សមត្ថកិច្ចខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បានឃាត់ខ្លួនបុរសបីនាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួនពីរនាក់ បន្ទាប់ពីរកឃើញថា បុរសទាំងបីនាក់នោះ បានដឹកកាំភ្លើងចំនួន៣១ដើមពីប្រទេសថៃ។
ហេតុការណ៍នោះ កើតឡើងនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ បុរសទាំងបីនាក់ បានបើកបររថយន្ដទំនើបមួយគ្រឿងម៉ាកឡិចស៊ីសRX 3០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M9336 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ពីចំណុចប៉ោយប៉ែតមកខេត្ដបាត់ដំបង។ ពេលមកដល់ចំណុចភូមិកកោះ ត្រូវបានក្រុមសមត្ថកិច្ចត្រួតពិនិត្យ ដោយបានរកឃើញកាំភ្លើងទំនើបវែងខ្លីប្រើហ្គាសបាញ់គ្រាប់ជ័រ៣១ដើម ក្នុងនោះមានកាំភ្លើងវែង១៨ដើម និងកាំភ្លើងខ្លី១៣ ដើម។ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣នាក់ ដែលក្នុងនោះមានជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ ជាអ្នកបើករថយន្ដ។
សមត្ថកិច្ចខេត្ត ឲ្យដឹងទៀត ជនជាតិវៀតណាមទាំងពីរនាក់នោះ បានជិះយន្ដហោះពីក្រុងហូជីមិញ ទៅប្រទេសថៃ ហើយបានទិញកាំភ្លើង ទំនើបវែងខ្លីចំនួន៣១ដើម និងឡេលាបខ្លួនជាច្រើនកេស។ ពេលត្រឡប់មកវិញ ជនជាតិវៀមណាមទាំងពីរនាក់ បានដឹកសម្ភារៈទាំងនោះ ចូលតាមច្រកអន្ដរជាតិប៉ោយប៉ែត ដោយជួលរថយន្ដម៉ាកឡិចស៊ីសមួយគ្រឿង។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង ប្រាប់VODថា ជនជាតិវៀតណាមទាំងពីរនាក់មានឈ្មោះង្វៀង ញឹកជឿង ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះង្វៀងថាញ់ហ្វុង ភេទប្រុស អាយុ៤៦ឆ្នាំ។ អ្នកទាំងពីរ រស់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោកបន្តថា ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចក៏បានប្រទះឃើញឡេលាបខ្លួនជាច្រើនកេសផងដែរ។ លោក ឲ្យដឹងទៀត បុរសជនជាតិខ្មែរ ឈ្មោះសយ ប៊ុននឿន អាយុ៣៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលជាអ្នកបើកបររថយន្ដ។
ស្នងការនគរបាល ខេត្ដបាត់ដំបង លោក ស ថេត មានប្រសាសន៍ថា ជនជាតិវៀតណាមទាំងពីរនាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
No comments:
Post a Comment
yes