
សហគមន៍ដីធ្លីតវ៉ាសុំឲ្យតុលាការដោះលែងអ្នកស្រីយ៉ោម បុប្ផា
នាពេលកន្លងមក (រូបថត ញឹម សុខន)
សហគមន៍មានទំនាស់ដីធ្លីជាង១០ នៅរាជធានីភ្នំពេញ គ្រោងដើរហែក្បួនជុំវិញតុលាការកំពូលនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីធ្វើពិធីរំដោះគ្រោះនិង បួងសួងឲ្យតុលាការដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា វេលាម៉ោង៣រសៀល សហគមន៍មានទំនាស់ដីធ្លីនៅភ្នំពេញទាំងអស់ រួមទាំងព្រះសង្ឃផងនោះ គ្រោងនឹងដើរជុំវិញតុលាការកំពូល៣ជុំ រួមទាំងមានសូត្រធម៌ ទូងស្គរផង។ អ្នកស្រីបន្តថា ពួកគាត់ធ្វើពិធីនេះ ក្នុងគោលបំណង បណ្តេញឧបទ្រុបចង្រៃចេញពីអ្នកស្រី យ៉ោម បុប្ផា ដើម្បីឲ្យគាត់បានរួចផុតពីអំពើអយុតិ្តធម៌នេះ នឹងបានមកជួបជុំក្រុមគ្រួសារវិញ។
អ្នកស្រី ទេព វន្នី បញ្ជាក់ថា សហគមន៍ដែលចូលរួមមានជាង១០ មានដូចជា ថ្មគោល បុរីកីឡា បឹងកក់ ដីក្រហម សំបុកចាប ជាដើម។
តុលាការកំពូល គ្រោងនឹងបើកសវនាការលើបណ្តឹងទាស់របស់អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី២២ ខែវិច្ឆិកា។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទ ប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។
ក្រោយមកត្រូវបានសាលាឧទ្ទណ៍ប្តូរបទចោទ ទៅជាបទផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស ២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់២០លានរៀល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ករណីអ្នកស្រី យ៉ោម បុប្ផា ជារឿងព្រហ្មទណ្ឌ មិនមែនជារឿងបញ្ហាដីធ្លីនោះទេ ដូច្នេះមិនអាចសម្របសម្រួលបាននោះទេ។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានអំពាវនាវឲ្យតុលាការដោះលែង អ្នកស្រីយ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ ក្រោយពីស៊ើបអង្កេតរកឃើញថា ការចាប់ខ្លួននោះ ជារូបភាពបំបាក់ស្មារតីសកម្មជនដីធ្លីតំបន់បឹងកក់៕
No comments:
Post a Comment
yes