
នគរបាលប្រើកាំភ្លើងពិតបាញ់តម្រង់កម្មករកាលពីថ្ងៃអង្គារ។
រូបថត លីណា
អ្នកនាំពាក្យនគរបាលជាតិ បានថ្លែងកាលពីម្សិលមិញថា មន្រ្តីនគរបាល ដែលរឹងទទឹង មិនស្តាប់បញ្ជាហើយបានបាញ់ទៅលើកម្មករ ដែលបានធ្វើការតវ៉ាកាលពីថ្ងៃអង្គារអាចនឹងត្រូវបណ្តេញចេញពីតំណែង ខណៈដែលការបាញ់នោះ បានធ្វើឲ្យស្រ្តីអ្នកលក់បាយអាយុ ៤៩ឆ្នាំ ម្នាក់ស្លាប់។
លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិ បានប្រាប់នគរបាលកាលពីម្សិលមិញថា គណៈកម្មការមួយត្រូវបានបង្កើតឡើង បន្ទាប់ពីមានករណីស្លាប់អ្នកស្រី អេង សុខុម ដែលជាអ្នកលក់បាយ ដើម្បីស៊ើបអង្កេតរកមូលហេតុ ដែលនគរបាលប្រើកាំភ្លើងបាញ់គ្រាប់ពិតទៅលើកម្មកររោងចក្រ SL។ លោក គៀត ច័ន្ទថារិទ្ធិ ថ្លែងថា៖ «អគ្គស្នងការនគរបាលជាតិ លោក នេត្រ សាវឿន បានបញ្ជាមិនឲ្យពួកគេប្រើកាំភ្លើង។ គាត់បានបញ្ជាឲ្យពួកគេគ្រាន់តែប្រើទឹក និងឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ»។
លោកបន្ថែមថា មន្រ្តីនគរបាលដែលបានបំពានបញ្ជានេះនឹង «ប្រឈមមុខចំណាត់ការវិន័យ ទៅតាមការស៊ើបអង្កេត»។ លោកថ្លែងទៀតថា ចំណាត់ការវិន័យនេះ អាចរួមមានការដកចេញពីតំណែង ប៉ុន្តែវាអាស្រ័យទៅលើគណៈកម្មការ។ នៅពេលសួរថា តើមន្រ្តីដែលបាញ់កាំភ្លើង បណ្តាលឲ្យមនុស្សស្លាប់ និងរបួស អាចនឹងត្រូវប្រឈមមុខបទចោទប្រកាន់ព្រហ្មទណ្ឌឬយ៉ាងណា? ទូរស័ព្ទរបស់លោក គៀត ច័ន្ទថារិទ្ធិ បានដាច់ ហើយមិនអាចទាក់ទងសុំអត្ថាធិប្បាយម្ដងទៀតបានឡើយ។
បន្ទាប់ពីការបាញ់សម្លាប់លោក ម៉ៅ សុខចាន់ អាយុ ២៩ ឆ្នាំក្នុងអំឡុងការប៉ះទង្គិចគ្នាមួយ នៅស្ពានអាកាសក្បាលថ្នល់ កាលពីខែ កញ្ញា អង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញមួយ។
ប៉ុន្តែបើទោះជាមានការលើកឡើងថា ការស៊ើបអង្កេតនោះ មិនត្រូវបានធ្វើឡើងក៏ដោយ ក៏លោក ច័ន្ទថារិទ្ធិ បានថ្លែងកាលពីម្សិលមិញថា នគរបាលបានបង្កើតគណៈកម្មការរួចហើយ ដើម្បីស៊ើបអង្កេតករណីបង្ហូរឈាមនោះ។
លោក ប៊ុត បុនឈាន ជាមន្រ្តីផ្នែកច្បាប់ នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ ដែលស្ថិតនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារបានថ្លែងថា សហជីពរបស់លោកនឹងចាប់ផ្តើមការស៊ើបអង្កេតដោយផ្ទាល់ខ្លួន ទៅលើករណីបាញ់នោះ។ លោកបន្តថា៖ «យើងនឹងធ្វើការស៊ើបអង្កេត [ហេតុអ្វីបានជានគរបាលបាញ់កាំភ្លើង] បង្ក្រាបទៅលើកម្មករ»។ «យើងមិនអាចទទួលយកបានទេចំពោះអ្វីដែលបានកើតឡើង»។
លោក Dave Welsh នាយកប្រចាំប្រទេសកម្ពុជា នៃមជ្ឈមណ្ឌលអាមេរិក ដើម្បីសាមគ្គីភាពការងារ (ACILS) បានថ្លែងថា វាជារឿងសំខាន់ណាស់ដែលករណីស្លាប់របស់អ្នកស្រី សុខុម ត្រូវតែធ្វើការស៊ើបអង្កេត។ លោកបញ្ជាក់ថា៖ «ការប្រើគ្រាប់កាំភ្លើងគឺមិនអាចទទួលយក បានជាដាច់ខាត។ វាជារឿងសំខាន់ណាស់ ដែលត្រូវមានការស៊ើបអង្កេត និងការទទួលខុសត្រូវ»។
អង្គការ សិទ្ធិមនុស្សនិងក្រុមអ្នកសង្កេតការណ៍ នឹងផ្តោតខ្លាំងទៅលើដំណើរការនៃការស៊ើបអង្កេត ជាពិសេសបន្ទាប់ពីអ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ បានថ្លែងកាលពីថ្ងៃអង្គារថា វាមិនទាន់មានការសន្និដ្ឋាននៅឡើយទេ ថាតើគ្រាប់កាំភ្លើងរបស់នគរបាល បានសម្លាប់អ្នកស្រី សុខុម ឬយ៉ាងណា។ លោក ខេង ទីតូ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
កាលពីម្សិលមិញ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានថ្លែងស្រដៀងគ្នានឹងលោក ទីតូ ដែរ។ លោក ណារិន បានសួរអ្នកកាសែតក្នុងសន្និសីទកាសែតថា៖ «តើអ្នកពិតជាបានឃើញនគរបាលយកកាំភ្លើងបាញ់ពួកគេឬអត់?»៕
No comments:
Post a Comment
yes