អ្នកភូមិតវ៉ានៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ (រូបថត បូ សាវី)
អ្នកភូមិជាង៣០០នាក់ នៅឃុំរំដោះ ស្រុករវៀង ខេត្ដព្រះវិហារ នៅថ្ងៃព្រហស្បតិ៍នេះ ខកចិត្ដចំពោះអាជ្ញាធរឃុំ ដែលបដិសេធដោះស្រាយករណីក្រុមហ៊ុនរ៉ែមួយបង្ខំពួកគាត់លក់ដីឲ្យខ្លួន ដើម្បីរុករករ៉ែ។
អ្នកភូមិទាំងនោះបានប្រមូលផ្ដុំគ្នា នៅសាលាឃុំរំដោះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។ ពួកគាត់បានអះអាងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អាជ្ញាធរឃុំ និងក្រុមហ៊ុនរ៉ែមួយឈ្មោះ ធីភីប៊ី ធីវី ឌីវេឡុបមេន បានសន្យាដោះស្រាយជូនពួកគាត់ នៅថ្ងៃព្រហស្បតិ៍នេះ។
តំណាងអ្នកភូមិ អ្នកស្រី ឆាយ គឹមធាង មានប្រសាសន៍ថា មេឃុំលោក សោម ភារៈ មានចេតនាមិនចង់ដោះស្រាយ ដោយប្រាប់ថាគាត់កំពុងធ្វើដំណើរទៅខេត្ដផ្សេងទៅវិញ។ អ្នកស្រីបញ្ជាក់ថា បើសិនអាជ្ញាធរមូលដ្ឋានមិនទទួលខុសត្រូវទេ ពួកគាត់នឹងស្វែងរកដំណោះស្រាយដល់រាជធានីភ្នំពេញ ៖ "តេទៅគាត់ថានៅរតនគិរី ព្រឹកមិញ ពេលព្រឹកពួកខ្ញុំទៅមួយៗ គាត់ថាជួបនៅតាមផ្លូវ ដល់ពេលពួកខ្ញុំមកជុំអស់ហើយ ពួកអ្នកកាសែតអ្នកអីមកទៅ មានគេសួរថាគាត់នៅខេត្ត អត់ដឹងថា គាត់របៀបម៉េចផង ប្រហែលជាមិនចង់រកដំណោះស្រាយឲ្យ ព្រោះអីថ្ងៃមុន គាត់ថាគាត់ដោះស្រាយឲ្យ ដល់ពេលហើយទៅ ដល់ថ្ងៃនេះគាត់អត់ចូលរួមការណាត់របស់ប្រជាជនផង ប្រជាជនភូមិខ្ញុំសម្រេចចិត្តថាទៅ ឲ្យសម្តេចនាយករដ្ឋមន្ត្រីគាត់ជួយ"។
តំណាងអ្នកភូមិម្នាក់ទៀត លោក ធូន សុគន្ធ ឲ្យដឹងថា ក្រុមហ៊ុនរ៉ែនេះទទួលបានដីសម្បទានសេដ្ឋកិច្ចរុករករ៉ែនៅតំបន់នោះ ប៉ះពាល់ដីពលរដ្ឋជិត២០០ហិកតា។ លោកថា ក្រុមហ៊ុនបានបង្ខំឲ្យពួកគាត់លក់ដីក្នុង១ហិកតា១០០០ដុល្លារអាមេរិក ប៉ុន្ដែពួកគាត់មិនព្រម។ លោកបន្ដថា អ្នកភូមិទាំងនោះទាមទារឲ្យក្រុមហ៊ុនឈប់រុករករ៉ែនៅតំបន់នោះ ៖ "ខាងប្រជាពលរដ្ឋទាំងអស់ហ្នឹង គាត់ថា គាត់សុំឲ្យក្រុមហ៊ុនហ្នឹងដកចេញ ពីព្រោះថាក្រុមហ៊ុនមកធ្វើអាជីវកម្មហ្នឹង ចំលើដីប្រជាពលរដ្ឋ ចំលើដីប្រជាពលរដ្ឋនេះ អត់មានចុះដូចថាខាងក្រសួងខាងអី ក្រុមហ៊ុនហ្នឹងអត់មានចុះមកធ្វើអត្តសញ្ញាណកម្មសិក្សាស្វែងរកអំពីផលប៉ះពាល់របស់ប្រជាជនទេ គាត់ចុះមក ចុះមកវាស់វែងសុំទិញពីប្រជាពលរដ្ឋតែម្តង"។
ចំណែក មេឃុំរំដោះ លោក សោម ភារៈ ថ្លែងថា លោកមិនបានសន្យាដូចការលើកទ្បើងរបស់ប្រជាជនទេ។ លោកថា ប្រជាជនភាន់ច្រទ្បំដោយខ្លួនឯង។ លោកបន្តថា ប្រជាជនក៏បានស្នើឲ្យអង្គការអាដហុក និងគណបក្សប្រឆាំងដោះស្រាយរឿងនេះដែរ ៖ "ខ្ញុំមានបានសន្យាថាដោះស្រាយឯណា គ្រាន់តែនិយាយថា ថ្ងៃនេះអាចមានមេពីលើគេមក ប៉ុន្តែជួលកាលអាដហុក ជួនកាលគាត់រកចលាចលជាមួយពួកគណបក្សប្រឆាំងទៅ ប៉ុន្តែអ្វីដែលជាដំណោះស្រាយនិយាយគ្នា គឺអត់ងាយ អាហ្នឹងទាល់តែតំណាងក្រុមហ៊ុនគេថ្នាក់លើគេមក"។
តំណាងក្រុមហ៊ុន ធីភីប៊ី ធីវី ឌីវេឡុបមេន លោក គឹម ញ៉ គ្រាន់តែអះអាងថា ក្រុមហ៊ុនរង់ចាំការដោះស្រាយជាមួយប្រជាជនគ្រប់ពេល។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្ដព្រះវិហារ ដែលចុះស៊ើបអង្កេត ករណីនេះ លោក ឡោ ចាន់ មានប្រសាសន៍ថា ប្រជាជនបានតវ៉ាឲ្យអាជ្ញាធរដោះស្រាយចំនួនពីរលើកមកហើយ។ លោកថា ប្រជាជនបង្កបង្កើនផលកសិកម្មនៅលើដីនោះ តាំងពីឆ្នាំ១៩៧៩ ហើយក្រុមហ៊ុនមិនត្រូវបង្ខំឲ្យពួកគាត់លក់ដីឲ្យខ្លួនឡើយ។ លោកស្នើឲ្យមានដំណោះស្រាយជាបន្ទាន់៕
No comments:
Post a Comment
yes