អង្គការក្នុងស្រុក១៦ ដែលធ្វើការលើវិស័យច្បាប់ សិទ្ធិមនុស្ស សេដ្ឋកិច្ច និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងសហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រោងដង្ហែក្បួនដាក់ញត្តិទៅក្រសួងកិច្ចការនារី និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យបញ្ឈប់រាល់ហិង្សា ដែលប្រព្រឹត្តដោយភ្នាក់ងាររដ្ឋទៅលើស្ត្រីអ្នកតវ៉ាដោយអហិង្សា។
សេចក្តីថ្លែងការណ៍របស់អង្គការទាំង១៦ សហគមន៍បឹងកក់ និងបុរីកីទ្បា ចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថា សេចក្តីអំពាវនាវនេះ ក៏មានបំណងចូលរួមយុទ្ធនាការអន្តរជាតិបំពាក់បូ ស ១៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីបញ្ឈប់ហិង្សាលើស្ត្រី។
សេចក្តីថ្លែងការណ៍បន្តថា មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកភូមិមានជម្លោះដីធ្លី នឹងដង្ហែក្បួនពីរមណីយដ្ឋានវត្តភ្នំ នៅម៉ោង៨ព្រឹក ទៅក្រសួងកិច្ចការនារី។ សេចក្តីថ្លែងការណ៍ឲ្យដឹងដែរថា អំពើហិង្សាលើស្ត្រីនៅកម្ពុជា កើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។ ជាពិសេស អាជ្ញាធរបានប្រើប្រាស់អំពើហិង្សាជាសាធារណៈទៅលើស្ត្រីឈានមុខ ដែលចេញតវ៉ាទាមទារសិទ្ធិ ដូចជាករណីសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ស្ត្រីរងគ្រោះនៅស្ទឹងមានជ័យ និងកម្មការិនីរោងចក្រនៅស្វាយរៀងជាដើម។
សេចក្តីថ្លែងការណ៍ថា ករណីទាំងនោះកម្រមានការស៊ើបអង្កេត ហើយមានស្ត្រីជាជនរងគ្រោះមួយចំនួនត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងផ្តន្ទាទោសដោយមិនសមហេតុផល។
សេចក្តីថ្លែងការណ៍បង្ហាញថា ទាក់ទងហិង្សាលើយែនឌ័រ ការស្រាវជ្រាវរកឃើញថា ជិត២០ភាគរយនៃបុរសដែលត្រូវបានសម្ភាសន៍ សារភាពថា ខ្លួនធ្លាប់ប្រើហិង្សាលើស្ត្រីជាដៃគូ ខណៈជាង២០ភាគរយទៀតសារភាពថា បានប្រើហិង្សាផ្លូវភេទ។
នៅពាក់កណ្តាលដើមឆ្នាំ២០១៣ អង្គការលីកាដូ បានទទួលពាក្យបណ្តឹងករណីហិង្សាក្នុងគ្រួសារជិត១០០ករណី និងបានអង្កេតលើករណីរំលោភសេពសន្ថវៈជាង៤០ករណី៕
No comments:
Post a Comment
yes