សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 15, 2013

សមរង្សី៖ត្រូវ​មាន​អ្នក​ទទួល​ខុសត្រូវចំពោះ​មរណភាព​​ស្រ្តី​អ្នក​លក់​បាយ

ត្រឡប់ពីខេត្តសៀមរាប មកដល់ទីក្រុងភ្នំពេញភ្លាម លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោក​នឹងបន្តរស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដែលបានស្លាប់ ដោយការវាយ​ប្រ​ហារ​របស់ក្រុមកម្លាំងសមត្ថកិច្ច គ្រប់គ្រង់​ដោយ​រដ្ឋាភិបាលកម្ពុជាអាណត្តិទីប្រាំ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)


រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ  នៅព្រលានយន្ដ​ហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហាញពីជំហរររបស់​គណបក្សលោក ក្នុងការបន្តរការស្វែងរក និង​ដោះស្រាយបញ្ហាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលបានស្លាប់ដោយ​ការប្រើ​ប្រាស់ នូវកម្លាំងរបស់រដ្ឋាភិ​បាល ដែលជាអំពើមួយឃោឃៅ។

ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងឲ្យដឹងទៀតថា «យើងថ្កោលទោសនូវរាល់​អំពើ​ហិង្សា ពិសេសអំពើហិង្សា ដែលបណ្តាលមកពីកងកម្លាំងប្រដាប់អាវុធ ដែលទទួលបញ្ជាពីថ្នាក់លើ ឲ្យបង្គ្រាបអ្នកធ្វើបាតុកម្ម។ (…) ជួនកាលអ្នកដែល​មិនបានដឹងខ្លួនសោះ ហើយត្រូវបានគេបាញ់​ប្រ​ហារមកលើពួកគាត់។ នេះជាអំពើឃោឃៅមួយ ដែលត្រូវថ្កោលទោស។ 


យើងនឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងទាមទាឲ្យអ្នកដែលទទួលខុសត្រូវនោះ ទទួលខុស​ត្រូវចំពោះមុខច្បាប់។»

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទំនាក់ទំនងបានទេ ដោយលោក ពុំ​ទទួលទូរស័ព្ទ ។ តែ​កាល​ពីល្ងាចថ្ងៃទី១២ ខែវិច្ឆិការនេះ គណបញ្ជាការរាជធានីភ្នំពេញ ដែលដឹកនាំ​ដោយ​លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី​ភ្នំពេញ និងលោក ជីវ កេង ប្រធានសាលាដំបូង​រាជធា​នីភ្នំពេញ បានធ្វើការកោះប្រជុំជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និង​វាយតម្លៃលើបញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ពិសេសធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ ចំពោះ​ការ​ធ្វើបាតុ​កម្ម កូដកម្ម នៅពេលដែលមាន«ជន»ទីបីចូលមកបង្កចលាចល បង្កើតភាពអសន្តិសុខក្នុងសង្គម។
«មានជនទីបី»
ក្នុងកិច្ចប្រជុំនោះលោក ប៉ា សុជាតិវង្ស បានលើកឡើងថា «ក្នុងរយៈកាលចុងក្រោយនេះ ដោយសារ​ការកើតមាន​សភាព​ការណ៍​មួយចំនួន ដែលតម្រូវឲ្យគណបញ្ជាការឯកភាព ត្រូវដោះស្រាយ ដោយ​ប្រើកម្លាំង និងមធ្យោបាយសរុប ដើម្បីគ្រប់​គ្រងសភាពការ។ (…) ការប៉ះទង្គិចថ្ងៃទី១២ វិច្ឆិកានេះ មិនមែនជាការប៉ះទង្គិចជាមួយក្រុមកម្មករនៅរោងចក្រអេស អិល និងសមត្ថកិច្ចឡើយ គឺមាន “ជន” ទីបី ចូលមកបង្កដើម្បីបង្កើត ឲ្យមានការប៉ះទង្គិចនេះឡើង។»

ដោយឡែកស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ កាលពីល្ងាចថ្ងៃតី១២ ខែវិច្ឆិការ ក្រោយពី​បាន​បញ្ចប់ នូវព្រឹត្តិការណ៍​បាញ់ប្រហារមកលើក្រុមបាតុករ និងព្រះសង្ឃនោះបានលើកឡើងថា ការតវ៉ារបស់កម្មករ អេស អិល ហាក់ដូចជាបាន​រៀបចំទុកជាមុន ព្រោះពួកគេបានដង្ហែ​ក្បួនមក​ចាប់​ដៃ ជាមួយក្រុមឱកាសនិយមនៅមុខវត្តស្ទឹងមានជ័យ។ លោក ជួន សុវណ្ណ បានបញ្ជាក់ចំពោះបញ្ហា ដែលនាំឲ្យមានការបាញ់ស្លាប់ស្រ្តីអ្នកលក់បាយម្នាក់នោះថា «ឥឡូវបានឃើញ​ប៉ូលីស​ហ្នឹង បាញ់ប្រ​ជា​ពលរដ្ឋស្លាប់នៅកន្លែងច្បាស់លាស់ទេ ឬគ្រាន់តែជាការបកស្រាយ?»។ 

តែទោះជាយ៉ាងណាលោក​ក៏​បាន​បញ្ជាក់បន្ថែមថា «ចំពោះឧបត្តិហេតុដែលបានកើតឡើងនេះ មិន​អាចកំណត់បាន។ យើងបានបង្កើតគណកម្មការ និងបាន​ចុះស្រាវជ្រាវដល់កន្លែង​កើតហេតុហើយ​។»
«អ្នកណាជាអ្នកកាន់កាំភ្លើង អ្នកនោះជាអ្នកទទួលខុសត្រូវ»
ទាក់ទងនឹងការលើកឡើងខាងលើនេះ មន្រ្តីអង្គការសង្គមស៊ីវិលក៏បានធ្វើការថ្គោ​លទោសចំពោះ​ទង្វើ និងចំណាត់ការ​របស់​រដ្ឋាភិបាល ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ បានស្លាប់​ដោយអយុត្តិធម៌។ ជាមួយគ្នានេះប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនិងសន្តិភាពលោក យ៉ង់ គឹមអេង បានបញ្ជាក់លើការទទួលខុសត្រូវនោះថា «អ្នកណាជាអ្នកកាន់កាំភ្លើង អ្នកនោះ​ទទួល​ខុសត្រូវ។ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ព្រោះនេះជាការបញ្ជារបស់ខ្លួន។»

មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះបានបន្តរថា នេះជាលើកទីពីរហើយ ដែលបណ្តាលឲ្យប្រ​ជាពលរដ្ឋ​បានស្លាប់ ហើយ​រដ្ឋាភិបាល​មិនដែលទទួលខុសត្រូវ នូវទង្វើអាក្រក់របស់ខ្លួនទេ។ លោកបានបន្តរ «(វា) មិនដែលរាលកៃ (កាំភ្លើង) នៅក្នុង​ហ្វូងមនុស្សដ៏ច្រើនបែបនេះទេ នេះគ្រាន់តែជា “លេស” ប៉ុណ្ណោះ។ បើសិនជាមានការប្រទាញប្រទង់គ្នា យើងអាចថាជា​ការរាលកៃ តែនេះមានចេត​នាបាញ់​សំដៅទៅហ្វូងមនុស្សតែម្តង។»

ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាអង្គការសង្គស៊ីវិល លោក យ៉ង់ គឹមអេង មិនចង់ឃើញមានករណី​នេះកើតឡើង​ជា​ដដែលៗនោះទេ ត្រូវតែរកឲ្យឃើញនូវអ្នកបាញ់នោះ ហើយយកមកផ្តន្ទាទោសទៅ​តាម​ច្បាប់ ជៀសវាងបង្កើតឲ្យ​មាន​បញ្ហានីទណ្ឌភាពជាបន្តរទៀត។ 

«ក្នុងនាមជាមន្រ្តីអង្គការសិទ្ធិមនុស្ស យើងបានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យ​រដ្ឋាភិបាល ស្វែង​រក​ជនដៃដល់ពិតប្រាកដមកផ្ទន្ទាទោសតាមច្បាប់»។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា មានអំពើហិង្សាកើតឡើងរវាងក្រុមសមត្ថកិច្ច និងក្រុមកម្មករ​នៅមុខវត្តស្ធឹងមានជ័យ ដែលបានបណ្តាលឲ្យស្រ្តីអ្នកលក់បាយម្នាក់ បានស្លាប់ក្នុងហេតុការណ៍​នោះ និង៣៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងនោះ​មានព្រះសង្ឃចំនួន៧អង្គត្រូវបានដោះលែង នៅល្ងាចថ្ងៃដដែល ឯប្រជាពលរដ្ឋ និងកម្មករ២៩នាក់​ត្រូវបានដោះ​លែង​ឲ្យត្រឡប់មកផ្ទះ​វិញនា​ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា។ ដោយឡែកយុវជនពីរនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ចោទពីបទបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងបង្ករហិង្សា។ យុវជនទាំងពីរនោះម្នាក់ឈ្មោះ វាស នុន អាយុ​១៥ឆ្នាំ ស្នាក់នៅកុដិលេខពីរក្នុងវត្តស្ទឹងមានជ័យ និងឈ្មោះ វន្នី វ៉ាន់ណន អាយុ១៩​ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ។

អ្នកសង្កេតការណ៍សង្គមកម្ពុជា បានថ្លែងថា សម្ដីរបស់ប្រធានគណបក្សប្រឆាំងខាងលើ អាចជា​ពាក្យ​សម្ដីដើម្បីប្រជាភិថុត​មួយ។ ដូច្នេះគេនឹងរងចាំមើល ថាតើរវាងពាក្យថ្លែងនិងការអនុវត្តន៍រ​បស់​លោក នឹងមានគម្លាតគ្នាប្រវែងប៉ុន្មាន ឬមួយ​ក៏​គ្រាន់តែជាអ្វីដែលលោកហ៊ុន សែននាយករដ្ឋមន្ត្រី តែងថ្លែងបង្អាប់ថា ជា​«ព្យុះ​ក្នុង​ក្អម»ប៉ុណ្ណោះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes