មហាបាតុកម្មគណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិដែលកំពុងតែប្រកាសគម្រោងបាតុកម្មជាបន្តបន្ទាប់ទៀត នៅពេលខាងមុខនេះ បានបដិសេធថា គម្រោងបាតុកម្មអហិង្សាដែលខ្លួនកំពុងរៀបចំធ្វើ គ្មានទំនាក់ទំនងអ្វីជាមួយបក្សប្រឆាំងនៅក្នុងប្រទេសថៃទេ។ ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងខ្លះអំពីភាពស្រដៀងគ្នា រវាងមហាបាតុកម្មនៅកម្ពុជា និងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃ
ភាពស្រដៀងគ្នារវាងមហាបាតុកម្មនៅក្នុងប្រទេសថៃនិងកម្ពុជា បាននាំឲ្យមជ្ឈដ្ឋានខ្លះលើកឡើងអំពីភាពពាក់ព័ន្ធគ្នារវាងគណបក្សប្រឆាំងនៃប្រទេសទាំងពីរ។ ភាពស្រដៀងគ្នាដែលគេបានលើកមកពិភាក្សាគ្នានោះមានដូចជា ការទាមទារឲ្យនាយករដ្ឋមន្ត្រីក្នុងតំណែងចុះចេញអំពីអំណាច ការបំបែកមហាបាតុកម្មពីរាជធានីទៅកាន់បណ្តាខេត្ត និងការអំពាវនាវឲ្យមហាជន សហជីព និងមន្ត្រីរាជការចូលរួមធ្វើកូដកម្មប្រឆាំងរដ្ឋាភិបាលជាដើម។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឬទ្ធិ បានបដិសេធថា គណបក្សសង្គ្រោះជាតិគ្មានទំនាក់ទំនងអ្វីជាមួយបក្សប្រឆាំង នៅក្នុងប្រទេសថៃទេ។ លោកបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា ព្រឹត្តិការណ៍នៅក្នុងប្រទេសថៃនិងកម្ពុជា ជារឿងពីរដាច់ដោយឡែកពីគ្នា ហើយបើមានរឿងស្រដៀងគ្នាខ្លះនោះ វាជារឿងចៃដន្យតែប៉ុណ្ណោះ។
បើយោងតាមលោក យ៉ែម ប៉ុញ្ញឬទ្ធិ គណបក្សសង្គ្រោះជាតិបានរៀបចំធ្វើមហាបាតុកម្ម អហិង្សាតាំងពីក្រោយការបោះឆ្នោតថ្ងៃទី ២៨ កក្កដាមកម្ល៉េះ។ គោលដៅរបស់គណបក្សប្រឆាំងគឺទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ លោកបានបញ្ជាក់ថា កុំថាឡើយដល់ទំនាក់ទំនងជាមួយបក្សប្រឆាំងថៃ សូម្បីតែការលើកយកបញ្ហាបាតុកម្មនៅក្នុងប្រទេសជិតខាងនេះមកពិភាក្សាផ្ទៃក្នុងបក្ស ក៏មិនដែលបានធ្វើដែរ។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិគ្រោងរៀបចំមហាបាតុកម្មមួយនៅឯខេត្តសៀមរាបនៅថ្ងៃទី ១០ ធ្នូដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ចាប់ពីថ្ងៃទី១៥ធ្នូតទៅ គណបក្សប្រឆាំងគ្រោងធ្វើមហាបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ នៅទីក្រុងភ្នំពេញ។ គោលដៅគឺទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
ចុងក្រោយនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ប្រសិនបើមិនអាចរកយុត្តិធម៌ជូនម្ចាស់ឆ្នោតបានទេ លោកសំណូមពរឲ្យមានការបោះឆ្នោតឡើងវិញ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោតបាន ៦៨ កៅអី ក្នុងរដ្ឋសភា កំពុងតែបន្តដឹកនាំរដ្ឋាភិបាលដោយមិនព្រមវិលមកនិយាយពីការបោះឆ្នោតឡើងវិញឡើយ។
រហូតមកទល់នឹងថ្ងៃនេះ ភាពវឹកវរនៅក្នុងប្រទេសថៃបានរីករាលដាលពីទីក្រុង រហូតដល់ទីជនបទហើយ។ ក្រុមប្រឆាំងរដ្ឋាភិបាលកំពុងចូលកាន់កាប់ក្រសួងរដ្ឋជាច្រើន។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ មហាបាតុកម្មនៅកម្ពុជា ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ និងមានការដង្ហែក្បួនខ្លះៗតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes