
ការតវ៉ារបស់កម្មកររោងចក្រ អេសអិល ដែលបានឈានដល់ការ
ប៉ះទង្គិចដោយហិង្សាកន្លងមក។ រូបថត ផា លីណា
សម្ព័ន្ធសហជីពចំនួន ៤ បានគំរាមធ្វើការតវ៉ាទ្រង់ទ្រាយធំមួយនៅទូទាំងប្រទេស ប្រសិនបើមិនមានការដោះស្រាយរឿងប្រាក់ឈ្នួលកម្មករនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងរយៈពេល ១ខែ នេះ។ ការអះអាងនេះស្របពេលដែលសម្ព័ន្ធសហជីពទាំងនេះដាក់លិខិតទាមទារទៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងរាជរដ្ឋាភិបាលដែលជាស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅ ឌូ) បានថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃ ទី២៥ ខែ វិច្ឆិកា ថា ប្រសិនបើអ្វីៗមិនអាចដោះស្រាយបាននោះការតវ៉ាដ៏ធំមួយនឹងកើត មាននៅក្នុងខែ ធ្នូ ខាងមុខនេះ។
លោកបានថ្លែងថា៖ «ប្រសិនបើរាល់បញ្ហាដែលបានស្នើឡើងមិនបានបញ្ចប់ទេនោះ ខ្ញុំគិតថា ការតវ៉ាដ៏ធំមួយនឹងកើតមាននៅទូទាំងប្រទេសដោយសារតែយើងមិនអាចធ្វើការពន្យារបានតទៅទៀត»។
តំណាងសហជីពនិងកម្មករនិយោជិតផ្នែកកាត់ដេរនិងស្បែកជើងទូទាំងប្រទេស ដែលដាក់សំណើទៅស្ថាប័នពាក់ព័ន្ធ រួមមានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជានិង សម្ព័ន្ធសហជីពចលនាកម្មករ។
សំណើដែលសហជីព ទាំង ៤ ដាក់ទៅសមាគមរោងចក្រកាត់ដេរ និងស្ថាប័នរាជរដ្ឋាភិបាលមាន ៦ ចំណុច រួមមាន សុំដំឡើងប្រាក់ឈ្នួលប្រចាំខែ ១៥៤ ដុល្លារ ប្រាក់ថ្លៃបាយ ៣ ដុល្លារក្នុងមួយថ្ងៃ និយោជកដាក់ប្រាក់អតីតភាពការងារកម្មករតម្កល់ក្នុងរតនាគារជាតិដើម្បីបើកឲ្យកម្មករពេលក្រុមហ៊ុនបិទទ្វារបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីៗខុសច្បាប់ បញ្ឈប់ការឲ្យមានអ្នកធំ មានអំណាចកាងពីក្រោយក្រុមហ៊ុន និងសុំឲ្យមានការដោះស្រាយរឿងរោងចក្រ SL។
លោក អាត់ ធន់ បាននិយាយទៀតថា យុទ្ធវិធីនៃការតវ៉ារបស់កម្មករគឺកម្មករនឹងមិនធ្វើការតវ៉ានៅ នឹងកន្លែងមួយសប្តាហ៍ ហើយប្រសិនបើក្នុងរយៈពេលនេះ នៅតែពុំមានដំណោះស្រាយទេ ពួកគេនឹងធ្វើការតវ៉ានៅមុខរោងចក្រហើយចុងក្រោយ គឺការដង្ហែក្បួនជួបជុំគ្នានៅកន្លែងណាមួយ ដើម្បីធ្វើការទាមទារតែម្តង។
លោក អាត់ ធន់ បានបន្ថែមថា ក្នុងរយៈពេល ១ សប្តាហ៍សហជីពទទួលបានស្នាមមេដៃដែលមានការគាំទ្រ ពីកម្មករប្រមាណជា ៤ ម៉ឺននាក់មកពី ១៣៨ ក្រុមហ៊ុន ហើយលោកនឹងបន្តប្រមូលការគាំទ្រពីកម្មករ ដែលមិនមែនជាសមាជិករបស់សហជីពទាំង ៤ នេះថែមទៀត។
លោកថ្លែងថា៖ «មានតែរាជរដ្ឋាភិបាល សមាគមកាត់ដេរ និងអ្នកបញ្ជាទិញទេដែលដោះស្រាយបញ្ហានេះបាន ដោយសារថា ពួកគេជាអ្នកដែលមានអំណាចអាចធ្វើការសម្រេចចិត្តលើការទាមទាររបស់កម្មករនេះបាន»។
អ្នកនាង យ៉ាង សុភាន់ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានលើកឡើងកាលពីថ្ងៃម្សិលមិញថា អ្វីៗអាចដោះស្រាយបានប្រសិនបើរាជរដ្ឋាភិបាលមានឆន្ទៈ។
អ្នកនាងបន្តថា៖ «ខ្ញុំគិតថា ទុក្ខលំបាករបស់កម្មករអាចនឹងដោះស្រាយបានងាយ ប្រសិនបើរាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយជូនកម្មករ»។
នៅមិនទាន់មានការឆ្លើយតបពីសមាគមរោងចក្រកាត់ដេរកម្ពុជា លើការទាមទាររបស់សហជីពនេះនៅឡើយកាលពីម្សិលមិញ៕
No comments:
Post a Comment
yes