អ្នកភូមិបឹងកក់ម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រមាណ ១០០នាក់ ត្រូវសមត្ថកិច្ច
ចាប់ក្រៀកឡើងរថយន្តបញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ
នៅថ្ងៃ២១ ខែមេសា ឆ្នាំ២០១១
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសង្គមស៊ីវិលប្រមាណ ៤០០នាក់ បាននាំគ្នាដើរហែក្បួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ វិច្ឆិកា ដើម្បីប្រារព្ធទិវាយុទ្ធនាការបញ្ឈប់ការប្រើហិង្សាលើស្ត្រី ឬយេនឌ័រ។
ការហែក្បួននេះ ចាប់ផ្ដើមចេញដំណើរពីវត្តភ្នំ នៅពេលព្រឹក ទៅក្រសួងកិច្ចការនារី រួចត្រឡប់ទៅអគ្គស្នងការនគរបាលជាតិរាជធានីភ្នំពេញ និងឆ្ពោះទៅកាន់ក្រសួងមហាផ្ទៃ។
គោលបំណងនៃការហែក្បួននេះ គឺដើម្បីដាក់ញត្តិទាមទារឲ្យមន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ឈប់ប្រើហិង្សាលើស្ត្រីជាសាធារណៈ ក្នុងការបង្ក្រាបក្រុមអ្នកតវ៉ាដែលទាមទារសិទ្ធិសេរីភាព។
សេចក្ដីប្រកាសព័ត៌មានរួមនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ប្រកាសនៅថ្ងៃទី២៨ វិច្ឆិកា បានលើកករណីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ បង្ក្រាបក្រុមអ្នកតវ៉ាដោយឥតរើសមុខ ជាពិសេស ការបង្ក្រាបលើស្ត្រី ដោយលើកឧទាហរណ៍ ករណី អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីសហគមន៍បឹងកក់ ដែលត្រូវគេចាប់ដាក់គុកដោយអយុត្តិធម៌ ដោយសារការទាមទារសិទ្ធិដីធ្លី ការបាញ់សម្លាប់ស្ត្រីដែលគ្មានកំហុសនៅស្ទឹងមានជ័យ កន្លងមក ក្នុងការបង្ក្រាបរបស់អាជ្ញាធរលើក្រុមបាតុកររោងចក្រ និងករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់រះលើក្រុមបាតុករនៅខេត្តស្វាយរៀង ហើយមិនត្រូវបានចាប់ខ្លួនមកផ្ដន្ទាទោសជាដើម។
នាយិកានៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ណាលី ពីឡូក ត្រូវបានស្រង់សេចក្ដីប្រកាសព័ត៌មាននេះ ស្រង់សម្ដីថា៖ «អំពើហិង្សានៅទីសាធារណៈដែលនាំឲ្យមានហិង្សានៅទីតាំងឯកជន មិនអាចត្រូវបានព្រងើយកន្តើយនោះឡើយ មិនមានការភ្ញាក់ផ្អើលនោះទេ ដែលកម្ពុជា មានអត្រាខ្ពស់នៃអំពើហិង្សាលើស្ត្រី នៅពេលដែលអាជ្ញាធរខ្លួនឯងប្រើប្រាស់ហិង្សាដោយមាននិទ្ទណ្ឌភាព»។
No comments:
Post a Comment
yes