គំនរឈើដែលត្រូវបានក្រុមហ៊ុន ទ្រី ភាព កាប់នៅក្នុងដីសម្បទាន
ដើម្បីយកទៅកែច្នៃ។ រូបថត សហការី
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិ ជ្រលង ឃុំ ត្បែង ស្រុក កណ្តាលស្ទឹង ត្រូវបានអាជ្ញាធរភូមិឃុំបង្ខំឲ្យផ្តិតមេដៃដើម្បីគាំទ្រការអភិវឌ្ឍរបស់លោក ឧកញ៉ា ទ្រី ភាព និង បដិសេធការលើកឡើងរបស់ប្រជាពលរដ្ឋពីរនាក់ដែលបានដកស្រង់សម្តីនៅក្នុងរបាយការណ៍របស់អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលថា លោក ទ្រី ភាព មានទ្រព្យសម្បតិ្តដោយសាររកស៊ីឈើ។
លោក សេន សាន ពលរដ្ឋម្នាក់ក្នុងចំណោមពីរនាក់រស់នៅភូមិ ជន្លង ឃុំ ត្បែង ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ជិតនឹងផ្ទះរបស់លោក ឧកញ៉ា ទ្រី ភាព ដែលបាននិយាយនៅក្នុងរបាយការណ៍ ចេញផ្សាយនៅថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដោយនិយាយថាលោក ឧកញ៉ា ទ្រី ភាព មានមកពីគាត់រកស៊ីព្រៃឈើ ហើយត្រូវបានប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈបានថ្លែងឲ្យដឹងថា កាលពីថ្ងៃ ទី២៥ និង ២៦ ខែ វិច្ឆិកា មេភូមិ និងមេឃុំ ត្បែង បានហៅប្រជាពលរដ្ឋឲ្យទៅផ្តិតមេដៃនៅផ្ទះប្រធានភូមិរបស់ពួកគេដើម្បីគាំទ្រការអភិវឌ្ឍរបស់លោក ឧកញ៉ា ទ្រី ភាព នៅក្នុងឃុំ ត្បែង ស្រុក កណ្តាលស្ទឹង និងឲ្យប្រាក់ជាថ្នូរ ១ ម៉ឺនរៀល។ លោកបានឲ្យដឹងទៀតថា៖ «ពលរដ្ឋខ្លះដែលមិនដឹងរឿងអីបានផ្តិតមេដៃ ពលរដ្ឋខ្លះក៏មិនបានផ្តិតមេដៃ ហើយពលរដ្ឋខ្លះដែលផ្តិតមេដៃហើយបាននិយាយថា បើគេដឹងថា ពួកគេផ្តិតមេដៃធ្វើបាបខ្ញុំ ពួកគេនឹងមិនផ្តិតមេដៃទេ»។
លោកបានឲ្យដឹងបន្ថែមទៀតថា ចំពោះករណីរបស់លោកគឺធ្វើឲ្យរូបគាត់ភ័យផង អរផង ប៉ុន្តែអ្នកស្រី អ៊ុក សំបូរ គឺគាត់មានការភ័យខ្លាចជាខ្លាំងគាត់ហូបបាយមិនចូល ហើយអង្គុយតែយំនៅឯផ្ទះ ហើយគាត់ក៏មិនរកមេធាវីដែរដោយខ្លាចគេចោទគាត់ថា ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំបានពន្យារពេលចូលឆ្លើយបំភ្លឺនៅ តុលាការដោយសារតែមេធាវីរបស់ខ្ញុំគាត់ជាប់រវល់។ ខ្ញុំមិនខ្លាចទេបើដឹងថា គេជាអ្នកមានអំណាច ហើយមានលុយក៏ដោយ ពីព្រោះខ្ញុំនឹងនិយាយដូចអ្វីដែលខ្ញុំនិយាយនៅក្នុងរបាយការណ៍ គឺនៅតែនិយាយដដែលថា គាត់មានដោយសាររកស៊ីឈើ»។
លោក សុខ នី អាយុ ៤៣ឆ្នាំ ដែលបានទៅផ្តិតមេដៃនៅផ្ទះមេភូមិបានថ្លែងឲ្យដឹងថា នៅពេលដែលលោកទៅផ្តិតមេដៃដំបូងគឺគាត់ពុំបានដឹងអ្វីនោះទេ ដោយគ្រាន់តែគេថា មេភូមិហៅឲ្យទៅផ្តិតមេដៃគាំទ្រអង្គការក្រៅរដ្ឋាភិបាល ហើយស្របពេលដែលលោកចង់ខ្ចីលុយគេស្រាប់ក៏ទៅផ្តិតឲ្យគេដើម្បីងាយស្រួលខ្ចីលុយ។ លោកបានឲ្យដឹងទៀតថា៖ «នៅពេលដែលខ្ញុំផ្តិត ហើយគេថា ផ្តិតគាំទ្រ ឧកញ៉ា ទ្រី ភាព ពីព្រោះមានគេចោទគាត់ថា ជា យួន និងរកស៊ីឈើ បើខ្ញុំដឹងមុនខ្ញុំមិនផ្តិតទេ តែឥឡូវជ្រុលទៅហើយ»។
លោក ម៉េវ ប៊ី អាយុ ៧៧ ឆ្នាំ ដែលបដិសេធមិនព្រមផ្តិតមេដៃបានថ្លែងឲ្យដឹងថា មេភូមិគេបានកាន់លិខិតពីរសន្លឹកយកមកឲ្យគាត់ផ្តិតមេដៃគាំទ្រ ការអភិវឌ្ឍរបស់ឧកញ៉ា ទី្រ ភាព នៅក្នុងស្រុក កណ្តាលស្ទឹង នេះ និងបដិសេធសម្តី របស់លោក សេន សាន ដែលបាននិយាយថាលោក ឧកញ៉ា មានដោយសាររកស៊ីឈើ ប៉ុន្តែគេលាក់មិនឲ្យគាត់មើលឯកសារ ប៉ុន្តែគាត់លូចមើលឃើញ។
លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំអត់ផ្តិតមេដៃឲ្យទេពីព្រោះគេមិនឲ្យខ្ញុំមើលឯកសារ ហើយលោក សាន គាត់និយាយអញ្ចឹងមែន គឺឧកញ៉ា មានដោយសាររកស៊ីឈើ។ ខ្ញុំនិយាយតាមអ្វីដែលខ្ញុំដឹង»។
លោក អ៊ុន សុធា មេឃុំ ត្បែង បានថ្លែងឲ្យដឹងថា ភូមិទាំងអស់នៅក្នុងឃុំ ត្បែង គឺអាជ្ញាធរបានឲ្យប្រជាពលរដ្ឋផ្តិត មេដៃគាំទ្រ លោក ឧកញ៉ា ទ្រី ភាព ប៉ុន្តែរហូតមកដល់ពេលនេះលោកពុំទាន់ដឹងថា មានប្រជាពលរដ្ឋប៉ុន្មាននាក់បានផ្តិតមេដៃគាំទ្រនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងឲ្យប្រជាពលរដ្ឋផ្តិតមេដៃគាំទ្រ រឿងគេបរិហារកេរ្តិ៍ ឧកញ៉ា ទ្រី ភាព ។ ខ្ញុំមិនហ៊ាននិយាយឲ្យលើសពីនេះទេ»។
កាលពីថ្ងៃ ទី២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយដោយអះអាងថា ក្រុមហ៊ុនរបស់លោក ឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចជិត ៧ ម៉ឺនហិកតា គឺជាក្រុមហ៊ុនដែលរកស៊ីនាំឈើទៅក្រៅប្រទេស ជាជាងការវិនិយោគនៅលើដីសម្បទាន។
នៅក្នុងនោះក៏បានដកស្រង់សម្តីរបស់លោក សេន សាន ដែលបាននិយាយថា លោក ទ្រី ភាព មានជីវភាពរុងរឿងដោយសារតែរកស៊ីឈើ ហើយលោកតែងតែធ្វើល្អ ជាមួយអ្នកជិតខាងដូចជា ជួយសាងសង់ផ្លូវ សាលារៀន អណ្តូងទឹក ឬវត្តអារាមជាដើម។ ចំណែកឯ អ្នកស្រី អ៊ុក សំបូរ ដែលស្និទ្ធលោក ទ្រី ភាព ដែលធ្លាប់ធ្វើការនៅផ្ទះជំទាវបាននិយាយថា លោក ទ្រី ភាព មានបងប្អូនទាំងអស់ ៦នាក់ ហើយ បច្ចុប្បន្នមានកូនចំនួនបីនាក់ក្នុងនោះមានស្រីម្នាក់ ហើយកូនម្នាក់ក្នុងចំណោមបីនាក់ ឈ្មោះលោក ទ្រី លុច ត្រៀមនឹងទទួលឋានៈជាឧកញ៉ានាពេលខាងមុខ។
ដោយសារតែការលើកឡើងខាងលើនោះ លោក សម ឫទ្ធីវាសនា តំណាងអយ្យការ អមសាលាដំបូង ខេត្ត កណ្តាល នៅថ្ងៃ ទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ បានចេញដីកាបង្គាប់ឲ្យពលរដ្ឋ ២នាក់ ចូលទៅកាន់សាលាដំបូងខេត្ត កណ្តាល នៅថ្ងៃ ទី២៩ ខែ វិច្ឆិកា ដើម្បីសាកសួរពីដំណើររឿងដែល ឧកញ៉ា ទ្រី ភាព ប្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
លោក ឧកញ៉ា ទ្រី ភាព ពុំអាចទាក់ទងដើម្បីសុំធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារ សិទ្ធិមនុស្ស អាដហុក បានថ្លែងឲ្យដឹងថា ទង្វើដែលអាជ្ញាធរផ្តិតមេដៃគាំទ្របុគ្គលណានោះគឺជាសិទ្ធិរបស់គាត់ពុំមានអ្វីខុសនោះទេ ប៉ុន្តែប្រសិនបើមានការភូតកុហកនោះគឺជាទង្វើមួយខុសច្បាប់គឺ គាត់ក្លែងឯកសារ។ លោកថា៖ «ប្រជាពលរដ្ឋគាត់មានសិទ្ធិសេរីភាពក្នុងការសម្តែងមតិហើយជំហររបស់អង្គការដែលបានចេញរបាយការណ៍ នោះគឺគ្រាន់ចង់បង្ហាញអំពីជំហររកស៊ីរបស់ក្រុមហ៊ុនដែលកេងចំណេញទ្រព្យសម្បតិ្តរដ្ឋ»៕
No comments:
Post a Comment
yes