សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 15, 2013

ថៃប្រកាសជំទាស់ផែនការគ្រប់គ្រងបា្រសាទព្រះវិហាររបស់កម្ពុជា

ពលរដ្ឋ​ជាអ្នកទេសចរ​​នៅ​ប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា
ពលរដ្ឋ​ជាអ្នកទេសចរ​​នៅ​ប្រាសាទព្រះវិហារ ថ្ងៃទី១០ វិច្ឆិកា

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិពលោក​របស់​ថៃ​ បាន​ប្រកាស​ថា ​ខ្លួន​នឹង​ជំទាស់​ទៅ​នឹង​គម្រោង​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ រហូត​ទាល់តែ​ជម្លោះ​ដែន​ដី​ជុំវិញ​ប្រាសាទ​ត្រូវ​បាន​ដោះស្រាយ​ជា​ស្ថាពរ។​ ការប្រកាស​បែប​នេះ​បាន​ធ្វើ​ឡើង​ខណៈដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ (WHC​) គ្រោង​បើក​កិច្ចប្រជុំ​នៅ​ខែ​មិថុនា​ឆ្នាំ ២០១៤​ នៅ​ឯ​ប្រទេស​កាតា ​និង​បន្ទាប់​ពី​តុលាការ​ក្រុង​ឡាអេ​បាន​សម្រេច​កាលពី​ថ្ងៃ​ ១១ វិច្ឆិកា​ថា ​ដែនដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជារបស់​កម្ពុជា​។

បើ​ទោះបី​ជា​តុលាការ​ក្រុងឡាអេ​សម្រេច​ថា ​ដែនដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់កម្ពុជា​ក៏ដោយ​ ក៏ថៃ​នៅ​តែ​ជំទាស់​ទៅ​នឹង​គម្រោង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ដដែល។​ នេះ​បើ​យោង​តាម​អ្នកជំនាញ​ការ​ថៃ​ដែល​ត្រូវ​បាន​កាសែត​បាង​កក​ប៉ុស្ត៍​ ស្រង់​សម្តីមក​ចុះផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ។
លោក ​Pithaya ​Pookaman ​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ថៃ​បាន​ព្រមានថា ​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ត្រូវតែ​ដក​ចេញ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​រហូត​ទាល់តែ​ការកំណត់​ពី​ព្រំដែន​ជុំវិញ​ប្រាសាទ​ត្រូវបាន​ព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​ជាមុន​សិន។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ មន្ត្រីថៃ​បាន​នាំគ្នា​ចេញ​មុខ​ប្រឆាំង​ដោយ​ចំហ​ផង និង​ដោយ​ប្រយោល​ផង​ ទៅ​នឹង​សាលដីកា​តុលាការ​ក្រុង​ឡាអេ​ កាលពី​ថ្ងៃទី​១១​ វិច្ឆិកា។ កាលពី​ថ្ងៃពុធ​ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា ​គណបក្ស​ប្រឆាំង​ថៃ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាលក្រុង​បាងកក​បដិសេធ​ចោល​សាលដីកា​តុលាការ​ក្រុង​ឡាអេ​។

នាយក​រដ្ឋមន្ត្រី​ថៃ​ លោកស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រា ​ក៏បាន​បញ្ជាក់​នៅ​ក្នុង​អង្គសភា​ដែរ​ថា​ លោកស្រី​មិន​ដែល​បាន​សន្យា​ថា​នឹង​ទទួល​យក​សាលដីកា​នេះ​ទេ។ ​ប្រមុខ​រដ្ឋាភិបាល​ថៃ​ថែម​ទាំងបាន​អះអាង​ពី​ការ​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រះវិហារ​ទៅ​តាម​សាលដីកា​របស់​តុលាការ​ទៀត​ផង។

គួរ​បញ្ជាក់​ថា ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​ខែកក្កដា ​ឆ្នាំ​​២០០៨​ បើ​ទោះ​បី​ជា​ថៃ​បាន​តវ៉ា​ជំទាស់យ៉ាង​ខ្លាំង​ក៏ដោយ។ ​ទោះជា​យ៉ាង​ណា ​ថៃ​នៅ​តែ​តវ៉ា​ជំទាស់​ទៅនឹង​ផែនការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ជារៀង​រហូត​មក​។

ជាក់ស្តែង​ ខណៈ​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​គ្រោង​បើក​កិច្ចប្រជុំ​ នៅខែ​មិថុនា ឆ្នាំ​២០១៤​ខាង​មុខ​នេះ ​នៅ​ឯ​ប្រទេស​កាតា ​ថៃ​ក៏ប្រកាស​ជំទាស់​ទៅ​នឹងផែនការ​គ្រប់គ្រង​​ប្រាសាទ​ព្រះវិហារ​ជាថ្មី​ទៀត។

យ៉ាងណា​ក៏ដោយ​ កម្ពុជា​ធ្លាប់​បាន​ពន្យល់​ជាច្រើន​លើក​ហើយ​ថា​ ផែនការ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​ គឺជា​កិច្ចការ​របស់​កម្ពុជា​ដែល​ត្រូវ​ធ្វើ​ជាមួយ​អង្គការ​យូណេស្កូ​ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ​៕

No comments:

Post a Comment

yes