និង​​សង្គម​ស៊ីវិល ហាក់​មិន​បាន​បង្កើត​យន្តការ​អ្វី​អប់រំ​ដល់​ពលរដ្ឋ ដើម្បី​បង្កា​​បញ្ហា​​នេះ​ ​កុំឲ្យ​កើតមាន​ជា​លើក​ទី​ពីរ។
ទោះជា​យ៉ាងណា​ នៅលើ​ជញ្ជាំង​ស្តូប​​ជា​និមិត្ត​រូប​​អ្នក​ស្លាប់ រដ្ឋាភិបាល​បានសរសេរថា ដើម្បី​ចងចាំ​​ចំពោះ​​អ្នករងគ្រោះ​លើ​ស្ពាន​​ពេជ្រ​ថ្ងៃ​២២​​ខែវិច្ឆិកា​ឆ្នាំ​២០១០៕

No comments:

Post a Comment

yes