សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 16, 2013

គណបក្ស​សង្គ្រោះ​​ជាតិប្រកាស​ធ្វើ​​មហា​បាតុកម្ម​​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ឆាប់ៗ​នេះ​​

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (រូបថតពីហ្វេស​ប៊ុក​លោក​សម រង្ស៊ី)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦​​ខែ​វិច្ឆិកា​​នេះ ប្រកាស​ថា​​នឹង​មាន​មហា​បាតុកម្ម​ជាថ្មីទៀត នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ ខណៈ​​កម្ពុជា​​កំពុង​​ជាប់​​គាំង​​បញ្ហា​នយោបាយ​។​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បែបនេះ នៅពេល​ដែល​រូបលោក និង​លោក កឹម សុខា អនុប្រធាន ចុះសួរសុខទុក្ខ​ព្រះសង្ឃ ដែល​រង​ការឃាត់​ព្រះកាយ​រយៈពេល​ខ្លី នៅក្នុង​ព្រឹត្តការណ៍​ប៉ះទង្គិ​ច​គ្នា​រវាង​កម្មករ​រោងចក្រ​អេស​អិល និង​កម្លាំង​សមត្ថកិច្ច កាលពី​ថ្ងៃ​១២​ខែវិច្ឆិកា​។​
លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​ជាថ្មីទៀត​​នៅ​ថ្ងៃ​ខាងមុខ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដើម្បី​ឲ្យមាន​ការ​ផ្លាស់​ប្តូ​រ​។ លោក​​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រៀមខ្លួន​​ចូលរួម​ក្នុង​​មហា​បាតុកម្ម​​នេះ​ផង​ដែរ​។ តែ​ទោះ​យ៉ាងណា លោក​សម រង្ស៊ី មិន​បាន​​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​នៃ​ការគ្រោង​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ​។​
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បី​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​​យុត្តិធម៌ និង​ការពិត​ជូន​ម្ចាស់​ឆ្នោត ប៉ុន្តែ​គណបក្សកាន់អំណាច​នៅតែ​ច្រាន​​ចោល​ការទាមទារ​នេះ​។​

​ក្នុង​ការចរចា​នយោបាយ​ជាមួយ​គណបក្ស​​កាន់អំណាច គណបក្ស​សង្គ្រោះ​​ជាតិ​​លើក​​របៀបវារៈ​៣​ចំណុច ទី​១ គឺ​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្ម​កា​រ​​​ឯករាជ្យ​​ស៊ើប​អង្កេត​​ពី​ភាពមិនប្រក្រតី​នៃ​​ការបោះឆ្នោត ទី​២ ការស្នើឲ្យ​ថ្នាក់ដឹកនាំ​​ទាំង​៩​រូប​នៃ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​​ការបោះឆ្នោត ហៅ​​កាត់ គ.​ជ​.​ប លា​លែង​​តំណែង​។ ចំណុច​ទី​៣ គឺ​ការទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​​ស្តីពី​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា អង្គការ​ខុមហ្វ្រែល និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។
​កន្លង​មក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៏​បាន​ដាក់​ឱសានវាទ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅត្រឹម​ចុងឆ្នាំ​នេះ ដើម្បី​ចរចា​ដោះ​ស្រាយ​​​​វិបត្តិ​​នយោបាយ​​ដែល​កើត​មាន​​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។ គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​ថា ខ្លួន​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច ប្រសិនបើ​គណបក្ស​នេះ​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​៕

No comments:

Post a Comment

yes