
លោក កឹម សុខា និងលោកសម រង្ស៊ី នៅក្នុងសន្និសីទព័ត៌មានមួយ
គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើបាតុកម្មជាថ្មីម្តងទៀតនៅថ្ងៃទី១០
ខែធ្នូខាងមុខនេះចំទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិហើយប្រកាសបិទផ្លូវចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា
អនុប្រធានគណបក្សបានបញ្ជាក់ប្រាប់វីអូអេអំពីបាតុកម្មដែលគ្រោងធ្វើនោះថា៖
«ជាការទាមទារនូវការគោរពសិទ្ធិមនុស្សជាពិសេសលើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋខ្មែរគឺសិទ្ធិបោះឆ្នោតហ្នឹងឯង»។
បក្សប្រឆាំងបានប្រកាសជាឯកតោភាគីបិទផ្លូវចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជាដោយបានចោទប្រកាន់ថាគណបក្សកាន់អំណាចខកខានមិនគោរពតាមអ្វីដែលខ្លួនបានសន្យាកន្លងមកជាពិសេសលើកិច្ចព្រមព្រៀងគ្នាដែលសម្រេចបាននៅថ្ងៃទី១៦ខែកញ្ញាដែលថានឹងមិនប្រើអំពើហិង្សាលើប្រជាពលរដ្ឋនិងក្រុមអ្នកតវ៉ានានា។
ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដាមិនបានធ្វើឱ្យគណបក្សប្រឆាំងសុខចិត្តទទួលយកលទ្ធផលនោះទេ
ដោយបានចោទប្រកាន់ថាមានភាពមិនប្រក្រតីជាច្រើនហើយបានធ្វើពហិការមិនចូលប្រជុំសភាជាតិ។
គណបក្សទាំងពីរបានខិតខំចរចាដើម្បីទម្លុះភាពជាប់គាំងនយោបាយនេះហើយក្រុមចរចានៃគណបក្សទាំងពីរបានជួបចរចាគ្នាចុងក្រោយកាលពីថ្ងៃទី៥ខែវិច្ឆិកាកម្រិតថ្នាក់បច្ចេកទេសប៉ុន្តែមិនបានសម្រេចលទ្ធផលអ្វីទាំងអស់ដែលធ្វើឱ្យអ្នកគាំទ្រគណបក្សប្រឆាំងមានការមិនសប្បាយចិត្ត។
នេះបើតាមការបញ្ជាក់របស់លោកកឹម សុខា។
គណបក្សប្រឆាំងក៏បានភ្ជាប់ការតវ៉ាលទ្ធផលឆ្នោតទៅនឹងការទាមទារកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលអាជ្ញាធរប៉ូលិសបានបង្ក្រាបយ៉ាងសាហាវកាលពីថ្ងៃទី១២
ខែវិច្ឆិកាកន្លងមកដែលបានបណ្តាលឱ្យស្រ្តីអ្នកលក់បាយម្នាក់ស្លាប់បាត់បង់ជីវិតនិងអ្នកតវ៉ាជាច្រើននាក់ទៀតរងរបួស។
លោកកឹម សុខាបានបន្ថែមថា៖ «ប្រជាពលរដ្ឋនៅគ្រប់ទិសទីទាំងអស់ដែលខ្ញុំទៅគេដាច់ខាតគេមិនឱ្យគណបក្សសង្គ្រោះជាតិទៅចរចាជាមួយគណបក្សប្រជាជនទៀតទេដរាបណាមិនរកយុត្តិធម៌ជុំវិញការបោះឆ្នោត
ដរាបណាមិនស៊ើបអង្កេតរកជនដៃដល់និងអ្នកនៅពីក្រោយខ្នងក្នុងការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើបាតុករ»។
គណបក្សបញ្ជាក់ថាខ្លួនកំពុងរៀបចំយុទ្ធសាស្រ្តសម្រាប់ធ្វើបាតុកម្មយូរជាងមុនទៀតហើយសង្ឃឹមថានឹងមានអ្នកចូលរួមកាន់តែច្រើនដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងចំពោះប្រទេសជាតិប្រសិនបើពួកគេនៅស្ងៀមយូរទៀត។
«ខ្ញុំឃើញថាការវិវត្តផ្លាស់ប្តូររបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរហើយនៅតែអ្នកកាន់អំណាចដែលក្រាញអំណាចទេដែលអត់ទាន់ផ្លាស់ប្តូរផ្នត់គំនិត។
ប៉ុន្តែខ្ញុំសង្ឃឹមថាថ្ងៃណាមួយប្រជាពលរដ្ឋនឹងទាមទារអ្នកកាន់អំណាចផ្តាច់ការផ្លាស់ប្តូរជាមិនខាន»។
លទ្ធផលឆ្នោតបង្ហាញថា គណបក្សប្រឆាំងឈ្នះស្ទើរតែគ្រប់ខេត្តក្រុងសំខាន់ៗទាំងអស់ក្នុងប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញនិងខេត្តជុំវិញ៕
No comments:
Post a Comment
yes