សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 16, 2013

អ្នក​ឃ្លាំ​មើល​កម្ពុជា​ព្រមាន​ដឹក​នាំ​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ

មេបញ្ជាការ​យោធា​ខ្មែរ-ថៃ ព្រំដែន ៦១០
មេបញ្ជាការ​យោធា​ខ្មែរ-ថៃ ជួប​ប្រជុំ​គ្នា​ដើម្បី​រក្សា​លំនឹង​ស្ថានភាព​
យោធា​រវាង​ភាគី​​ទាំង​ពីរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣

សកម្មជន​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា ព្រមាន​ដឹក​នាំ​មហាជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​មាន​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា និង​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ តាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ស្រប​គ្នា​នេះ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រក្សា​ជំហរ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​បញ្ឈប់​សកម្មភាព​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ភាគី​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ ត​ទៅ​ទៀត។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ព្រមាន​ដឹក​នាំ​កម្លាំង​មហាជន​ប្រមូល​ផ្តុំ​គ្នា ប្រឆាំង​តវ៉ា​ទៅ​នឹង​រដ្ឋាភិបាល​ថៃ ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ បើ​សិន​រដ្ឋាភិបាល​ថៃ មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។
សារ​ព្រមាន​នេះ កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ប្រកាស​ថា​នឹង​មិន​ដក​កងទ័ព​ខ្លួន​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ទេ ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ប្រកាស​ឲ្យ​ដក​ទ័ព​ចេញ​ក្តី។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បកស្រាយ​សាលក្រម​ជា​ថ្មី​លើ​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ដោយ​តម្រូវ​ឲ្យ​កងទ័ព កង​នគរបាល ឬ​ឆ្មាំ​ថៃ ទាំងអស់ ត្រូវ​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា ដែល​ថៃ ទាមទារ​ក្បែរ​ប្រាសាទ​ព្រះវិហារ ព្រោះ​ជា​ទឹក​ដី​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) ឈ្នះ​ទាំងអស់​គ្នា។ ហើយ​ថា អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​កំណត់​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាម​រយៈ​គណៈកម្មការ​ចម្រុះ​ប្រទេស​ទាំង​ពីរ។
ចំណែក​គេហទំព័រ​កាសែត បាងកក ប៉ុស្តិ៍ ថៃ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក៏​បាន​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ដែល​បាន​និយាយ​នៅ​ក្នុង​សភា​ថៃ កាល​ពី​ថ្ងៃ​ពុធ ថា អ្នកស្រី​មិន​ធ្លាប់​និយាយ​ថា ព្រម​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ប្រគល់​ដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ឲ្យ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ បាន​និយាយ​អំពី​ការ​រក្សា​សន្តិភាព និង​ទំនាក់​ទំនង​ទ្វេ​ភាគី និង​អធិបតីភាព​ប្រទេស​ថៃ។
ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ព្រមាន​ដឹក​នាំ​កម្លាំង​មហាជន​ធ្វើ​មហា​បាតុកម្ម​ពេល​ឆាប់ៗ​នេះ ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ។ លោក រ៉ុង ឈុន បាន​ថ្កោលទោស និង​ព្រមាន​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក ត្រូវ​តែ​ដក​កម្លាំង​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ឲ្យ​បាន​ឆាប់។ ជាង​នេះ ក៏​បាន​ស្នើ​ទៅ​ប្រមុខ​ដឹក​នាំ​កម្ពុជា ត្រូវ​បញ្ឈប់​យន្តការ​ជួប​ចរចា​ជាមួយ​ភាគី​ថៃ លើ​ជម្លោះ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ត​ទៅ​ទៀត។
លោក រ៉ុង ឈុន៖ «សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ការទូត​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​សៀម ពីព្រោះ​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​សៀម មក​ដល់​ពេល​នេះ យើង​មិន​បាន​ឃើញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ឆ្លើយ​តប​ណា​មួយ​ទៅ​នឹង​រដ្ឋាភិបាល​សៀម នៅ​ឡើយ​ទេ។ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ប្រើ​យន្តការ​ការ​ចរចា​បន្ត​ទៅ​ទៀត​ក្នុង​តំបន់​ទឹក​ដី​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ទឹក​ដី ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ​ជា​ជា​ទឹក​ដី​របស់​កម្ពុជា យើង​ហើយ»
មិន​ខុស​គ្នា​ទេ លោក​បណ្ឌិត សុខ ទូច សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ ក៏​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​លើក​យក​ករណី​ប្រាសាទ​ព្រះវិហារ ទៅ​ចរចា​ជា​ឯកតោ​ភាគី​ជាមួយ​ថៃ ត​ទៅ​ទៀត។ លោក​ថា រដ្ឋាភិបាល​គួរ​ឈប់​លើក​យក​ដី ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ មក​និយាយ ឬ​ជួប​ចរចា​ជាមួយ​ភាគី​ថៃ ត​ទៅ​ទៀត ព្រោះ​មិន​ចំណេញ​ដល់​កម្ពុជា ទេ៖ «កុំ​ដោះស្រាយ​ទ្វេ​ភាគី។ យើង​ដឹង​ហើយ​ឥឡូវ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត ចង់​ដោះស្រាយ​ជា​ទ្វេ​ភាគី ព្រោះ​លក្ខណៈ​ទ្វេ​ភាគី​ហ្នឹង​ហើយ​ដែល​អត់​មាន​ដំណោះស្រាយ បាន​ជា​យើង​រុញ​ទៅ​រក​អង្គការ​សហប្រជាជាតិ ហើយ​អង្គការ​សហប្រជាជាតិ បាន​រុញ​មក​អាស៊ាន។ ហើយ​ពេល​ដែល​អាស៊ាន មិន​មាន​ដំណោះស្រាយ​ហ្នឹង​ហើយ បាន​ជា​យើង​រុញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហ្នឹង។ អ៊ីចឹង យើង​អត់​គួរ​ដោះស្រាយ​ទ្វេ​ភាគី​ទេ។ ឈប់​ដី ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ គឺ​ឈប់​និយាយ គ្មាន​ទេ។ នេះ គឺ​ជា​ឯកតោ​ភាគី​របស់​ថៃ បង្កើត​បញ្ហា»
ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​បញ្ជាក់​ពី​ជំហរ និង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ក្នុង​ការ​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា គឺ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ។
ឆ្លើយ​បញ្ជាក់​ពី​ជំហរ និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា តប​នឹង​ការ​បដិសេធន៍​របស់ អ្នកស្រី យីងឡាក់ នាយក​រដ្ឋមន្ត្រី​ថៃ ដែល​មិន​ទទួល​ស្គាល់​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​ករណី​ប្រាសាទ​ព្រះវិហារ លោក ផៃ ស៊ីផាន ឆ្លើយ​ថា ភាគី​ទាំង​២ សម្រេច​បន្ត​ការ​ចរចា​តាម​នីតិវិធី​ជាមួយ​គ្នា​បន្ត​ទៀត។ លោក ផៃ ស៊ីផាន បន្ថែម​ថា សាល​ដីកា​តុលាការ​ក្រុង​ឡាអេ បាន​បង្ហាញ​ច្បាស់​លាស់​អំពី​អ្វី​ដែល​បាន​ចែង​ក្នុង​អង្គ​សេចក្ដី និង​អង្គ​ច្បាប់​របស់​តុលាការ​អន្តរជាតិ នៅ​ឆ្នាំ​១៩៦២។
លោក ផៃ ស៊ីផាន៖ «...យន្តការ​ទី​១ គឺ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ទទួល​បន្ទុក​លើ​កិច្ចការ​ព្រំដែន ហើយ​បាន​បន្ត​ការងារ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឥឡូវ។ យន្តការ​ទី​២ យើង​មាន​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ចំពោះ​ការងារ​ទូទៅ​ព្រំដែន ដែល​ថែ​រក្សា​សុវត្ថិភាព ថែ​រក្សា​សន្តិសុខ។ យន្តការ​ទី​៣ គឺ​យន្តការ​ទ្វេ​ភាគី​កម្ពុជា-ថៃ តាម​រយៈ​តំបន់​ដែល​នៅ​ជាប់​គ្នា​២ ខេត្ត និង​ខេត្ត ស្រុក និង​ស្រុក ជជែក​គ្នា​ដើម្បី​ធានា។ ដូច្នេះ យើង​មាន​យន្តការ​ទ្វេ​ភាគី​រួច​ស្រេច​ទៅ​ហើយ យើង​មាន​ឆន្ទៈ​នយោបាយ​រួច​ស្រេច​ទៅ​ហើយ យើង​មាន​អង្គ​ច្បាប់​ដែល​ចែង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន ៣​លើក​ស្រេច​មក​ហើយ ដូច​ជា​ឆ្នាំ​១៩៦២ ឆ្នាំ​២០១១ ឆ្នាំ​២០១៣ អាស្រ័យ​ហេតុ​ដូច្នេះ កាតព្វកិច្ច​ប្រទេស​ទាំង​២ គឺ​ត្រូវ​គោរព...»
ទោះ​ជា​បែប​ណា មន្ត្រី​សង្គម​ស៊ីវិល ឬ​សកម្មជន​ឃ្លាំ​មើល​កម្ពុជា បាន​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​លើក​យក​ករណី​ប្រាសាទ​ព្រះវិហារ មក​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ជំនួប​កន្លង​ទៅ​មិន​ចំណេញ​ដល់​កម្ពុជា ទេ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​ប្រទេស​ថៃ ប្រមាថ​ទៅ​វិញ​ទេ៕

No comments:

Post a Comment

yes